ព័ត៌មាន
ឯកឧត្តម ហង់ជួន ណារ៉ុន៖ «ប្រតិភូកាយរឹទ្ធិជាតិកម្ពុជាទៅចូលរួមការបោះជំរំនៅសិង្ហបុរីទាំងអស់ត្រូវចងចាំជានិច្ចថា ខ្លួនជាទូតសុឆន្ទៈរបស់ជាតិ រាល់សកម្មភាព ឥរិយាបថ គឺបង្ហាញពីវប្បធម៌ សុជីវធម៌ និងមុខមាត់ជាតិយើង»
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រតិភូកាយរឹទ្ធិជាតិកម្ពុជាចំនួន ៣៨នាក់ ដែលនឹងចូលរួមការបោះជំរំកាយរឹទ្ធិអន្តរជាតិសិង្ហបុរី (Singapore International Jamboree 2025) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ដោយមានការចូលរួមពីសំណាក់ លោកជំទាវ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន និងជាប្រធានស្នងការ កាយរឹទ្ធិជាតិកម្ពុជា (ក.ជ.ក) ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ក.ជ.ក។
នាឱកាស ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អបអរសាទរដល់ប្រតិភូកាយរឹទ្ធិជាតិកម្ពុជាទាំង៣៦នាក់ និងមេដឹកនាំកាយរិទ្ធិ២នាក់ ដែលមានឱកាសជាតំណាងឱ្យកាយរឹទ្ធិជាតិកម្ពុជា ចូលរួមក្នុងការបោះជំរំអន្តរជាតិសិង្ហបុរី ដែលជាកិត្តិយសដ៏ធំធេងមួយ។ ដូច្នេះហើយ ក្នុងពេលបំពេញបេសកកម្ម សូមប្រតិភូកាយរឹទ្ធិជាតិកម្ពុជាទាំងអស់ត្រូវចងចាំជានិច្ចថា ខ្លួនគឺជាទូតសុឆន្ទៈរបស់ជាតិ រាល់សកម្មភាព ឥរិយាបថ និងការប្រាស្រ័យទាក់ទង គឺបង្ហាញពីវប្បធម៌ សុជីវធម៌ និងមុខមាត់របស់ប្រជាជនកម្ពុជាយើង ហើយត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីសិក្សារៀនសូត្រ ផ្លាស់ប្ដូរបទពិសោធ និងពង្រីកចំណេះដឹងថ្មីៗពីមិត្តភក្ដិកាយរឹទ្ធិអន្តរជាតិ។ បន្ថែមលើនេះ សូមក្រុមការងារ រៀបចំកិច្ចប្រជុំដោយឡែក ដើម្បីណែនាំប្រតិភូកាយរឹទ្ធិជាតិកម្ពុជា លម្អិតលើការត្រៀមខ្លួនបន្ថែម ពាក់ព័ន្ធនឹងដំណើរការនៃកម្មវិធី ការត្រៀមលក្ខណៈ និងសម្ភារៈចាំបាច់ និងសំខាន់បំផុត គឺសុវត្ថិភាពទាំងផ្នែកសុខភាព រាងកាយ និងស្មារតី។
តាងនាមថ្នាក់ដឹកនាំកាយរិទ្ធិជាតិកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី បានជូនពរប្រតិភូកាយរិទ្ធិទាំង ៣៨នាក់ ឱ្យបំពេញបេសកកម្មប្រកបដោយភាពជោគជ័យ និងសូមយកឱកាសដ៏មានតម្លៃនេះ ដើម្បីសិក្សារៀនសូត្រឱ្យបានទូលំទូលាយពីប្រទេសសិង្ហបុរីដែលជាម្ចាស់ផ្ទះ និងបណ្តាប្រទេសផ្សេងទៀតដែលចូលរួម ដើម្បីពង្រីកទស្សនៈវិស័យរបស់ខ្លួន និងត្រៀមខ្លួនក្លាយជាពលរដ្ឋសកលប្រកបដោយគុណភាព។ ទន្ទឹមនឹងការរៀនសូត្រនេះ ក្មួយៗក៏ត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ សណ្ដាប់ធ្នាប់ ច្បាប់របស់កាយរិទ្ធិ និងគោរពមេដឹកនាំក្រុមឱ្យបានម៉ឺងម៉ាត់ ហើយអ្វីដែលសំខាន់បំផុត គឺត្រូវរក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ និងយកចិត្តទុកដាក់ខ្ពស់បំផុតលើសុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពក្រុមទាំងមូល រហូតដល់បញ្ចប់បេសកកម្មដោយជោគជ័យ និងវិលត្រឡប់មកកាន់ជាតិមាតុភូមិវិញ ប្រកបដោយសុខសុវត្ថិភាព។
សូមបញ្ជាក់ថា សមាគមកាយរឹទិ្ធសិង្ហបុរី (Singapore Scout Association – SSA) រៀបចំការបោះជំរំកាយរឹទ្ធិជំទង់ អន្តរជាតិសិង្ហបុរី(Singapore International Jamboree 2025) ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីអបអរសាទរខួប ៦០ឆ្នាំ នៃឯករាជ្យជាតិសិង្ហបុរី និងប្រមូលផ្តុំកាយរឹទិ្ធមកពីក្នុងតំបន់ ធើ្វការបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាព ផ្លាស់ប្តូរបទពិសោធ និងសិក្សារួមគ្នារវាងវប្បធម៌ចម្រុះ របស់ជាតិសាសន៍មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ តាមការរំពឹងទុកគណៈកម្មការរៀបចំជំរំ មានកាយរឹទិ្ធចូលរួមចំនួនប្រមាណ ១០០០នាក់ មកពីបណ្តាប្រទេស ជាសមាជិកតំបន់អាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕












-
ព័ត៌មាន1 week agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន1 week agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន1 week agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន1 week agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន1 week agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoសម្តេចធិបតី អំពាវនាវពលរដ្ឋបង្កើនស្មារតីសាមគ្គី និងរួបរួមជាតិឱ្យកាន់តែរឹងមាំដើម្បីកសាងជាតិឱ្យខ្លាំង