ព័ត៌មាន
ក្រសួងការងារ រំលឹកឱ្យម្ចាស់រោងចក្រលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារអំឡុងពេលអាកាសធាតុក្តៅ
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងអំឡុងពេលអាកាសធាតុក្តៅ។
តាមរយៈការក្រើនរំលឹកនេះ អ្នកនាំពាក្យក្រសួងការងារបញ្ជាក់ថា «នេះជាការគិតគូររបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ចំពោះកម្មករនិយោជិត ក៏ដូចជាប្រយោជន៍របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីធានាថា បរិយាកាសនៅកន្លែងធ្វើការ នៅតែបន្តដោយរលូន និងសុវត្ថិភាពនៅពេលកើនឡើងកំដៅ។ជាមួយគ្នានេះ មន្ត្រីជំនាញក្រសួងការងារ ក៏បន្តធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការតាមដានជាមួយកម្មករនិយោជិត ក៏ដូចជាសហគ្រាសផងដែរ»។
លោកបានលើកឡើងថា វិធានការចាំបាច់មួយចំនួនដែលម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់អាចអនុវត្តបាននៅរដូវក្តៅរួមមាន ការត្រួតពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និងបើកឱ្យដំណើរការឱ្យបានយ៉ាងហោចណាស់ ១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ។ បើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ នៅកន្លែងធ្វើការដែលមិនមាន លំហូរខ្យល់គ្រប់គ្រាន់ និងរៀបចំទុកដាក់សម្ភារៈនិងវត្ថុធាតុដើមឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព។
អ្នកនាំពាក្យរូបនេះបន្តថា បន្ថែមពីនេះត្រូវផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ស្របតាមការកើនកម្ដៅនៃអាកាសធាតុ និងណែនាំដល់កម្មករ និយោជិតឱ្យបរិភោគទឹកស្អាតឱ្យបានញឹកញាប់ ព្រមទាំងស្លៀក សម្លៀកបំពាក់សមស្របតាមស្ថានភាពអាកាសធាតុ។ ជាមួយគ្នានោះ អាចបាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដង ក្នុង ១ថ្ងៃ,ចាត់បុគ្គលិកទទួលបន្ទុកត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំនៅកន្លែងធ្វើការ និងបង្កើនការអប់រំនិងផ្សព្វផ្សាយអំពីវិធានការការពារសុខភាពជាប្រចាំដល់កម្មករនិយោជិត និងក្រើនរំឭក អំពីវិធានការទាំងនោះតាមរយៈប្រព័ន្ធជូនដំណឹងជាសំឡេងនៅក្នុងសហគ្រាស គ្រឹះស្ថាន។
បើតាមលោក ស៊ុន មេសា ក្នុងករណីចាំបាច់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត អាចធ្វើការទំនាក់ទំនង មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ “១២៨៦” ឬ “១២៩៧” ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឬអាចដាក់ពាក្យបណ្តឹងតាមនីតិវិធីប្រអប់ បណ្តឹងអនាមិករបស់ក្រសួង ដើម្បីចុះធ្វើការវាយតម្លៃកម្រិតហានិភ័យ ដែលអាចកើតមានឡើងចំពោះសុវត្ថិភាព និងសុខភាពកម្មករនិយោជិតក្នុងអំឡុងពេលសីតុណ្ហភាពនៅក្នុងសហគ្រាស គ្រឹះស្ថានឡើងកម្ដៅខ្លាំង៕





-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
-
កីឡា1 week agoអត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធានសហព័ន្ធជឿជាក់នាំ មេដាយជូនជាតិ