ព័ត៌មាន
អនុប្រធានទី១ព្រឹទ្ធសភាថ្លែងប្រាប់មហាសន្និបាត IPU នៅហ្សឺណែវ អំពីទុក្ខវេទនាយ៉ាងខ្លាំងកាលពីអតីតកាល និងការពារសុខសន្តិភាពរបស់កម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី១៥១ នៃសហភាពអន្តរសភា(IPU) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ក្រោមមូលបទ «ការលើកកម្ពស់បទដ្ឋានមនុស្សធម៌ និងការគាំទ្រសកម្មភាពមនុស្សធម៌ក្នុងពេលមានវិបត្តិ»។
ឯកឧត្តម អ៊ុច បូររិទ្ធ បានអំពាវនាវឱ្យមានការគោរពបទដ្ឋានមនុស្សធម៌សកល ដោយបញ្ជាក់ថា «រង្វាស់ពិតប្រាកដនៃប្រជាជាតិមួយ… គឺស្ថិតនៅលើការគោរពអនុសញ្ញាទីក្រុងហ្សឺណែវ និងសេចក្តីថ្លៃថ្នូររបស់មនុស្សខណៈដែលកំពុងរងការរំលោភបំពាន»។
ឯកឧត្តមអនុប្រធានទី១ បានគូសបញ្ជាក់ថា កម្ពុជាជាប្រជាជាតិដែល “បានរងទុក្ខវេទនាយ៉ាងខ្លាំងកាលពីអតីតកាល” ហើយ “ស្រឡាញ់ និងការពារសុខសន្តិភាព” ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ។ កម្ពុជា “គ្មានបំណងចង់មានទំនាស់ជាមួយប្រទេសណាមួយឡើយ ជាពិសេសថៃ” ប៉ុន្តែ “ដើម្បីការពិត យើងខ្ញុំមានភាពចាំបាច់ត្រូវធ្វើការឆ្លើយតប” ។
ឯកឧត្តមអនុប្រធានទី១ បានបញ្ជាក់យ៉ាងច្បាស់ថា ព្រំដែនរវាងប្រទេសទាំងពីរ “មិនមែនមិនទាន់បានកំណត់នោះទេ” តែមានមូលដ្ឋានក្នុង “លិខិតុបករណ៍អន្តរជាតិដែលចងកាតព្វកិច្ចអនុវត្ត” រួមទាំងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, សន្ធិសញ្ញា ឆ្នាំ១៩០៧ និងផែនទីឧបសម្ព័ន្ធ ដែលត្រូវបានបញ្ជាក់អះអាងឡើងវិញដោយសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ជម្លោះកើតឡើង “កើតចេញពីការមិនគោរពលិខិតុបករណ៍ច្បាប់ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិទាំងនេះ” ។
ឯកឧត្តមបានសម្តែងក្តីព្រួយបារម្ភ ខណៈសន្តិភាពនៅតាមបណ្តោយព្រំដែននៅតែ “មានភាពផុយស្រួយ”។ ប្រជាពលរដ្ឋកម្ពុជានៅតែប្រឈមមុខនឹងការជម្លៀសចេញពីទីលំនៅ ការហ៊ុមព័ទ្ធ និងការគំរាមកំហែងបណ្តេញចេញ ហើយទាហានកម្ពុជា ១៨ នាក់ នៅតែបន្តឃុំខ្លួនដោយខុសច្បាប់ ដែលរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៣ ។ ឯកឧត្តមបានលើកឡើងអំពី “ការបំភិតបំភ័យផ្លូវចិត្ត” ដូចជា “ការចាក់បន្លឺសំឡេងខ្មោច និងសំឡេងស្រែកត្រហូរយំនៅពេលយប់” ថាជា “ការវាយប្រហារលើសេចក្តីថ្លៃថ្នូររបស់មនុស្ស” ដែលរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៤ ។
ក្នុងការឆ្លើយតបទៅនឹងការចោទប្រកាន់នានា ឯកឧត្តម អនុប្រធានទី១ បានច្រានចោលការអះអាងអំពី “ការធ្វើយោធូបនីយកម្ម” តំបន់បេតិកភណ្ឌពិភពលោក ថា “គ្មានមូលដ្ឋានទាល់តែសោះ” ដោយបញ្ជាក់ថា កម្ពុជាការពារប្រាសាទព្រះវិហារ “មិនមែនតាមរយៈការប្រើអាវុធនោះទេ ប៉ុន្តែតាមរយៈភាពជាបេតិកភណ្ឌ ច្បាប់ និងការអត់ធ្មត់” “ ប្រាសាទមិនមែនគ្រាន់តែជាកេរ៍តំណែលពីអតីតកាលប៉ុណ្ណោះទេ តែវាបង្កប់នូវការចងចាំ អត្តសញ្ញាណ និងដួងព្រលឹងនៃប្រជាជាតិ។ ការធ្វើឱ្យប៉ះពាល់ដល់បេតិកភណ្ឌទាំងនេះ គឺធ្វើឱ្យរបួសដល់មនុស្សជាតិទាំងមូល”។ ឯកឧត្តមបានបន្ថែមថា ”ឥរិយាបថរបស់យើងត្រូវបានដឹកនាំដោយគោលការណ៍ មិនមែនដោយការឃោសនាឡើយ។ យើងដឹកនាំដោយច្បាប់ មិនមែនដោយមហិច្ឆតា នោះទេ” ។ ឯកឧត្តម ក៏បានហៅការចោទប្រកាន់ពីការដាក់គ្រាប់មីនថ្មីថា “ទាំងគ្មានមូលដ្ឋាន និងទាំងមិនអាចកើតឡើង” ដោយគូសបញ្ជាក់ពីកំណត់ត្រារបស់កម្ពុជាដែលបាន “បំផ្លាញគ្រាប់មីនជាងបីលានគ្រាប់” និងជា “អ្នកតស៊ូមតិនាំមុខគេក្នុងការដោះមីន ក្រោមអនុសញ្ញាអូតាវ៉ា” ។
ឯកឧត្តមអនុប្រធានទី១ បានអះអាងនូវជំហរ “ឥតងាករេ” របស់កម្ពុជា ដែលជឿជាក់ថា “ជម្លោះត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ” ។ “ការពិត និងតម្លាភាព” គឺចាំបាច់ដើម្បីស្តារទំនុកចិត្ត។ ឯកឧត្តមបានបញ្ចប់ដោយសារយ៉ាងច្បាស់លាស់ថា “បទដ្ឋានមនុស្សធម៌ មិនអាចចរចាបានទេ។ សកម្មភាពមនុស្សធម៌ មិនត្រូវរងការរារាំងជាដាច់ខាត ហើយការពិតត្រូវតែឈ្នះលើព័ត៌មានមិនពិត”៕



-
PR NEWS4 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន5 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន6 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន5 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង