Connect with us

ព័ត៌មាន

រដ្ឋមន្ដ្រីការពារជាតិកម្ពុជាទទួលជួបពិភាក្សាការងារជាមួយមេបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិក និងអញ្ជើញទស្សនកិច្ចនាវាចម្បាំងសហរដ្ឋអាម៉េរិក

ភ្នំពេញ ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក និងបានបន្តអញ្ជើញទស្សនកិច្ចលើនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក USS CINCINNATI (LCS 20) ក្នុងពេលដែលនាវាចម្បាំងនេះបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅកម្ពុជា។

សូមជម្រាបថា នាយឧត្តមនាវី Samuel Paparo បំពេញទស្សនកិច្ចនៅកម្ពុជា ស្របពេលជាមួយនឹងនាវាចម្បាំងអាមេរិក ចូលមកចតនៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា-អាមេរិក។

នៅព្រឹកថ្ងៃទី២៦ ខែមករានេះ នាយឧត្តមនាវី Samuel Paparo ក៏បានចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ជំនួបរវាងសម្តេចមហាបវរធិបតី និងមេទ័ពជើងទឹកអាមេរិក ដើម្បីពិភាក្សាពីទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងវិស័យការពារជាតិ និងវិធីពង្រឹងចំណងទាក់ទងទ្វេភាគី និងការការគាំទ្រដល់ស្ថិរភាពតំបន់។

កិច្ចពិភាក្សាបានផ្តោតលើការសន្ទនា ទំនុកចិត្តគ្នានិងស្ថិរភាពតំបន់។ សហរដ្ឋអាមេរិក និងកម្ពុជានឹងធ្វើការប្រកៀកស្មាគ្នា ដើម្បីលើកស្ទួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានភាពសេរី និងបើកចំហ។

នៅល្ងាចថ្ងៃនេះ មេទ័ពជើងទឹកអាមេរិក នាយឧត្តមនាវី Samuel Paparo ក៏នឹងរៀបចំពិធីជប់លៀងលើនាវាដ៏មានអានុភាពរបស់អាមេរិក ដែលកំពុងចតនៅមូលដ្ឋានសមុទ្ររាមផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia