Connect with us

ព័ត៌មាន

«អគារពហុបំណង និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ» ដែល​ជាសមិទ្ធផល​របស់​គម្រោង​ស្តារ​វិស័យ​ទេសចរណ៍​សហគមន៍​ពី​វិបត្តិកូវីដ-១៩ ​ត្រូវបានសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ

ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ខេត្ត​តាកែវ និងលោក NAGASE Kensuke (ណាហ្គាសិ កេនស៊ូកិ) អនុប្រធាន​បេសក​កម្ម​នៃ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានអញ្ជើញជាអធិបតីក្នុង​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារ​ពហុបំណង និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ” ដែលជាសមិទ្ធផល​របស់​គម្រោង​ស្តារ​វិស័យ​ទេសចរណ៍​សហគមន៍​ពីវិបត្តិកូវីដ-១៩ នៅសាលាស្រុកអង្គរបូរី ខេត្តតាកែវ ដោយ​មាន​ការ​និមន្ត​/​ចូល​រួម​ពីព្រះសង្ឃ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារក្រុង ស្រុក ភាគីពាក់ព័ន្ធ ប្រជា​ពលរដ្ឋក្នុងមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១៤៥០ អង្គ/នាក់។

ថ្លែង​ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានប្រសាសន៍ថា រាជរ​ដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់​កាល​ទី១​ ដោយបានកំណត់អាទិភាពចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែល​ពិត​ជា​ឆ្លើយ​តប​នឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយរដ្ឋាភិបាលបាននិងកំពុងអនុវត្ត ព្រម​ទាំង​ទទួល​បាន​លទ្ធផលគួរជាទីមោទនៈ។ ចំពោះការឈ្លានពានពីសំណាក់កងទ័ពថៃ ឯកឧត្តមរដ្ឋមន្រ្តី បាន​អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ-ធិ​បតី និងរួបរួមគ្នាសាមគ្គីជាធ្លុងមួយ។

ជា​មួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក៏​ដូច​ជា​ប្រជា​កសិករ ឱ្យខិតខំធ្វើយ៉ាងបង្កើនប្រសិទ្ធភាពនិងបរិមាណដាំដុះ បន្លែ ផ្លែឈើ និង​ចិញ្ចឹម​សត្វ ជាពិសេសចិញ្ចឹមបង្កងដោយមានការជួយជ្រោមជ្រែងពីគម្រោងតេជោភូមិ១០០ វេទិ​កា​សម្ព័ន្ធ​សង្គម​ស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា​ដើម្បី​ប្រមូល​ផល​បាន​ទៀង​ទាត់​ប្រជា​កសិករ និង​អាជ្ញាធរ​មូល​ដ្ឋាន​ត្រូវ​ចង​ក្រង​ប្រមូល​ផ្តុំ​ជា​សហគមន៍​ដើម្បី​ជួយ​គាំទ្រគ្នាទៅវិញទៅមកទាំងបច្ចេកទេស ស្មារតី និងការស្វែងរកទីផ្សារ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អាជ្ញាធរគ្រប់លំដាប់ត្រូវខិតខំ រៀប​ចំ​កែ​លម្អ​សោភ័ណភាពស្រុក ដាំដើមឈើ ពង្រឹងគុណភាពនិងអនាម័យម្ហូបអាហារ និងផ្តល់​ភាព​កក់​ក្តៅ​ដ​ល់ភ្ញៀវទេសចរ ដែលមកទស្សនាស្រុកអង្គរបូរី អតីតរាជធានីខ្មែរសម័យហ្វូណន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia