Connect with us

ព័ត៌មាន

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ សមាជិកសភាដើរតួនាទីយ៉ាងសំខាន់ ក្នុងការ​លើក​កម្ពស់​ការ​យល់ដឹង និងការកៀរគរការចូលរួមក្នុងសហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់ក្នុងការផ្សព្វផ្សាយ អប់រំ បង្ការ និងព្យាបាលជំងឺទឹកនោមផ្អែម

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋសភាមានតួនាទីសំខាន់បំផុតនៅក្នុងការចូលរួមអប់រំ ផ្សព្វផ្សាយ ការយល់ដឹងពីជំងឺទឹកនោមផ្អែមដល់ប្រជាពលរដ្ឋ ក៏ដូចជាការទប់ស្កាត់ ការពារ និងស្វែងរកសេវាព្យាបាលប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា ជូនពលរដ្ឋ។ ជាស្ថាប័នតំណាងឱ្យប្រជាជន រដ្ឋសភាមានភារកិច្ចយ៉ាងសំខាន់ក្នុងការគាំទ្រ និងជំរុញដល់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិនេះ។

សម្តេចបានសង្កត់ធ្ងន់ថា “យើងត្រូវធានាថា អាទិភាពសុខាភិបាលសាធារណៈ ត្រូវបានឆ្លុះបញ្ចាំងមិនត្រឹមតែនៅក្នុងគោលនយោបាយជាតិនោះទេ ប៉ុន្តែថែមទាំងនៅក្នុងនីតិកម្ម ការបែងចែកធនធាន ការត្រួតពិនិត្យរបស់សភា និងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋថែមទៀតផង”។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាស្តីពី «អន្តរាគមន៍ឆាប់រហ័សក្នុងការបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម ក្នុងឱកាសប្រារព្ធអបអរទិវាទឹកនោមផ្អែមពិភពលោក» ដែលរៀបចំធ្វើឡើងនៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាង គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ ព្រមទាំងដៃគូពាក់ព័ន្ធនានា។

សិក្ខាសាលារៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការចាត់វិធានការជាបន្ទាន់ និងទាន់ពេលវេលា ដើម្បីបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែមឱ្យមានប្រសិទ្ធភាព និងការកំណត់ឱ្យឃើញច្បាស់ពីឫសគល់ដែលជាដើមចមនៃជំងឺទឹកនោមផ្អែម មុនពេលដែលជំងឺនេះបង្កផលវិបាកធ្ងន់ធ្ងរ។ សំខាន់ជាងនេះទៀត យើងត្រូវធានាឱ្យបានថាអ្នកជំងឺអាចទទួលបានការព្យាបាលទាន់ពេលវេលា និងមានតម្លៃសមរម្យ។

សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍បន្តថា សារដ៏សំខាន់សម្រាប់ទាំងអស់គ្នាដែលត្រូវតែចងចាំ គឺ «ជំងឺទឹកនោមផ្អែមជាជំងឺដែលអាចបង្ការបាន ហើយផលវិបាករបស់វាអាចពន្យារពេល ឬជៀសវាងបាន តាមរយៈការរកឃើញទាន់ពេលវេលា និងការថែទាំប្រកបដោយប្រសិទ្ធភាព»។ បន្ថែមពីនេះ ការចាត់វិធានការទាន់ពេលវេលា នឹងជួយកាត់បន្ថយផលប៉ះពាល់ចំពោះមនុស្ស និងសេដ្ឋកិច្ច បានយ៉ាងច្រើនថែមទៀតផង។ ក្នុងន័យនេះ «យើងត្រូវចាត់វិធានការឱ្យបានទាន់ពេលវេលា ការពារឱ្យបាន រកឱ្យឃើញពីមូលហតុ និងព្យាបាលឱ្យបានឆាប់រហ័ស»។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា សុខភាពពលរដ្ឋត្រូវបានយកចិត្តទុកដាក់ជាអាទិភាពខ្ពស់បំផុតតាំងពីសម័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីមកម្ល៉េះ។ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តផ្តល់អាទិភាពកាន់តែខ្លាំងឡើងលើការលើកកម្ពស់សេវាសុខាភិបាលសាធារណៈ ការជំរុញការថែទាំសុខភាពដោយបង្ការ និងការដោះស្រាយបន្ទុកដែលកំពុងកើនឡើង បណ្តាលមកពីជំងឺមិនឆ្លង។ វឌ្ឍនភាពសំខាន់ៗ ត្រូវបានសម្រេចនៅក្នុងការបង្កើតក្របខណ្ឌគោលនយោបាយថ្នាក់ជាតិ ការពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាពបឋម និងការពង្រឹងសមត្ថភាពរបស់គ្រឹះស្ថានសុខាភិបាលមូលដ្ឋាន ក្នុងការផ្តល់សេវាពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺទឹកនោមផ្អែម ព្រមទាំងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។

ប្រធានរដ្ឋសភា បានលើកឡើងថា ក្នុងនាមជាស្ថាប័នតំណាងឱ្យប្រជាជន រដ្ឋសភាមានភារកិច្ចយ៉ាងសំខាន់ក្នុងការគាំទ្រ និងជំរុញដល់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិនេះ តាមរយៈមុខងារសំខាន់ៗទាំងបីរបស់រដ្ឋសភា ដូចជា មុខងារនីតិកម្ម គឺត្រូវតែគាំទ្រនូវច្បាប់ និងបទប្បញ្ញត្តិនានា ដែលលើកកម្ពស់ដល់ការទប់ស្កាត់ជំងឺ ការពារសុខភាពសាធារណៈ និងការលើកទឹកចិត្តពីរបៀបរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ឱ្យមានសុខភាពល្អប្រសើរជាងមុន។ តាមរយៈតួនាទីរបស់រដ្ឋសភាក្នុងការពិនិត្យ និងអនុម័តថវិកាជាតិ សភាអាចពិនិត្យ និងអនុម័តធនធានដែលជាតម្រូវការសម្រាប់ការការពារ ការរកឃើញជំងឺឱ្យបានឆាប់ ការថែទាំសុខភាពបឋម និងលទ្ធភាពទទួលបានឱសថចាំបាច់។ ដើម្បីសម្រេចបាននូវគោលនយោបាយសុខាភិបាលសាធារណៈប្រកបដោយប្រសិទ្ធភាព ទាមទារនូវហិរញ្ញប្បទានប្រកបដោយចីរភាព ជាដើម។

តាមរយៈតួនាទីភាពជាតំណាងប្រជាពលរដ្ឋ សមាជិកសភាគ្រប់រូបអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការកៀរគរការចូលរួមក្នុងសហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់។«ខ្ញុំសូមលើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភាទាំងអស់ ពាំនាំនូវពាក្យស្លោក «ពលរដ្ឋមានសុខភាពល្អ កម្ពុជាបវររុងរឿង» ទៅកាន់មណ្ឌលបោះឆ្នោតរបស់ខ្លួន ផ្សារភ្ជាប់ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំសហគមន៍ ព្រមទាំងស្តាប់ពីកង្វល់របស់ប្រជាពលរដ្ឋ និងធានាថាអាទិភាពសុខាភិបាលជាតិឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន» នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា។

ដើម្បីឱ្យអង្គសិក្ខាសាលាដំណើរការទៅមានប្រសិទ្ធភាព ប្រមូលបានធាតុចូលសំខាន់ៗក្នុងការដោះស្រាយបញ្ហាសង្គមជាសកលមួយនេះ សម្តេចប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍ចំនួន៥ ចំនុចរួមមាន៖ ទីមួយ ជំរុញលទ្ធភាពទទួលបានការរកឃើញជំងឺឱ្យបានឆាប់សម្រាប់មនុស្សគ្រប់គ្នា ទីពីរ ធានាការថែទាំសុខភាពប្រកបដោយគុណភាព ជាប់លាប់ មានតម្លៃសមរម្យ និងអាចមានលទ្ធភាពទទួលបាន ទីបី ការពារកុមារ និងលើកកម្ពស់បរិយាកាសរស់នៅដែលមានសុខភាពល្អប្រសើរ ទីបួន សហការសម្របសម្រួលគ្នាលើយុទ្ធនាការបង្ការទូទាំងប្រទេស ក្រោមពាក្យស្លោក «ពលរដ្ឋមានសុខភាពល្អ កម្ពុជាបវររុងរឿង» និងទីប្រាំ ពង្រឹងហិរញ្ញប្បទាន ការសម្របសម្រួល និងគណនេយ្យភាពរបស់សភា។

សូមជម្រាបថា សិក្ខាសាលានាឱកាសនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រសួងសុខាភិបាល គ្រូពេទ្យ ក្រុមប្រឹក្សាឃុំ សង្កាត់ យុវជន តំណាងសាសនានានា ព្រមទាំងព្រះវត្តមានដ៏ឧត្តុង្គឧត្តម សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធាន និងជាអគ្គលេខាធិការថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសុខាភិបាល អ្នកជំនាញសុខាភិបាល និងបុគ្គលិកសុខាភិបាលជួរមុខនៅទូទាំងប្រទេស ព្រមទាំងអង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍន៍នានារបស់កម្ពុជា ចំពោះការប្រឹងប្រែងឥតឈប់ឈរ និងការរួមវិភាគទានដ៏មានតម្លៃចំពោះសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះបានបង្កើតជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ការឆ្លើយតបថ្នាក់ជាតិឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពជាងមុន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia