កីឡា
មុនជួប Nam Dinh គ្រូព្រះខ័នរាជថា នឹងល្អមើល ដោយសារក្រុមទាំងពីរ មានកីឡាករល្អៗដូចគ្នា
ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងបន្ដជួបក្រុមម្ចាស់ផ្ទះ Nam Dinh របស់វៀតណាម នាវេលាម៉ោង ៧៖៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅកីឡដ្ឋាន Thien Truong ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក Mattew Mcconkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីតតាំងជាមួយក្រុមខ្លាំងរបស់វៀតណាម ដោយលោករំពឹងនឹងក្លាយជាការប្រកួតដ៏ល្អមើល ដ្បិតក្រុមទាំងពីរ សុទ្ធតែមានកីឡាករល្អៗដូចគ្នា។
លោកបន្ដថា រវាងការលេងពានអន្ដរជាតិ និងពានក្នុងស្រុក គឺមានភាពខុសគ្នាសម្រាប់ក្រុម Nam Dinh ដែលមានការផ្លាស់ប្ដូរកីឡាករមួយចំនួន ហើយកីឡាករវៀតណាមទៀតសោត ក៏មានកម្រិតល្អ មើលទៅខ្លាំង និងមានចលនាលឿន ជាក់ស្ដែងប៉ុន្មានប្រកួតចុងក្រោយ ពួកគេពិតជាធ្វើបានល្អ ដោយកាយសម្បទាកីឡាករដ៏ល្អរបស់ពួកគេ ហើយអ្វីដែលត្រូវប្រុងប្រយ័ត្នក្នុងការប្រកួត គឺបាល់ Set-Piece ។
យ៉ាងណាមិញផ្អែកលើបទពិសោធន៍លេងពានរង្វាន់អន្ដរជាតិកន្លងមក ទោះបីកូនក្រុមខ្លះ មានកាយសម្បទាមិនសូវល្អ តែលោកជឿជាក់លើការខំប្រឹង និងការព្យាយាមគ្រប់យ៉ាង សម្រាប់ការប្រកួតដ៏សំខាន់ទល់នឹងក្រុម Nam Dinh នៅរាត្រីថ្ងៃព្រហស្បត្ដិ៍នេះ ។ បន្ថែមលើនេះ លោកក៏បានកោតសរសើរកូនក្រុមរបស់ខ្លួន ដែលបានខំប្រឹង និងធ្វើបានល្អនាប៉ុន្មានប្រកួតចុងក្រោយ ពិសេសកីឡាករចំនួន Kwame និង Patrick តែម្ដង។
ទន្ទឹមជាមួយគ្នាកីឡាករ មិន រតនៈ បានលើកឡើងថា ក្រុមបានត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួតជាមួយក្រុម Nam Dinh ។ រតនៈ ទទួលស្គាល់ក្រុមរបស់វៀតណាមនីមួយៗ សុទ្ធតែមានគុណភាពល្អ តែគោលដៅរបស់ព្រះខ័នរាជស្វាយរៀង គឺយកឈ្នះពួកគេ ដើម្បីទទួលបាន ៣ពិន្ទុត្រឡប់ទៅផ្ទះវិញ ។ ដូច្នេះរូបគេជឿជាក់លើក្រុមទាំងមូល នឹងអាចធ្វើបានល្អក្នុងការប្រកួតដ៏សំខាន់នេះ តាមការរៀបចំរបស់គ្រូបង្វឹក ដោយមិនផ្ដោតអ្វីផ្សេងនោះទេ។
ដោយឡែកទៅចាប់អារម្មណ៍សម្ដីគ្រូបង្វឹកក្រុមម្ចាស់ផ្ទះ Nam Dinh លោក Vu Hong Viet វិញ បានគូសបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង គឺជាក្រុមដ៏ល្អមួយ ដែលមានកីឡាករបរទេសមានគុណភាពជាច្រើន ពិសេសខ្សែប្រយុទ្ធ។ ដូច្នេះច្បាស់ណាស់វាមិនមែនជាការប្រកួតងាយស្រួលឡើយ។ យ៉ាងណាមិញក្រុមបានត្រៀមខ្លួនជាស្រេច ដើម្បីសម្រេចគោលដៅដណ្ដើមយក ៣ពិន្ទុពីការប្រកួតបើកឆាកជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់លើទឹកដីរបស់ខ្លួននេះ។
គួរដឹងថា នេះគឺជាការប្រកួតទី២ ក្នុងពូលB នៃយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់ពីប្រកួតទី១ បានយកឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា ៣-០ កាលពីចុងខែសីហាកន្លងទៅ។ បន្ទាប់ពីជួបក្រុម Nam Dinh របស់វៀតណាម នាថ្ងៃទី២៥ ខែកញ្ញា ក្រុមជើងឯកលីគកំពូលកម្ពុជា នឹងត្រូវទទួលធ្វើម្ចាស់ផ្ទះ ២ប្រកួតជាប់គ្នា ដោយត្រូវជួបក្រុមជើងឯកលីគកំពូលម៉ាឡេស៊ី Johor Darul Ta’zim FC នាថ្ងៃទី៤ ខែធ្នូ និងជួបក្រុមថៃ Bangkok United នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មុនជំនួបបញ្ចប់ពូលB ជាមួយក្រុមម្ចាស់ផ្ទះ Lion City Sailors FC របស់សិង្ហបុរី នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា