ព័ត៌មាន
ឯកអគ្គរដ្ឋទូតបារាំងថ្មី ប្ដេជ្ញាជំរុញការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី បារាំង-កម្ពុជា ឱ្យកាន់តែរឹងមាំ
នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា បារាំង និងកម្ពុជាគឺជាដៃគូដ៏យូរអង្វែង ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ និង ប្រកបដោយភាពរឹងមាំ។ ជាមួយគ្នានេះ, ឯកឧត្តមបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការ ទ្វេភាគី ឱ្យកាន់តែខ្លាំងក្លា, រីកចម្រើន និង រឹងមាំថែមទៀត។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម Olivier RICHARD ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា។ សម្ដេចបវរធិបតីបានបង្ហាញជំនឿជឿជាក់ថា បេសកកម្មការទូតរបស់ឯកឧត្តមនឹងក្លាយជាកម្លាំងចលករបន្ថែមទៀតក្នុងការរឹតចំណង និងពង្រឹងទំនាក់ទំនង និងមិត្តភាព ព្រមទាំង កិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌនៃទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល, ប្រជាជន និងប្រជាជន រួមទាំងវិស័យឯកជន និង វិស័យ ឯកជន ។ សម្ដេចបវរធិបតីបានបន្ថែមថា វឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-បារាំង ជាកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើន និងបានបើកឱកាសបន្ថែមជាច្រើនទៀត សម្រាប់ប្រទេសទាំងពីរ។

សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សា និងឯកភាពគ្នាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗរួមមានជាអាទិ៍៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ, អប់រំ, សុខាភិបាល, ថាមពល, វប្បធម៌ និងបរិស្ថាន៕
ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់ប្រធានាធិបតីបារាំង ឯកឧត្តម Emmanuel Macron ដែលបានគាំទ្រដល់បទឈប់បាញ់កន្លងមក និងបានជម្រាបជូនឯកឧត្តមអគ្គរដ្ឋទូតអំពីបច្ចុប្បន្នភាពស្តីពីការវិវឌ្ឍនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា សទ្ធិសញ្ញា ដែលមានស្រាប់ និងច្បាប់អន្តរជាតិ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្ដេចបវរធិបតីថា ឯកឧត្តមបានចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែន និងបានបន្តតាមដាន និងរាយការណ៍អំពីស្ថានភាពនេះជូនថ្នាក់ដឹកនាំបារាំង ជាប្រចាំ៕

-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន3 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ