ព័ត៌មាន
កម្ពុជាបន្តប្រើប្រាស់ផ្លូវការទូតយ៉ាងសកម្ម ដើម្បីដោះស្រាយ និងការពារបូរណភាពទឹកដី
អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងបន្តប្រើប្រាស់ផ្លូវការទូតយ៉ាងសកម្ម ដើម្បីការពារនូវដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន និងប្តេជ្ញាតវ៉ាគ្រប់ទម្រង់ទាំងអស់ប្រឆាំងនឹងសកម្មភាពទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់ជុំវិញដល់សន្តិសុខរបស់ជនស៊ីវិលកម្ពុជា។

តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីស្ថានភាពបច្ចុប្បន្នព្រំដែនរវាងកម្ពុជា និងថៃ នាព្រឹក ថៃ្ងទី២៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ម្សិលមិញ គឺមានរយៈពេលមួយខែហើយដែលកម្ពុជា និងថៃបានអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ខណៈកិច្ចព្រមព្រៀងនេះគឺជាគោលបំណងដ៏ពិសិទ្ធរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់ជាន់ថ្នាក់ទាំងអស់ចង់បាន ដើម្បីបញ្ជៀសការស្លាប់ រងរបួស និងការខូចខាតផ្សេងទៀតដែលកើតឡើងដោយសារការប្រយុទ្ធគ្នាដោយប្រដាប់អាវុធ។
កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត ដែលភាគីទាំងពីរបានឯកភាពជាមួយគ្នាកាលពីពេលកន្លងទៅ ក្នុងនោះក៏មានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ផងដែរ។
ឯកឧត្ដមបន្តថា ក្រៅពីបទឈប់បាញ់ដែលត្រូវបានចាត់ទុកថា ជាសមិទ្ធផលធំជាងគេបំផុត សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏បានឈានដល់ការដោះលែងយោធិនកម្ពុជា១៨ នាក់ ឱ្យមានសេរីភាពបានវិលត្រឡប់មកជួបជុំគ្រួសារវិញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ រយៈពេលមួយខែចុងក្រោយនេះដែរ ជនភៀសសឹកជាង ៨០% ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ ក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។ នៅសល់ជនភៀសសឹកប្រមាណជា ១០ម៉ឺននាក់ទៀត កំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ។ សូមបញ្ជាក់ជូនថា ជនភៀសសឹកទាំងអស់ ទាំងអ្នកដែលបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ទាំងអ្នកដែលកំពុងបន្តរស់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ បានទទួលការយកចិត្តទុកដាក់មើលថែទាំគ្រប់បែបយ៉ាងពីរាជរដ្ឋាភិបាល។
បទឈប់បាញ់រយៈពេលមួយខែនេះ ក៏បានផ្តល់ឱកាសដល់ក្រុមការងារចំពោះកិច្ចដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល បានចុះបំពេញការងារដើម្បីវាយតម្លៃពីផលប៉ះពាល់លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហាររបស់ទាហានថៃ ដើម្បីជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍បន្ទាន់ ដើម្បីស្តារជីវភាពប្រជាពលរដ្ឋភៀសសឹក និងស្តារហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ដែលរងការខូចខាតឱ្យបានឆាប់បំផុតផងដែរ។ ស្របពេលជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានដឹកនាំអង្គទូត អង្គការអន្តរជាតិ និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីបានឃើញការពិតអំពីស្ថានភាពជាក់ស្តែងនៅក្នុងតំបន់រងគ្រោះ និងពិនិត្យផ្ទៀងផ្ទាត់ និងរាយការណ៍អំពីផលប៉ះពាល់ដែលកើតចេញពីការបាញ់ផ្លោង និងទម្លាក់គ្រាប់បែករបស់យោធាថៃលើទីតាំងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា។
ក្នុងអំឡុងពេលនេះដែរ រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំនៃយើងរួមទាំងក្រសួង ស្ថាប័ន ដែលជាសេនាធិការទាំងអស់បានបំពេញការងារការទូតយ៉ាងសកម្ម ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ ក្រសួង ស្ថាប័នពាក់ព័ន្ធនានាដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត និងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតចំពោះបញ្ហានេះ ហើយបានតវ៉ាតាមគ្រប់ទម្រង់ប្រឆាំងនឹងសកម្មភាព ដែលធ្វើឱ្យប្រែប្រួលដល់បរិយាកាសសន្តិសុខនៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ការពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង។
ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបាននិងកំពុងជំរុញភាគីថៃឱ្យអនុវត្តតាមស្មារតីចំណុចទី៣ នៃសេចក្តីប្រកាសរួមដែលចែងថា «រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន…»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុត កម្ពុជាបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕






-
ព័ត៌មាន6 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន1 week agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន1 week agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន6 days agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
-
ព័ត៌មាន4 days agoក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក
-
ព័ត៌មាន2 days agoសម្ដេចធិបតី៖កម្ពុជានឹងចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» តាមការអញ្ញើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចូលសំចតនៅមូលដ្ឋានសមុទ្ររាម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងយោធាប្រទេសទាំងពីរកម្ពុជា-អាមេរិក
-
ព័ត៌មាន6 days agoខេត្តនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន ២២ គម្រោង មានទុនសរុបជិត ៤០០ លានដុល្លារ