ព័ត៌មាន
កម្ពុជាបដិសេធចោលទាំងស្រុងចំពោះការចោទប្រកាន់របស់ភាគីថៃថា «កម្ពុជាសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីឃាត់ ឬបង្ខាំងពលរដ្ឋថៃ និងជាការបំបិទសិទ្ធិសេរីភាពនៃការធ្វើដំណើរ ឬបំពានលើច្បាប់និងអនុសញ្ញាអន្តរជាតិ»
ក្រសួងការពារជាតិបានសង្កេតឃើញបណ្តាញសារព័ត៌មាន និងប្រភពផ្លូវការរបស់ភាគីថៃបានផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជាថា ”កម្ពុជាសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីឃាត់ ឬបង្ខាំងពលរដ្ឋថៃ និងជាការបំបិទសិទ្ធិសេរីភាពនៃការធ្វើដំណើរ ឬបំពានលើច្បាប់និងអនុសញ្ញាអន្តរជាតិ”។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធចោលទាំងស្រុងចំពោះការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតរបស់ភាគីថៃ។ នេះបើតាម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ។
អ្នកនាំពាក្យ ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនគោក និងផ្លូវទឹកដែលជាប់ព្រំដែនកម្ពុជាជាមួយថៃដែលកំពុងមានអរិភាពប៉ុណ្ណោះ ក្នុងគោលបំណង ដើម្បីការពារអាយុជីវិត និងការរងរបួសរបស់ជនស៊ីវិលពីការបាញ់ប្រហារដោយមិនរើសអើងនៅតាមបណ្ដោយព្រំដែនពីសំណាក់យោធាថៃ ដោយមិនរាប់បញ្ចូលការធ្វើដំណើរតាមផ្លូវអាកាស និងច្រកទ្វារព្រំដែនដែលគ្មានភាពតានតឹងឬតាមច្រកទ្វារព្រំដែនកម្ពុជាជាប់ជាមួយប្រទេសផ្សេងឡើយ។
ក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងចាត់ទុកកាតព្វកិច្ចក្នុងការថែរក្សាសុខសុវត្ថិភាព ការការពារអាយុជីវិតរបស់ជនស៊ីវិល មិនថាជាពលរដ្ឋខ្មែរ និងជាជនបរទេស រួមទាំងប្រជាជនថៃដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ ជាអាទិភាពខ្ពស់បំផុត។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ អ្នកនាំពាក្យ ក្រសួងការពារជាតិ។
អ្នកនាំពាក្យ ក្រសួងការពារជាតិ ថ្លែងថា៖«កម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត»។
អ្នកនាំពាក្យ ក្រសួងការពារជាតិ បញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមផងដែរថា ភាគីថៃនឹងគោរពនូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលផ្តួចផ្តើមគំនិតដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និង ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលភាគីកម្ពុជា និងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដូចកម្ពុជាដែរ៕

-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា