ព័ត៌មាន
ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមធ្វើជំរឿនមន្ត្រីដំបូងគេ ខណៈដំណើរការជំរឿននឹងអនុវត្តទៅតាមក្រសួង-ស្ថាប័នទាំង ៣១ ជាបន្តបន្ទាប់
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ) ដែលមានសម្តេចធិបតីជាប្រធាន បានបោះជំហានមួយដ៏សំខាន់ទៀតក្នុងការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីបំពេញភារកិច្ចជាក់ស្តែងនៅទូទាំងប្រទេស។ ការងារជំរឿនបានអនុវត្ត៣ដងហើយ ក្នុងឆ្នាំ ១៩៩៥ ១៩៩៩ដល់២០០១ និងឆ្នាំ២០១០។ លើកនេះ ជាលើកទី៤ដែលយើងនឹងអនុវត្តជំរឿនមន្ត្រី ហើយបានប្រកាសបើកយុទ្ធនាការផ្លូវការដោយមានការចូលរួមពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ជំរឿនក្រសួង-ស្ថាប័ន, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សម្រាប់អង្គភាពសុខាភិបាលមូលដ្ឋាន។
ដំណើរការជំរឿន នឹងអនុវត្តទៅតាម៖
– ក្រសួង-ស្ថាប័ន ទាំង ៣១ ចាប់ផ្តើមដោយក្រសួងមុខងារសាធារណៈ
– គ្រឹះស្ថានសិក្សាសាធារណៈ ចាប់ផ្តើមនៅរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដូនពេញ
– អង្គភាពសុខាភិបាលមូលដ្ឋាន ចាប់ផ្តើមនៅរាជធានីភ្នំពេញ ក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ(OD) ចតុមុខ។
ជាការរំពឹងទុកពីការធ្វើជំរឿន៖
១. ទិន្នន័យដែល ច្បាស់លាស់ ឯកភាពគ្នា ប្រើប្រាស់រួមគ្នាតែមួយ
២. ទិន្នន័យដែលច្បាស់ នឹងផ្តល់ជាមូលដ្ឋាន ក្នុងការគ្រប់គ្រងស្ថានភាពមន្ត្រីឱ្យរឹតតែច្បាស់លាស់ ការរៀបចំផែនការមន្រ្តី ការជ្រើសរើសបំពេញឱ្យចំនៅកន្លែងខ្វះខាតពិតប្រាកដ ផែនការអភិវឌ្ឍន៍សមត្ថភាពមន្ត្រី និងការពង្រាយមន្ត្រី។
៣. ទិន្នន័យដែលចេញពីការធ្វើជំរឿននឹងបញ្ចូលក្នុងប្រព័ន្ធបច្ចេកវិទ្យាឬ data base ដែលនឹងផ្តល់នូវភាពងាយស្រួលជាច្រើនដល់ការអនុវត្តការងាររួមមាន ការប្រែប្រួលស្ថានភាពមន្រ្តី ការបើកបៀវត្ស ការឡើងឋានន្តរសក្តិ និងអត្ថប្រយោជន៍សហព័ទ្ធជាដើម។
៤. ការគ្រប់គ្រងបាននូវស្ថានភាពជាក់ស្តែងនៃរចនាសម្ព័ន្ធ និងចំនួនមន្ត្រីបំពេញការងារជាក់លាក់តាមអង្គភាពនីមួយៗ នឹងអនុញ្ញាតឲ្យមានការពង្រឹងប្រសិទ្ធភាពស្ថាប័ន ឱ្យឆ្លើយតបនឹងការងារជាក់ស្តែង ដែលនឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ចូលរួម ក្នុងការបង្កើនប្រសិទ្ធភាពនៃការចំណាយថវិកាជាតិផងដែរ។
ការធ្វើជំរឿន ក៏ជាការអនុវត្ត «ការរៀបចំផ្ទះ ឱ្យបានរៀបរយ» ដែលជាអភិក្រមរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រីផងដែរ។ សូមបញ្ជាក់ជាថ្មីថា ទាំងកិច្ចការងារជំរឿនពេលនេះ និងការវិភាគមុខងារកន្លងមក គឺមិនមែនជាការស្វែងរកកំហុសលើទិន្នន័យ ឬសើរើឯកសារចាស់ៗ របស់មន្ត្រីរាជការ ដើម្បីមានចំណាត់ការ ដាក់វិន័យជាទណ្ឌកម្ម ឬការវះកាត់នោះទេ។
សូមអំពាវនាវដល់គ្រប់តួអង្គ ពីក្រសួងស្ថាប័ន និងពីអង្គភាពគោលដៅជាពិសេសថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ឱ្យមានការសហការ ចូលរួម អនុវត្ត និងមានភាពទទួលខុសត្រូវរួមគ្នាក្នុងកិច្ចការនេះ។ ការចូលរួមរបស់ឯកឧត្តមលោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិលនេះ គឺពិតជាមិនអាចខ្វះបាន ក្នុងការបោះជំហានទៅការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ឱ្យមាន សមត្ថភាព ខ្ពស់ ខ្លាំង វ័យឆ្លាត និង ស្អាតស្អំ ហើយនឹងកាន់តែមានភាពធន់ កាន់តែមានសមត្ថភាពប្រកួតប្រជែងបន្ថែមទៀតលើឆាកអន្តរជាតិ ប្រកបដោយកម្លាំងថាមពល ឆ្ពោះទៅការសម្រេចបានចក្ខុវិស័យកម្ពុជា២០៥០ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕








-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង