Connect with us

ព័ត៌មាន

មន្ទីរពេទ្យព្រះអង្គឌួង នាំយកបរិក្ខារចក្ខុរោគពីមូលនិធិហ្វ្រេដហូឡូ ចែក​ជូន​មន្ទីរ​ពេទ្យ​បង្អែក​ចំនួន​៦

នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង ទីប្រឹក្សាក្រ​សួង​សុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង និងលោក បាក់ តូក្យូ នាយកប្រចាំតំបន់អាស៊ាន នៃ​មូល​និធិហ្វ្រេដហូឡូ (The Fred Hollows Foundation) បានអញ្ជើញ​ចុះប្រគល់​សម្ភា​រៈ​បរិក្ខារ​ចក្ខុរោគ ដែលជាជំនួយឧបត្ថម្ភរបស់មូលនិធិហ្វ្រេដហូឡូ សម្រាប់គាំទ្រដល់​ការ​អនុវត្ត​គម្រោង​ថែទាំសុខភាពភ្នែក នៅតាមមូលដ្ឋាន។

 

ឯកឧត្តមសាស្រ្តាចារ្យ រង លូ លីឃាង បានថ្លែងថា សម្ភារៈបរិក្ខារចក្ខុរោគទាំងនេះ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុក-ខេត្តចំនួន ៦ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពត ខេត្តកែប និងខេត្តតាកែវ ដែលរួមមាន៖ ១.មន្ទីរពេទ្យបង្អែកឈូក (ខេត្តកំពត) ២.មន្ទីរពេទ្យបង្អែកកំពង់ត្រាច (ខេត្តកំពត) ៣.មន្ទីរពេទ្យខេត្តកែប (ខេត្តកែប) ៤.មន្ទីរពេទ្យបង្អែកអង្គរកា (ខេត្តតាកែវ) ៥.មន្ទីរពេទ្យបង្អែកកោះអណ្តែត (ខេត្តតាកែវ) និង៦.មន្ទីរពេទ្យបង្អែកគិរីវង់ (ខេត្តតាកែវ)។ ការផ្តល់ជូនសម្ភារៈបរិក្ខារទាំងនេះ មានគោលបំណងលើកកម្ពស់គុណភាពសេវាពិនិត្យ និងព្យាបាល​ជំងឺភ្នែកនៅតាមមន្ទីរពេទ្យបង្អែកក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាថែទាំសុខភាពភ្នែកដោយផ្ទាល់នៅជិតលំនៅឋាន។

ចំណែកលោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយិការង មន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា សម្ភារៈបរិក្ខារដែលយកមកចែកជូននាពេលនេះរួមមាន៖ ឧបករណ៍ពិនិត្យភ្នែក ឧបករណ៍ថតបាតភ្នែក ឧបករណ៍វាស់សម្ពាធភ្នែក ឧបករណ៍ពិនិត្យគំហើញ និងពិនិត្យពីផ្នែកខាងមុខ រហូតដល់ខាងក្រោយនៃភ្នែក ព្រមទាំងឧបករណ៍លាងថង់ទឹកភ្នែក និងឧបករណ៍សម្រាប់ការវះកាត់តូចមួយចំនួនផងដែរ។

ជាមួយគ្នានោះដែរ លោក បាក់ តូក្យូ បានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យព្រះអង្គឌួង ដែលមានសម្ព័ន្ធមេត្រីភាពជាមួយខេត្តទាំង៣ គឺខេត្តកំពត កែប និងតាកែវ ក្នុងការគាំទ្រដល់មន្ទីរពេទ្យខេត្ត ក៏ដូចជាមន្ទីរពេទ្យបង្អែកថ្នាក់ស្រុក រហូតដល់មូលដ្ឋាន។

ទន្ទឹមគ្នានេះដែរ លោកជំទាវ យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត ឯកឧត្តម ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកែប និងលោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត  តាកែវ​ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមសាស្រ្តាចារ្យរង លូ លីឃាង និងលោក បាក់ តូក្យូ ។ ជំនួយសម្ភារៈបរិក្ខារទាំងនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពផ្តល់សេវាពិនិត្យ និងពិគ្រោះជំងឺភ្នែក ព្រមទាំងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពភ្នែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយ។

ឆ្លៀតក្នុងឱកាសនោះ បន្ទាប់ពីពិធីប្រគល់-ទទួលរួចមក ឯកឧត្តមសាស្ត្រាចារ្យ នាយកមន្ទីរពេទ្យព្រះអង្គឌួង ក៏បានអញ្ជើញចុះពិនិត្យទីតាំង និងវឌ្ឍនភាពនៃការផ្ដល់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកទាំងនោះផងដែរ ដើម្បីផ្តល់ជាយោបល់បន្ថែម ឬជួយឧបត្ថម្ភសម្ភារៈបរិក្ខារផ្សេងៗតាមការចាំបាច់ សំដៅជំរុញការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត និងទទួលបានទំនុកចិត្តខ្ពស់ពីពួកគាត់៕ អត្ថបទ រដ្ឋា

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia