ព័ត៌មាន
ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកដំបូងនៅកម្ពុជា ទទួលបានគាំទ្រខ្លាំង
ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកទី១ នៅកម្ពុជា បានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ ជាមួយសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងរបស់អាណាព្យាបាល ដែលបាននាំកូនៗតូចៗរបស់ខ្លួនចូលរួមយ៉ាងច្រើនកុះករ នៅផ្សារទំនើបអ៊ីអនមានជ័យ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦។

កម្មវិធីកីឡាសម្រាប់កុមារអាយុចន្លោះអាយុ ១ឆ្នាំ ដល់អាយុ ៧ឆ្នាំនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ព្រមទាំងវត្តមានអាណាព្យាបាល និងកុមារា-កុមារីរាប់រយនាក់ ដែលបានបង្ហាញទឹកមុខសប្បាយរីករាយក្នុងការចូលរួមព្រឹត្តិការណ៍នេះ។
យោងតាមគណៈកម្មការរៀបចំ ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកលើកដំបូងនេះ មានកុមារចូលរួមសរុប ៣៥០នាក់ ដែលជាតួរលេខលើសពីការរំពឹងទុក បន្ទាប់ពីមានអាណាព្យាបាលជាច្រើន បានសំណូមពរស្នើសុំចុះឈ្មោះបន្ថែម តែដោយសារកត្ដាទីតាំង និងដើម្បីធានាការរៀបចំបានល្អប្រសើរ គណៈកម្មការសម្រេចទទួលការចុះឈ្មោះត្រឹម ៣៥០នាក់ប៉ុណ្ណោះ។

យ៉ាងណាមិញឯកឧត្តម វ៉ាត់ ចំរើន បានសម្ដែងការភ្ញាក់ផ្អើល និងវាយតម្លៃខ្ពស់ ចំពោះការគាំទ្រ និងការចូលរួមរបស់កុមារ ពិសេសការជំរុញរបស់អាណាព្យាបាល ដែលបង្ហាញឲ្យឃើញពីការយល់ដឹងអំពីអត្ថប្រយោជន៍នៃការលេងកីឡា ។ ទោះបីការប្រកួតកីឡា តែងមានឈ្នះមានចាញ់ តែឯកឧត្តមសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍រៀបចំឡើង មិនផ្ដោតលើលទ្ធផលពេកនោះទេ សំខាន់គឺការចូលរួម និងបង្ហាញនូវភាពក្លាហានរបស់កុមារ តាមរយៈសកម្មភាពកីឡា។
តាមរយៈការគាំទ្រយ៉ាងផុសផុលនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមស្មារតី និងឧត្តមគិតអូឡាំពិក នឹងបន្ដរៀបចំព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ ហើយពង្រីកការរៀបចំឲ្យបានកាន់តែធំទៀត នាឆ្នាំក្រោយៗ ជាក់ស្ដែងដោយមានសំណូមពរពីអាណាព្យាបាល នៅឆ្នាំក្រោយ ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក នឹងត្រូវពង្រីកកម្រិតអាយុបន្ថែម ពីអាយុ ១ឆ្នាំ ដល់ ១០ឆ្នាំ ដើម្បីផ្ដល់ឱកាសដល់កុមារកាន់តែច្រើនចូលរួមបន្ថែមទៀត។
គួរដឹងថា សម្រាប់ឆ្នាំដំបូង នៃព្រឹត្តិការណ៍កុមារអូឡាំពិក ឆ្នាំ២០២៦ មានកីឡា ១០ប្រភេទ ដូចជាកីឡាវារ កីឡាប្រើបញ្ញាអូឡាំពិក និងកីឡារត់ សម្រាប់កុមារចន្លោះអាយុ ១ ទៅ ២ឆ្នាំ, កីឡាប្រណាំងកង់ដោល, លើកទម្ងន់ និងបាល់បោះ សម្រាប់កុមារចន្លោះអាយុ ៣ ទៅ ៤ឆ្នាំ រួមជាមួយកីឡាបាល់ទាត់ យុទ្ធគុនចម្រុះ វាយកូនគោល និងវាយសី សម្រាប់កុមារចន្លោះអាយុ ៥ ទៅ ៧ឆ្នាំ។ ក្រោយបញ្ចប់ការប្រកួត សម្រាប់កុមារទទួលបានជ័យលាភីលេខ១ ដល់លេខ៣ ក៏ទទួលបានរង្វាន់អនុស្សាវរីយ៍ពីគណៈកម្មការរៀបចំផងដែរ៕ អត្ថបទ លី ឈុនឡា













-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
-
កីឡា1 week agoអត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធានសហព័ន្ធជឿជាក់នាំ មេដាយជូនជាតិ