ព័ត៌មាន
ចំពោះមុខកិច្ចប្រជុំពេញអង្គ AIPA សម្តេចប្រធានរដ្ឋសភាថ្លែថា សូមកុំប្រើ «ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក» រំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ
ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី សម្តេចប្រធានរដ្ឋសភាបានអំពាវទាវឱ្យបញ្ឈប់ការប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀត។
សម្តេចប្រធានរដ្ឋសភាជម្រាប មហាសន្និបាតអាយប៉ាថា កាលពីម្សិលមិញ គឺនៅថ្ងៃទី១៧ ខែកញ្ញានេះ កងកម្លាំងយោធាថៃបានប្រើប្រាស់កម្លាំងមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា ដែលបណ្តាលឱ្យមានអ្នករងរបួសជាង២០នាក់។ ថៃត្រូវតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងជនស៊ីវិល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជនកម្ពុជាជាបន្តទៅទៀត។ សម្តេចបានគូសបញ្ជាក់ថា ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ទាមទារឱ្យមានការខិតខំប្រឹងប្រែងពីភាគីទាំងពីរ ដោយមានសុច្ឆន្ទៈ និងភាពស្មោះត្រង់ពិតប្រាកដ។ ភាគីដែលរំលោភបំពានលើបទឈប់បាញ់ ត្រូវតែទទួលការថ្កោលទោស ឬការដាក់ទណ្ឌកម្មជាដាច់ខាត។
នៅក្នុងកិច្ចប្រជុំដែលមានថ្នាក់ដឹកនាំសភាគណៈប្រតិភូសភាអាស៊ានចូលរួម ជាមួយសភាប្រទេសសង្កេតការណ៍ និងដៃគូរអភិវឌ្ឍន៍អាយប៉ា ជាច្រើនចូលរួម ប្រមាណជា៩០០នាក់ សម្តេចបានជម្រាបកិច្ចប្រជុំថា កិច្ចព្រមព្រៀងបទឈប់បាញ់នេះ នៅមានភាពផុយស្រួយខ្លាំងនៅឡើយ ខណៈសកម្មភាពរំលោភបំពានពីភាគីថៃនៅតែបន្តកើតមានជាបន្តបន្ទាប់ រួមមាន ការបន្តឃុំខ្លួនទាហានកម្ពុជា ១៨នាក់ ដោយខុសច្បាប់ ធ្វើជាចំណាប់ខ្មាំង ប៉ុន្មានម៉ោងក្រោយបទឈប់បាញ់បានចូលជាធរមាន និងករណីរាយលួសបន្លាខុសច្បាប់ និងសកម្មភាពនានាដែលរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងបានរំលោភបំពានម្តងហើយម្តងទៀតមកលើដែនអធិបតេយ្យកម្ពុជា។
សម្តេចបានអំពាវនាវ ដល់សហគមន៍អន្តរជាតិ ជួយបន្តតាមដានជាប្រចាំនូវការវិវត្ត នៃការអនុវត្តបទឈប់បាញ់ និងធ្វើការវាយតម្លៃដោយខ្លួនឯង ផ្អែកលើតថភាពជាក់ស្តែង។ ក្នុងន័យនេះ យើងចាំបាច់ត្រូវមានបេសកកម្មស្វែងរកការពិតជាអន្តរជាតិ និងជាបន្ទាន់។ “ខ្ញុំពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការបន្តរំលោភបំពានលើបទឈប់បាញ់ នឹងបណ្តាលឱ្យបាត់បង់ទំនុកចិត្តផ្នែកនយោបាយ និងការផ្ទុះឡើងវិញនៃជម្លោះប្រដាប់អាវុធ ដែលនឹងបង្កផលវិបាកដល់ប្រជាជាតិទាំងពីរ”។
ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវ បញ្ឈប់ការប្រើប្រាស់កម្លាំងយោធា ដើម្បីបោះបង្គោលព្រំដែនជាឯកតោភាគី ហើយទុកភារកិច្ចស្របច្បាប់ឱ្យគណៈកម្មការព្រំដែនចម្រុះ(JBC) បន្តការងាររបស់ខ្លួន តាមមធ្យោបាយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ។ សម្តេចបានបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ធ្លាប់បានសម្រេចសេចក្តីលើករណីប្រាសាទព្រះវិហារ ក្នុងឆ្នាំ១៩៦២ និងតំបន់ជុំវិញប្រាសាទក្នុងឆ្នាំ២០១៣ ដែលជាមូលដ្ឋានគតិយុត្តដ៏សំខាន់សម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី ជាពិសេសពាក់ព័ន្ធនឹងតំបន់ដែលមិនទាន់មានការឯកភាពគ្នា៕
-
ព័ត៌មាន2 days agoក្រុមគ្រូពេទ្យខេត្តកោះកុង ចុះបេសកម្មពិនិត្យព្យាបាលជំងឺទូទៅ អប់រំសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋនៅឃុំថ្មដូនពៅ
-
ព័ត៌មាន6 days agoគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធវីរបុរសជាតិ និងយុទ្ធជនពលីដើម្បីបុព្វហេតុជាតិ របស់ប្រទេសអាស៊ែបៃហ្សង់
-
ព័ត៌មាន4 days agoឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារខនដូរ១កន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
-
ព័ត៌មាន4 days agoឯកឧត្តម សាយ សំអាល់៖ ការរស់នៅបានសុខក្នុងសន្តិភាព ធ្វើឲ្យជាតិសាសន៍នានានៅកម្ពុជារួមគ្នាប្រឆាំងសង្គ្រាម
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនទ្រព្យចំនួន ៦ ប្រភេទរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ ក្នុងពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ សិស្សបានរៀនជាលក្ខណៈប្រមូលផ្តុំ នៅសាលារៀន និងនៅជំរំ ខណៈបន្ទាប់ពីសង្គ្រាមស្ងប់ស្ងាត់សាលារៀនមួយចំនួន បានបើកដំណើរការឡើងវិញ
-
ព័ត៌មាន4 days agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភានិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីស នៅប្រទេសបារំាង
-
ព័ត៌មាន1 week agoសមាគមពលរដ្ឋខ្មែរទាំង៦ នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ចេញញត្តិគាំទ្រ សម្តេចធិបតី សម្រេចបាន កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ