Connect with us

ព័ត៌មាន

មន្ទីរពេទ្យចំនួន១២ ត្រូវបានទទួលស្គាល់ជាផ្លូវការជាមន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្ដាយ

ភ្នំពេញ៖ មន្ទីរពេទ្យស្ថិតក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ ដែលជាមន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្ដាយ (CoE) ខណៈលទ្ធល្អជាទីគាប់ចិត្តនេះ ក៏​ត្រូវ​បានអង្គការអន្តរជាតិ ដែលជាដៃគូបានផ្សព្វផ្សាយទៅកាន់ពិភពលោក ក្នុង​នាម​ជា​ប្រទេស​គំរូ។

មន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ រួមមាន មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មន្ទីរ​ពេទ្យ​ខេត្ត​ស្ទឹងត្រែង, កោះកុង, ក្រចេះ, សៀមរាប, ព្រះវិហារ, រតនគិរី, មណ្ឌលគិរី, ពោធិ៍សាត់, តាកែវ, ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ។

នៅក្នុង​ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ មន្ទីរពេទ្យគំរូចិញ្ចឹមកូន ដោយទឹកដោះម្ដាយ នៅទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០២៥ លោកស្រី Edel Cribbin ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍ​ស្ថាន​ទូត​អៀរ​ឡង់ទទួលបន្ទុកប្រទេសកម្ពុជា វៀតណាម ឡាវ លើកឡើងថា ការចិញ្ចឹម កូន​ដោយ​ទឹក​ដោះ គឺជាអន្តរាគមន៍មួយដ៏សាកសិទ្ធ និងមានប្រសិទ្ធភាពចំណាយខ្ពស់ណាស់ សម្រាប់​ឲ្យ​កុមារ​រស់​រាន និងការវវឌ្ឍន៍បានល្អ។ ការបំបៅកូនដោយទឹកដោះម្ដាយ គឺបានជួយសង្គ្រោះជីវិតកុមារ ធ្វើ​ឲ្យ​អាហារូបត្ថម្ភមានភាពប្រសើរឡើង ក៏ដូចជាពង្រឹងនូវប្រព័ន្ធភាពស៊ាំ និងជួយ​គាំទ្រកា​រ​អភិវឌ្ឍ​ផ្នែកចំណេះដឹង និងសុខមាលភាពរយៈពេលវែង។

លោកស្រីបន្តថា ការចិញ្ចឹមកូនដោយទឹកដោះម្ដាយរហូតដល់ ៨៥ភាគរយ ក្នុងចំណោម​មន្ទីរ​ពេទ្យ​ដែល​បាន​ចូលរួមអនុវត្ត CoE របស់កម្ពុជានេះ ជាអត្រាមួយខ្ពស់ បើធៀបនឹងប្រទេស​ជា​ច្រើន​ទៀត ​នៅលើពិភពលោក ហើយលទ្ធផលល្អ នៃការអនុវត្តរបស់កម្ពុជានេះ ក៏ត្រូវនាំ​យក​ទៅ​ផ្សព្វ​ផ្សាយ ដើម្បីធ្វើជាគំរូដល់បណ្ដាប្រទេសផ្សេងៗទៀតផងដែរ ។

លោក​ជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា លទ្ធផលទាំងអស់នេះ បានបង្ហាញពីកិច្ចខិតខំរបស់គ្រប់ភាគីទាំងអស់ ទើបធ្វើឲ្យមានលទ្ធផលល្អ ។ ជាមួយនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានជំរុញបន្ថែមដល់បណ្ដាមន្ទីរពេទ្យទាំងអស់ ត្រូវ​បន្ត​ចូលរួមផ្សព្វផ្សាយបន្ថែមដល់ម្ដាយទាំងឡាយ ត្រូវយល់ដឹងពីអត្ថប្រយោជន៍នៃទឹកដោះម្ដាយ ជា​ពិសេសទឹកដោះដំបូង ដែលបានជួយច្រើន ក្នុងការលូតលាសរបស់កុមារ ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៣ មានមន្ទីរពេទ្យចំនួន២០ បានចូល​រួម​អនុវត្ត​ជា​មន្ទីរ​ពេទ្យ​គំរូ​ចិញ្ចឹម​កូន​ដោយទឹកដោះម្តាយនៅកម្ពុជា ហើយលទ្ធផល​ដំបូង​បាន​បង្ហាញ​ថា​ការ​បំបៅ​ដោះកូ​ន​ក្នុង​ម៉ោង​ដំបូង នៃការសម្រាលមានអត្រាខ្ពស់រហូតដល់ ៨៥ភាគរយ ក្នុងចំណោម​មន្ទីរ​ពេទ្យ​ដែល​បាន​ចូល​រួមអនុវត្ត CoE ។ របាយការណ៍នេះ ពិពណ៌នាអំពីដំណើរការ ធាតុផ្សំ បទពិសោធន៍​ទទួល​បាន និងសក្តានុពលក្នុងការពង្រីកបន្ថែម នូវមន្ទីរពេទ្យគំរូ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ក្នុង​ប្រទេសកម្ពុជា ។ សមាជិកដែលបានចូលរួមដំណើរការវាយតម្លៃមាន ក្រុមការងារវាយតម្លៃ នៃ​មជ្ឈ​មណ្ឌលជាតិគំាពារមាតា និងទារក ក្រុមការងារវាយតម្លៃនៃមន្ទីរពេទ្យកុមារជាតិ ក្រុម​ការ​ងារ​គម្រោង ​A&T/FHI 360 ប្រចាំប្រទេសកម្ពុជា និងក្រុមការងារនៃអង្គការហេឡែន ខេលល័រ អន្តរ​ជាតិប្រ​ចាំប្រទេសកម្ពុជា៕ អត្ថបទ បាន សុខរិទ្ធិ

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia