ព័ត៌មាន
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ៖ អាកាសយដ្ឋានអន្តរជាតិតេជោ មានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង១០គីឡូម៉ែត្រ តភ្ជាប់ទៅទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ
ភ្នំពេញ៖ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នៅព្រឹកថ្ងៃទី២០ ខែតុលានេះឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) មាន ផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង 10 គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគសរុបចំនួន 100 លានដុល្លារអាមេរិក សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលោងក្បែរ ដែលនៅប៉ែកខាងត្បូងនៃ TIA ទៅភ្ជាប់នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ។
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់រួមមានបីដំណាក់កាល ដោយដំណាក់កាលទី១ មានសមត្ថភាពអាចទទួលអ្នកដំណើរបាន ១៣ លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី២ អាចទទួលអ្នកដំណើរបាន ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបាន៥០លាននាក់ក្នុងមួយឆ្នាំ។
លោកអ្នកឧកញ៉ាបណ្ឌិត បានឱ្យដឹងថា គោលដៅរួមរបស់ក្រុមហ៊ុន CAIC និងប្រតិបត្តិករអាកាសយានដ្ឋាន Société Concessionnaire de l’Aéroport (SCA) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ VINCI Airports គឺធ្វើយ៉ាងណាបង្កើនចំនួនអ្នកដំណើរនៅ TIA ពី 5.3 លាននាក់ ក្នុងឆ្នាំ2025 ដល់ 10 លាននាក់ នៅឆ្នាំ2030។ គោលដៅមួយនេះ អាចសម្រេចទៅបានដោយការបង្កើនសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ និងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ បន្ថែមទៀត ក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA)។
លោកអ្នកឧកញ៉ាបណ្ឌិតបញ្ជាក់ថា៖«យើងកំពុងសាងសង់ស្ថានីយ៍ឃ្លាំងទំនិញ (Cargo Terminal) ទី2 និងចំណតយន្តហោះ Cargo បន្ថែម ដោយចំណាយទុនវិនិយោគចំនួន 50លានដុល្លារអាមេរិក ដែលមានទំហំឃ្លាំងសរុប 40,000 ម៉ែត្រការ៉េ។ ការវិនិយោគបន្ថែមនេះ គឺយោងទៅតាមកំណើនទំនិញ Cargo និងដើម្បីត្រៀមឲ្យ TIA ជាមជ្ឈមណ្ឌលដឹកជញ្ជូន (Logistic Hub) និងការផ្ទេរមធ្យោបាយដឹកជញ្ជូន (Transhipment)»។
លោកអ្នកឧកញ៉ាបណ្ឌិត បន្តថា ក្រុមហ៊ុន CAIC ក៏បានសហការជាមួយក្រុមហ៊ុន SIA Engineering Company (ពី Singapore Airlines) បង្កើតក្រុមហ៊ុនឈ្មោះ TIA Engineering Services Company Limited ដើម្បីផ្តល់សេវាថែទាំដល់ក្រុមហ៊ុនអាកាសចរណ៍នៅ TIA។ ផែនការនាពេលអនាគតគឺ យើងនឹងសាងសង់ស្ថានីយ៍សម្រាប់សេវាថែទាំ និងជួសជុលយន្តហោះនៅ TIA ដោយសារតែរាជធានីភ្នំពេញ ជាទីតាំងកណ្តាល ដែលមានសក្តានុពលផ្តល់សេវាកម្មនេះ នៅក្នុងតំបន់អាស៊ាន និងអាស៊ី។
លោកអ្នកឧកញ៉ាបណ្ឌិតបញ្ជាក់ថា៖«យើងមានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង 10 គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគសរុបចំនួន 100លានដុល្លារអាមេរិក សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលោងក្បែរ ដែលនៅប៉ែកខាងត្បូងនៃ TIA ទៅភ្ជាប់នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ រហូតដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជាយើង ដើម្បីឲ្យតំបន់ TIA ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក»។
បើតាម លោកអ្នកឧកញ៉ាបណ្ឌិត ក្រុមហ៊ុន OCIC ក៏បានចាប់ផ្តើមអភិវឌ្ឍទីក្រុងរណបអាកាសយានដ្ឋាន រួមមានការសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់បុគ្គលិករាប់ពាន់នាក់នៅ TIA និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្នុងទីក្រុងរណបអាកាសយានដ្ឋាននេះ។ ទីក្រុងរណបអាកាសយានដ្ឋាន មានផែនការរួម (Master Plan) សម្រាប់អភិវឌ្ឍលំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលពិពណ៌អន្តរជាតិ រោងចក្រ និងឃ្លាំង រួមមានតំបន់សេដ្ឋកិច្ចពិសេស (SEZ) ក្នុងការលើកកម្ពស់ការផលិត និងការនាំចេញទំនិញតាមរយៈ TIA។ ក្រុមហ៊ុន OCIC ក៏បានសាងសង់ឧទ្យានវប្បធម៌នៅ TIA ដើម្បីផ្សព្វផ្សាយដល់ភ្ញៀវក្នុងស្រុក និងអន្តរជាតិ ឲ្យយល់ដឹងពីវប្បធម៌ខ្មែរផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដែលបានទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ និងសាងសង់អាកាសយានដ្ឋានអន្តរជាតិ ដែលបច្ចុប្បន្នមានឈ្មោះជាផ្លូវការថា អាកាសយានដ្ឋានអន្តរជាតិតេជោ Techo International Airport (TIA) ដែលប្រសិទ្ធនាមដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ការវិនិយោគសាងសង់ TIA (ដំណាក់កាលទី 1) មានចំនួន 2,300លានដុល្លារអាមេរិក ដោយរួមបញ្ចូលចំណាយសាងសង់ស្ថានីយ៍អ្នកដំណើរ ស្ថានីយ៍អ្នកដំណើរពិសេស (VVIP Terminal) ទីលានចុះចតយន្តហោះ អគារ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ប្រតិបត្តិការអាកាសយានដ្ឋាន រួមមានផ្លូវ ស្ពានអាកាស ឃ្លាំងទំនិញ ចំណាយហិរញ្ញប្បទាន និងចំណាយសម្រាប់ការផ្ទេរប្រតិបត្តិការពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មក TIA៕








-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ