ព័ត៌មាន
សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង អញ្ជើញសួរសុខទុក្ខយុទ្ធជនរបួសសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ
ភ្នំពេញ៖ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញ ទៅសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ទៅផ្ដល់ជូនដល់យុទ្ធជនរងរបួស ដោយសារអំពើ ឈ្លានពានបូរណភាពទឹកដីកម្ពុជា ពីសំណាក់កងទ័ពថៃ ចំនួន១២រូប កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ។
ក្នុងឱកាសអញ្ជើញសួរសុខទុក្ខ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចឥស្សរវិទេសបញ្ញា បានបង្ហាញនូវការឈឺចាប់ ចំពោះអំពើឈ្លានពានរបស់រដ្ឋាភិបាលក្រុងបាំងកក និងកងទ័ពថៃ មកលើបូរណភាពទឹកដីកម្ពុជា ដែលបណ្ដាលឲ្យកងទ័ព និងជនស៊ីវិលកម្ពុជាច្រើននាក់ បាន ស្លាប់និងរបួស រួមទាំងខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ ប្រាសាទព្រះវិហារ ប្រាសាទតាក្របី និង ធ្វើឲ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់ បានភៀសសឹកចាក់ចោលផ្ទះសម្បែង សិស្សបាត់បង់ការសិក្សា នៅសាលារៀនពួកគេ ក្មេងៗរស់នៅដោយភាពភ័យខ្លាចតក់ស្លុត ដែលទង្វើអមនុស្សធម៌នេះ គួរឲ្យសង្វេក និងខ្លោចផ្សារបំផុត ។
សម្ដេចបន្តថា មិនគួរណាជាតិសាសន៍ថៃ ដែលមានពណ៌សម្បុរ កាន់ព្រះពុទ្ធសាសនា និងកាន់របបព្រះរាជាណាចក្រដូចកម្ពុជាដែរ ប៉ុន្តែបែរធ្វើទង្វើអមនុស្សធម៌ព្រៃផ្សៃ និងប្រព្រឹត្តិ ខុសច្បាប់អន្តរជាតិបែបនេះ ។ អតីតប្រមុខការទូតដ៏ឆ្នើមរបស់កម្ពុជារូបនេះ បានធ្វើការថ្កោល ទោស ចំពោះកងទ័ពថៃមកលើបូរណភាពទឹកដីកម្ពុជា ហើយបញ្ឈប់សកម្មភាពរបស់ខ្លួន ឲ្យ បានឆាប់បំផុត ។
សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានគូសបញ្ជាក់ថា ទន្ទឹមនឹងអំពើឈ្លានពាន របស់កងទ័ពសៀមនេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានព្រងើយកន្តើយ កងទ័ពពលី ពិការ របួស និងក្រុមគ្រួសារ រួមទាំងជនភៀសសឹកកម្ពុជា ដោយមិនបានបោះបង់អ្នកណាម្នាក់ ឲ្យនៅឯកោ អត់អាហារបរិភោគជាដាច់ខាត ខណៈដែលរូបសម្ដេចផ្ទាល់ ក៏បាននាំយកនូវស្បៀងអាហារ និងសម្ភារផ្សេងៗ ទៅផ្ដល់ជូនដល់វីរកងទ័ពនៅជួរមុខ និងជនភៀសសឹក ជាមួយនឹងការប្ដេជ្ញា បន្តផ្ដល់បន្ថែមទៀត ក្នុងនាមជាកម្លាំងជាតិខ្មែរ ។
ជាមួយនេះ សម្ដេចក៏បានផ្ដាំផ្ញើដល់វីរកងទ័ពទាំងអស់ សូមខិតខំថែរក្សាសុខភាព និង អនុវត្តតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ដើម្បីឆាប់ជាសះស្បើយ ព្រោះថ្នាក់ដឹកនាំ និងមហាគ្រួ សារខ្មែរ នៅតែបន្តឈរលើកទឹកចិត្ត និងគាំទ្រជានិច្ច ។
គួរបញ្ជាក់ថា ឈានមកដល់កន្លះខែហើយ ដែលកងទ័ពសៀម បានឈ្លានពានទឹកដីកម្ពុ ជា ដែលធ្វើឲ្យជនស៊ីវិលកម្ពុជា១៩នាក់បានស្លាប់ និងរាប់សិបនាក់ទៀត បានរងរបួស ដែល អំពើឈ្លានពាននេះ ថ្នាក់ដឹកនាំកម្ពុជា និងប្រជាពលរដ្ឋ បានធ្វើការថ្កោលទោសនៅគ្រប់ទិសទី ៕ អត្ថបទ បាន សុខរិទ្ធិ








-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា