ព័ត៌មាន
ក្រសួងអប់រំ និង គ.ប.ផ.ក ពង្រឹងយន្តការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សា
នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ដឹកនាំដោយ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក. និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ចំពោះការទទួលស្វាគមន៍ និងផ្តល់កិច្ចសហការប្រកបដោយការយកចិត្តទុកដាក់ តាមរយៈកិច្ចពិភាក្សា និងចែករំលែកព័ត៌មាន ដើម្បីបន្តការពង្រឹងយន្តការតាមដាន និងត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា។ ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងពីបំណងក្នុងការចុះសហការជាមួយក្រសួងអប់រំ ដើម្បីរៀបចំផ្សព្វផ្សាយលើបញ្ហានេះ ដូចជាការចុះសម្ភាសន៍សិស្សានុសិស្សដោយផ្ទាល់ ក្នុងគោលបំណងឈ្វេងយល់ពីស្ថានភាពជាក់ស្តែងនៃការទទួលទានរបបអាហារប្រចាំថ្ងៃ និងកំណត់អត្តសញ្ញាណផលិតផលដែលមានហានិភ័យខ្ពស់ ដែលកំពុងចរាចរជុំវិញបរិវេណសាលារៀន ដើម្បីចាត់វិធានការបង្ក្រាប និងទប់ស្កាត់ផ្សេងៗ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ គ.ប.ផ.ក នាពេលកន្លងមក ដោយកិច្ចការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនេះ គឺមានភាពស្របគ្នាទៅនឹងយុទ្ធសាស្ត្រដែលក្រសួងកំពុងអនុវត្តយ៉ាងសកម្មនាពេលបច្ចុប្បន្នផងដែរ។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងចំណុចសំខាន់ៗមួយចំនួនដូចជា៖
-ការពង្រឹងវិធានការសុខភាពសិក្សា៖ ក្រសួងនឹងបន្តរឹតបន្តឹងការហាមឃាត់ការលក់ភេសជ្ជៈប៉ូវកម្លាំង ចំណីអាហារហួសកាលបរិច្ឆេទប្រើប្រាស់ និងអាហារដែលមានហានិភ័យខ្ពស់ដទៃទៀត ទាំងក្នុងបរិវេណ និងជុំវិញសាលារៀន ដោយក្រសួងមានយន្តការត្រួតពិនិត្យសុខភាពតាមសាលារៀនរួចមកហើយ។
-ការបញ្ជ្រាបចំណេះដឹងតាមរយៈការអប់រំ៖ ការផ្សព្វផ្សាយចំណេះដឹងតាមរយៈសិក្ខាសាលានានា ជាពិសេសតាមខេត្ត, យកប្រធានបទពាក់ព័ន្ធនឹង ផលិតផលក្លែងក្លាយ និងសុវត្ថិភាពចំណីអាហារ បញ្ចូលទៅក្នុងកម្មវិធី និងសកម្មភាពសិក្សា ព្រមទាំងបញ្ចូលក្នុងការប្រកួតប្រជែងផ្សេងៗ ដូចជាការប្រកួតជជែកដេញដោល ដើម្បីឱ្យសិស្សានុសិស្សយល់ដឹងបន្ថែមពីផលប៉ះពាល់ និងវិធានការទប់ស្កាត់នានា។
-ការបញ្ចូលក្នុងស្តង់ដាសាលារៀនគំរូ៖ បច្ចុប្បន្ន ក្រសួងបានដាក់បញ្ចូល ការលើកកម្ពស់អាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារ ជាសូចនាករវាស់វែងមួយនៃ ស្តង់ដាសាលារៀនគំរូ ដោយនេះមានន័យថា គណៈគ្រប់គ្រងសាលានីមួយៗត្រូវមានភារកិច្ចពិនិត្យទាំងក្នុង និងជុំវិញបរិវេណសាលា ដើម្បីធានាថាគ្មានផលិតផលក្លែងក្លាយ ហួសកាលបរិច្ឆេទ និងផលិតផលដែលមានហានិភ័យដល់សិស្សានុសិស្សមកលក់ឡើយ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ (គ.ប.ផ.ក) និងការផ្តល់កិច្ចសហការលើកិច្ចការនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយក្រសួងនឹងត្រៀមចេញនូវ សេចក្តីណែនាំបន្ថែមទៀត ដើម្បីពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាព និងសូមឱ្យគណៈគ្រប់គ្រងសាលា នាយក លោកគ្រូ អ្នកគ្រូ ជាពិសេសមាតាបិតាសិស្ស និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ការចរាចរផលិតផលក្លែងក្លាយ និងបង្កើនការយកចិត្តទុកដាក់លើអាហារូបត្ថម្ភ ដើម្បីកសាងធនធានមនុស្សដែលមានសុខភាពល្អ និងបញ្ញាស្មារតីភ្លឺស្វាងសម្រាប់អនាគតប្រទេសជាតិ៕




-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន5 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន2 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត