ព័ត៌មាន
អតីតពលករមកពីថៃជាច្រើន កំពុងចូលរៀនជំនាញដេរដោយឥតគិតថ្លៃ ហើយទទួលបានការងារធ្វើភ្លាមៗ
ក្រោមការរៀបចំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូពាក់ព័ន្ធ ក្រុមប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃដែលពុំទាន់មានការងារធ្វើ បានកំពុងទទួលការបណ្តុះបណ្តាលជំនាញដេរដោយឥតគិតថ្លៃ និងខណៈដែលសិក្ខាកាមជាច្រើននាក់ផ្សេងទៀត ទទួលបានការងារធ្វើភ្លាមៗនៅក្នុងរោងចក្រ ក្រោយចប់វគ្គបណ្តុះបណ្តាលមួយនេះ។
អ្នកស្រី សាត ចូន មានស្រុកកំណើតមកពីស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាអតីតពលករមកពីប្រទេសថៃ បច្ចុប្បន្នកំពុងទទួលវគ្គបណ្តុះបណ្តាលជំនាញដេរ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ដោយសារចង់បានការងារសមរម្យនិងមានប្រាក់ចំណូលទៀងទាត់ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ ក៏បានសម្រេចចិត្តចូលរៀនជំនាញដេរនេះ និងយល់ឃើញថា ពិតជាល្អណាស់ដែលរាជរដ្ឋាភិបាលបង្កើតកម្មវិធីនេះឡើង ទោះបីជាជំនាញនេះថ្មីសម្រាប់អ្នកស្រី ប៉ុន្តែអាចធ្វើបានដោយសារការបង្ហាត់បង្រៀនដោយយកចិត្តទុកដាក់ពីសំណាក់គ្រូបណ្តុះបណ្តាល ខណៈដែលជំនាញរបស់អ្នកស្រីពីមុនខាងផ្នែកសំអាតក្នុងអគារខុនដូរប៉ុណ្ណោះ។
អ្នកស្រី បានរៀបរាប់ថា ពិតជាសប្បាយរីករាយណាស់ ពីព្រោះការរៀននេះគឺមិនគិតថ្លៃអ្វីទាំងអស់ ទាំងការរៀន ការធ្វើដំណើរ ការហូបចុក និងការស្នាក់នៅជាដើម។ លើសពីនេះទៀត នឹងទទួលបានការងារធ្វើភ្លាមៗក្រោយពេលរៀនចប់ ដែលផ្តល់ឱកាសកាន់តែខ្ពស់ទៅដល់អ្នកស្រីក្នុងការចូលបំពេញការងារនៅរោងចក្រផ្ទាល់តែម្តង។
ក្រុមអតីតពលករមកពីថៃដូចគ្នា ដែលទទួលវគ្គបណ្តុះបណ្តាលជំនាញដេរ ហើយក៏ទទួលបានការងារនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ បានសម្តែងការអរគុណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំវគ្គខ្លីការបណ្តុះបណ្តាលនេះឡើង ថែមទាំងទទួលបានឱកាសការងារធ្វើលឿនផងដែរ។ ពួកគាត់បានអះអាងស្រដៀងគ្នាទៀតថា ទៅថ្ងៃខាងមុខ ទោះបីជាប្រទេសវិលទៅរកដូចមុនយ៉ាងណាក្តី ក៏មិនត្រឡប់ទៅធ្វើការក្រៅស្រុកវិញដែរ ពីព្រោះនៅក្នុងស្រុកមានការងារសម្បូរបែប។ ជាពិសេសមានភាពងាយស្រួល កក់ក្តៅក្នុងចិត្ត និងរស់នៅជិតក្រុមគ្រួសារ ដោយមិនចាំបាច់ចំណាយថវិកាលើការធ្វើលិខិតឆ្លងដែន។
លោក ឌី ចាន់ធី រដ្ឋបាលរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានលើកឡើងថា តាមរយៈកិច្ចសហការជាមួយក្រសួងការងារ ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញដេរ ធ្វើឱ្យរោងចក្រដំណើរការបានកាន់ល្អជាងមុន ដោយសារទទួលបានកម្លាំងពលកម្មបន្ថែមដែលឆ្លើយតបតាមតម្រូវការខ្វះខាត។ លោកឱ្យដឹងទៀតថា សព្វថ្ងៃនេះ រោងចក្រក៏នៅតែត្រូវការកម្លាំងពលកម្មជាច្រើនរយនាក់បន្ថែមទៀតផងដែរ ខាងផ្នែកដេរ តុកាត់ និងវេចខ្ចប់ជាដើម។ សម្រាប់លក្ខខណ្ឌការងារ អ្នកគ្មានបទពិសោធន៍ការងារ ឬមិនចេះអក្សរ រោងចក្រក៏ទទួល ដោយសារមុនចូលបំពេញការងារ ខាងរោងចក្រមានការបណ្តុះបណ្តាលទៅតាមផ្នែក និងមុខជំនាញផងដែរ។
វគ្គបណ្តុះបណ្តាលជំនាញដេរ ៧ថ្ងៃ ដោយឥតគិតថ្លៃនេះ រៀបចំឡើងក្នុងគោលបំណងជួយសម្របសម្រួល និងផ្គូផ្គងការងារភ្លាមៗសម្រាប់អតីតពលករត្រឡប់មកពីថៃ ដែលសហការជាមួយរោងចក្រក្នុងវិស័យកាត់ដេរក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលចំនួន៦ និងទទួលបានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ។ អត្ថប្រយោជន៍ដែលសិក្ខាកាមនឹងទទួលបាន មានដូចជា៖ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ រយៈពេល ៧ថ្ងៃ, ទទួលបានការងារភ្លាមៗក្រោយពេលរៀនចប់, មានបន្ទប់ស្នាក់នៅ ទឹកភ្លើង ផ្ដល់ជូនអំឡុងពេលបណ្ដុះបណ្ដាល, ផ្ដល់មធ្យោបាយធ្វើដំណើរក្នុងអំឡុងពេលបណ្តុះបណ្តាល ជូនអាហារថ្ងៃត្រង់ និងអាហារសម្រន់ អត្ថប្រយោជន៍ ប.ស.ស. និងអត្ថប្រយោជន៍ផ្សេងៗជាច្រើននៅពេលចូលបម្រើការងារ៕អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន6 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS7 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន4 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា1 week agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន3 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន5 days agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា