ព័ត៌មាន
កម្ពុជា-ឡាវ ដាក់ឱ្យដំណើរការជាផ្លូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលឡាវ ដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ សម្រាប់ ប្រជាជនឡាវធ្វើដំណើរមកកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាឱ្យអាជីវករនៅទូទាំងប្រទេសកម្ពុជា ដោយស្កេនខេអេច ឃ្យូអរកូត (KHQR Codes)។
លោកជំទាវបណ្ឌិត ជាសិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Bounkham Vorachit ទេសាភិបាលធនាគារ កណ្ដាលឡាវ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាម ឃ្យូអរកូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ដំណាក់កាលទី២៖ ឡាវស្កេនខេអេច ឃ្យូអរកូត)នៅរាជធានីភ្នំពេញ។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងប្រទេសទាំងពីរ ត្រូវបានបែងចែកជា២ដំណាក់កាល ក្នុងនោះ សម្រាប់ដំណាក់កាលទី១ ដែលត្រូវបានដាក់ឱ្យដំណើរការដោយជោគជ័យ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា ដែលមានគណនីជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាឱ្យអាជីវករនៅប្រទេសឡាវ ដោយ ស្កេនឡាវឃ្យូអរកូត (LAOQR) តាមកម្មវិធីបាគង ឬកម្មវិធីធនាគាចល័ត។ សម្រាប់ដំណាក់កាលទី២នេះ ប្រជាជនឡាវដែលធ្វើ ដំណើរមកប្រទេសកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាឱ្យអាជីវករនៅទូទាំងប្រទេសកម្ពុជា ដោយស្កេនខេអេចឃ្យូ អរកូត (KHQR Codes) តាមកម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសឡាវ ដោយពុំចាំបាច់យកក្រដាស ប្រាក់តាមខ្លួន ឬប្តូររូបិយប័ណ្ណឡើយ។
លោកជំទាវបណ្ឌិត ជា សិរី មានប្រសាសន៍ថា ការអភិវឌ្ឍគម្រោងទូទាត់ឆ្លងដែននេះ មិនត្រឹមតែជាសមិទ្ធផលកម្រិតបច្ចេក ទេសប៉ុណ្ណោះទេ តែក៏ជាស្ពានតភ្ជាប់រវាងវប្បធម៌ សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរផងដែរ។ គំនិតផ្ដួចផ្ដើមនេះមានសក្ដានុពល ក្នុងដូចជា ការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ តាមរយៈប្រតិបត្តិការទូទាត់ឌីជីថលដែលសុវត្ថិភាព, ការពង្រឹងវិស័យ ទេសចរណ៍ តាមរយៈការរៀបចំដំណើរការទូទាត់ដែលងាយស្រួល, និងការលើកកម្ពស់ការធ្វើសមាហរណកម្មក្នុងតំបន់អាស៊ាន។
លោកជំទាវ Bounkham Vorachit បានលើកឡើងផងដែរថា ការអភិវឌ្ឍប្រព័ន្ធតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែន តាម ឃ្យូអរកូត រវាងប្រទេសកម្ពុជានិងប្រទេសឡាវ ត្រូវបានចាត់ទុកជាសមិទ្ធផលប្រកបដោយផ្លែផ្កា ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ រវាងធនាគារកណ្ដាលទាំងពីរ។ កិច្ចសហប្រតិបត្តិការនេះ ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ ដែលមានលទ្ធភាព ក្នុងការទូទាត់ជារូបិយវត្ថុជាតិនៃប្រទេសទាំងពីរ ស្របតាមទិសដៅនៃការធ្វើសមាហរណកម្មអាស៊ាន។ តាមរយៈការវិវត្តនៃនវានុវត្តន៍ ឌីជីថល ធនាគារកណ្ដាលទាំងពីរ មានបំណងដោះស្រាយបញ្ហាប្រឈម ក្នុងការទូទាត់បែបប្រពៃណី និងជំរុញលំហូរហិរញ្ញវត្ថុទៅវិញ ទៅមក រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង៕
អត្ថបទ៖ សុន រ៉ាឌី












-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា