Connect with us

ព័ត៌មាន

អាជ្ញាធរបង្កើនការត្រួតពិនិត្យទីតាំងនានាដើម្បីទប់ស្កាត់ និងបង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ

កម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅតាមថ្នាក់មូលដ្ឋាន បាន​និង​កំពុ​ង​បន្ត​បង្កើន​ការ​ចុះ​ត្រួត​ពិនិត្យ​ជា​ប្រចាំ​​ទៅលើទីតាំងជួលការស្នាក់នៅនានាសម្រាប់ជនបរទេស ដើម្បីតាម​ដាន​លើ​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។

ដើម្បីជាការឆ្លើយតប ក្រោយការទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងរ​ដ្ឋបាល​ក្រោម​ជាតិ​ បាននិងកំពុងបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ លើបទល្មើសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ។

យុទ្ធនាការ នៃការចុះរដ្ឋបាលត្រួតពិនិត្យនេះ គឺ​តែង​បាន​ធ្វើ​ឡើង​ជា​រឿយៗ​ទៅ​តាម​ទីតាំង​ជួល​ការ​ស្នាក់​នៅ​តាម​ទីតាំងផ្ទះជួល ,អគារបន្ទប់ជួល , អគារខុនដូរ , ផ្ទះសំណាក់ និងសណ្ឋាគារនានា ដើម្បី​ធ្វើបច្ចុប្បន្នភាពកំណត់ឲ្យ​បាន​ច្បាស់​អំពី​ការ​រស់​នៅ​ដោយ​ស្រប​ច្បាប់​ត្រឹម​ត្រូវ​របស់​ជន​បរទេស​ទាំង​ឡាយ ជៀសវៀងការស្នាក់​នៅ​ដោយ​លួច​លាក់​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា។

ពលរដ្ឋ បង្ហាញនូវការគាំទ្រខ្ពស់ ចំពោះវិធានការដ៏ម៉ឺងម៉ាត់ ក្នុងការ​កម្ទេច​បទ​ល្មើស​ឧក្រិដ្ឋ​ទាំង​ឡាយ​ដែលបានបង្កអសន្តិសុខ និងអស្ថេរភាពដល់ប្រទេសជាតិ ។ ពលរដ្ឋ មិនចង់ឲ្យកម្ពុជា ក្លាយ​ជា​ជម្រក នៃបទល្មើសឧក្រិដ្ឋទាំងឡាយនោះទេ ពោលចង់ឲ្យ​កម្ពុជា​លេច​មុខ​លេច​មាត់​នៅ​ឆាក​អន្តរជាតិ តាមរយៈលទ្ធផលវិជ្ជមានជាច្រើន ដូចជាវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី សន្តិភាព ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍ជាដើម ។

គួរបញ្ជាក់ថា ការចុះរដ្ឋបាលពិនិត្យជាប្រចាំនេះ ក៏មានការសហការចូលរួមល្អ ពីតាម​ប​ណ្តា​ម្ចាស់​ទីតាំង​ពាក់​ព័ន្ធទាំងអស់ផងដែរ ដើម្បីឲ្យដំណើរការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋឆបោកនេះ កាន់​តែ​មាន​ប្រសិទ្ធ​ភាពខ្ពស់។ ទន្ទឹមនឹងនោះដែរ សមត្ថកិច្ច ស្នើដល់ម្ចាស់អាជីវកម្ម​ជួល​ការ​ស្នាក់​នៅ​ទាំង​អស់​ សូមកុំចូលដៃចូលជើងពាក់ពាក់ព័ន្ធបទល្មើសទាំងនេះឲ្យសោះ ក្នុងករណី​ប្រសិន​បើរ​ក​ឃើញ​ថា​មានការគប់គិតគ្នា នោះសមត្ថកិច្ចនឹងចាត់វិធានការច្បាប់ជាធរមាន ដោយ​មិន​លើក​លែង​នោះ​ឡើយ​៕ អត្ថបទ៖ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia