ព័ត៌មាន
ពលរដ្ឋ និងកងកម្លាំងកម្ពុជាកំពុងប្រចាំការដោយភាពអង់អាចនៅភូមិព្រៃចាន់ ខណៈហិង្សាពីភាគីថៃម្សិលមិញបណ្ដាលឱ្យរងរបួសធ្ងន់ស្រាលចំនួន៣០នាក់
ពលរដ្ឋ ព្រះសង្ឃ និងប៉ូលិសរងរបួសករណីទាហានថៃបំពានដែអធិបតេយ្យកម្ពុជានៅភូមិព្រៃចាន់កើនដល់៣០នាក់
ភ្នំពេញ៖ ប្រជាពលរដ្ឋ និងកងកម្លាំងកម្ពុជាដែលមិនប្រដាប់ដោយអាវុធ កំពុងប្រចាំការដោយភាពអង់អាចក្លាហាននៅភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ កន្លែងដែលកងកម្លាំងប្រដាប់អាវុធចម្រុះថៃ បានចូលមកបំពាន និងប្រើហិង្សាលើប្រជាពលរដ្ឋខ្មែរ បណ្តាលឲ្យមានរងរបួស ៣០ អង្គ/នាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមឯកឧត្តម នេត្រ ភត្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន។
យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះបានឱ្យដឹងថា ពលរដ្ឋ ព្រះសង្ឃ និងកងកម្លាំងកម្ពុជា ដែលរងរបួសដោយសារការរំលោភបំពានរបស់ទាហានថៃនៅភូមិព្រៃចាន់ពីម្សិលមិញនេះសរុបមានចំនួន ៣០ អង្គ/នាក់ អំឡុងពេលដែល យោធាថៃបានបំពានមកលើកម្ពុជាដោយ «ទាហានថៃបានអនុវត្តច្បាប់ថៃនៅលើទឹកដីខ្មែរ» ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ប្រើចំពាមកៅស៊ូ ប្រើឧបករណ៍សំឡេងរំខានធ្វើឱ្យប៉ះពាល់ដល់ក្រដាស់ត្រចៀកជាដើម។
បច្ចុប្បន្ន ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ កំពុងព្យាបាលយ៉ាងយកចិត្តទុកដាក់ជាពិសេសចំពោះអ្នកជំងឺ ដែលរងគ្រោះដោយគ្រាប់បែកផ្សែង បង្កឡើងដោយទាហានថៃ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
សូមរម្លឹកថា ការប៉ះទង្គិចកាលពីថ្ងៃទី១៧ ខែកញ្ញា ម្សិលមិញនេះ ដោយទាហានថៃបានបាញ់គ្រាប់ជ័រ គ្រាប់ឃ្លី ផ្សែងពុល និងឧបករណ៍បញ្ចេញសម្លេងខ្លាំង ដែលបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជារួមទាំងព្រះសង្ឃ ចំនួន ៣០អង្គ/នាក់ បានរងរបួសធ្ងន់ស្រាល។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាចាត់ទុក ទង្វើរបស់កងកម្លាំងចម្រុះរបស់ភាគីថៃ គឺជាការរំលោភ បំពានយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃបទឈប់បាញ់ និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា នៅក្នុងកិច្ចប្រជុំGBC និងRBCទាំងអស់កន្លងមក។ ជាងនេះទៅទៀត ការយកច្បាប់អាជ្ញាសឹក និងច្បាប់ក្នុងស្រុករបស់ថៃមកអនុវត្តក្នុងដែនអធិបតេយ្យរបស់កម្ពុជា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យកម្ពុជា និងច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ និងគោលការណ៍ច្បាប់ដែលទទួលស្គាល់ជាសកលដទៃទៀត។
ក្រសួងការពារជាតិ កម្ពុជា សូមបញ្ជាក់ថា នៅចំពោះមុខទង្វើហិង្សា និងខុសច្បាប់របស់ភាគីថៃ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី និងបងប្អូនប្រជាពលរដ្ឋដទៃទៀតបានរួមគ្នាតវ៉ា និងឆ្លើយតបដោយសន្តិវិធី ដែលសកម្មភាពទាំងនេះស្តែងចេញពីការព្រួយបារម្ភរបស់ពួកគាត់ ចំពោះផលប៉ះពាល់ និងការគំរាមកំហែងនៃការរាយលួសបន្លា និងការប្រើប្រាស់កម្លាំងដោយឯកតោភាគីរបស់កងទ័ពថៃមកលើ ដែនអធិបតេយ្យរបស់កម្ពុជា ព្រមទាំងទ្រព្យសម្បតិ្តស្របច្បាប់ដែលពួកគាត់បានគ្រប់គ្រង និងអាស្រ័យផល ជាច្រើនឆ្នាំមកហើយ៕





-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន3 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 day agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦