ព័ត៌មាន
វិចារណកថាក្រសួងបរិស្ថាន៖ ចំណុចកម្តៅ (Hotspots) បញ្ជាក់ពីចំនួនទីតាំងដែលមានការឆេះ ប៉ុន្តែមិនមែនជាទំហំ ឬកម្រិតភាពខ្លាំងនៃភ្លើងនោះទេ(អាំងតង់ស៊ីតេ)
ក្នុងការតាមដានអគ្គិភ័យតាមផ្កាយរណប ពាក្យថា «ចំណុចកម្តៅ» (Hotspots) ជារឿយៗអត្ថន័យរបស់វាត្រូវបានគេយល់ច្រឡំ។ ដើម្បីវិភាគទិន្នន័យឱ្យបានត្រឹមត្រូវ យើងត្រូវបែងចែកឱ្យដាច់រវាង “ចំនួនកន្លែងដែលឆេះ” និង “កម្រិតនៃភាពធ្ងន់ធ្ងរ”។ ក្នុងការវិភាគអគ្គិភ័យ និងការរាយការណ៍អំពីបរិស្ថាន ចំណុចកម្តៅ(Hotspots) តំណាងឱ្យ ចំនួនទីតាំងដែលត្រូវបានរកឃើញថាមានការឆេះ តែវាមិនមែនតំណាងឱ្យទំហំផ្ទៃដីដែលកំពុងឆេះ ឬកម្រិតនៃភាពខ្លាំងក្លា(អាំងតង់ស៊ីតេ)នៃចំហេះនោះឡើយ។
១. តើចំណុចកម្តៅ(Hotspots)ជាអ្វី?
ចំណុចកម្តៅ(Hotspots) កើតឡើងនៅពេលឧបករណ៍ចាប់សញ្ញារបស់ផ្កាយរណប រកឃើញផ្ទៃដីដែលមានសីតុណ្ហភាពខ្ពស់ជាងធម្មតា។ ក្នុងបច្ចេកទេសផ្កាយរណប ចំណុចកម្តៅ ១ បញ្ជាក់ពីអត្ថិភាពនៃភ្លើងក្នុងផ្ទៃ ១ ភីកសែល (Pixel) នៃរូបភាពផ្កាយរណប។ នេះមានន័យថា ទិន្នន័យចំណុចកម្តៅគ្រាន់តែឆ្លុះបញ្ចាំងប្រាប់យើងថា “មានភ្លើងនៅទីតាំងនោះ” ប៉ុន្តែវាមិនអាចប្រាប់យើងថាភ្លើងនោះ “ធំ” ឬ “ខ្លាំង” ប៉ុណ្ណានោះទេ។
២. ហេតុអ្វីបានជាចំនួនចំណុចកម្តៅ មិនអាចវាស់ទំហំផ្ទៃដីឆេះបាន?
ដោយហេតុផលខាងលើនៅចំណុច១បានបង្ហាញថា ចំនួនចំណុចកម្តៅមិនអាចប្រើប្រាស់ដើម្បីវាស់វែងផ្ទៃដីដែលឆេះសរុបបានទេ។
ចំណុចតិច តែភ្លើងធំ៖ ភ្លើងឆេះព្រៃទ្រង់ទ្រាយធំមួយ អាចបង្ហាញចំណុចកម្តៅ(Hotspots) ក្នុងចំនួនតិចតួច ប៉ុណ្ណោះ ប្រសិនបើមានផ្សែងក្រាស់ ឬពពកបាំង ដែលធ្វើឱ្យផ្កាយរណបមើលមិនឃើញសព្វជ្រុងជ្រោយ
ចំណុចច្រើន តែភ្លើងតូច៖ ភ្លើងតូចៗជាច្រើនដែលរាយប៉ាយពេញផ្ទៃដី ដូចជាការដុតឆ្ការព្រៃ ឬការដុតកាកសំណល់កសិកម្ម ជញ្រ្ជាំងស្រូវជាដើម អាចបង្កើតចំណុចកម្តៅ(Hotspots) ក្នុងចំនួនយ៉ាងច្រើន ទោះបីជាភ្លើងនីមួយៗមានទំហំតូចក៏ដោយ។
៣. ចំណុចកម្តៅ(Hotspots) មិនមែនជា “អាំងតង់ស៊ីតេ” (កម្រិតភាពខ្លាំងក្លា) នៃភ្លើង
ចំណុចកម្តៅ(Hotspots) ក៏មិនបង្ហាញពីកម្រិតនៃភាពខ្លាំងក្លានៃភ្លើង (Fire Intensity) ដែរ។ វាមិនវាស់វែងកម្ពស់អណ្តាតភ្លើង ទិន្នផលកម្តៅ ឬបរិមាណជីវម៉ាស (Biomass) ដែលត្រូវបានឆេះនោះទេ។ ចំណុចកម្តៅ(Hotspots) ពីរអាចមើលទៅដូចគ្នាទាំងស្រុងនៅក្នុងទិន្នន័យផ្កាយរណប ទោះបីជាចំណុចមួយតំណាងឱ្យភ្លើងឆេះលើផ្ទៃដីកម្រិតស្រាល និងចំណុចមួយទៀតតំណាងឱ្យភ្លើងដែលឆេះយ៉ាងខ្លាំងក្លាក៏ដោយ។ ដើម្បីវាយតម្លៃពីភាពខ្លាំងក្លានៃភ្លើង គេត្រូវការសូចនាករបន្ថែមដូចជា ថាមពលវិទ្យុសកម្មនៃភ្លើង (Fire Radiative Power) ទិន្នន័យនៃការបញ្ចេញផ្សែងពុល និងការសង្កេតផ្ទាល់នៅលើដី។
៤.សេចក្ដីសន្និដ្ឋាន
ចំណុចកម្តៅ(Hotspots) គួរតែត្រូវបានយល់ថា(Hotspots)ជាការរាប់ចំនួនទីតាំងដែលកំពុងមានការឆេះកើតមានឡើង មិនមែនជាការវាស់វែងទំហំ ឬកម្រិតនៃភាពខ្លាំងនៃភ្លើងឡើយ។ វាគឺជាសូចនករដ៏មានតម្លៃសម្រាប់ “ស្វែងរកទីតាំងភ្លើងដែលកំពុងឆេះ” ប៉ុន្តែវាមិនទាន់អាចវាស់ “ទំហំ ឬកម្រិតនៃការឆេះ” នៃអគ្គិភ័យនោះបានទេ។ ដើម្បីទទួលបានការទិន្នន័យនៃការឆេះអោយបានត្រឹមត្រូវ វាទាមទារអោយមានការវិភាគទិន្នន័យផ្សេងៗទៀតរួមគ្នាជាច្រើន។ ការបកស្រាយខុស នឹងនាំឱ្យមានការវាយតម្លៃខុសអំពីទំហំនៃមហន្តរាយធម្មជាតិដែលអាចកើតមានឡើង។ ការយល់ដឹងពីបច្ចេកទេសនេះ គឺចាំបាច់ណាស់សម្រាប់ការតាមដាន រាយការណ៍ និងឆ្លើយតបចំពោះគ្រោះអគ្គិភ័យឱ្យមានប្រសិទ្ធភាព៕

-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ