Connect with us

ព័ត៌មាន

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី យាងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី១ខ្នង ចំនួន៥បន្ទប់ និងសមទ្ធិផលនានា ក្នុងសាលាបឋមសិក្សាបង្ហើរខ្លែងស្រុកតំបែរ

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ

នៃព្រះរាជាណាចក្រកម្ពុជា ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្ដិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី បានយាងជាព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី ១ខ្នង មានចំនួន ៥បន្ទប់ និងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាបង្ហើរខ្លែង ស្ថិតនៅភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ពិធីនេះប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងព្រីង តំណាងដ៏ខ្ពង់ខ្ពស់ លោក បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាលោក គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងវត្តមានរបស់ ព្រះមន្ត្រីសង្ឃលោក លោកស្រី លោកឧកញ៉ា សប្បុរសជននានា ព្រមថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោក សុខ សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកតំបែរ បានឡើងថ្លែងរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពនានារបស់ស្រុកតំបែរក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្លែងអំណរគុណចំពោះការចូលរួមបរិច្ចាកសាងសង់អគារសិក្សាថ្មី ក្រោមជំនួយគាំទ្រពីលោក ងួន ស្តេចភក្តី និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ដែលបានគៀងគរជំនួយពីសប្បុរសជនរហូតសម្រេចបាននូវសមទ្ធិផលអគារសិក្សាថ្មីមួយខ្នងបន្ថែមទៀត ដែលចំណាយថវិការប្រមាណ ៩៤,៥៥០ ដុល្លារអាមេរិក សម្រាប់បម្រើជាប្រយោជន៍ដល់ការអប់រំសិស្សានុសិស្សនៅសាលាបឋមសិក្សាបង្ហើរខ្លែង។

បន្ថែមពីនេះលោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងព្រីង ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ។ លោកបានគូសបញ្ជាក់ថា ការរួមចំណែករបស់ក្រុមការងារនេះ បានជួយជំរុញឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់លើវិស័យនានា ជាពិសេសវិស័យអប់រំ ដែលជាវិស័យអាទិភាពមួយសម្រាប់ការកសាងធនធានមនុស្សប្រកបដោយគុណភាព។

ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទ្រង់បានមានព្រះបន្ទូលប្រកបដោយព្រះរាជហប្ញទ័យបីតិសោមនស្សថា ៖ ការកសាងសាលារៀន គឺជាការវិនិយោគដែលផ្តល់ផលចំណេញខ្ពស់បំផុតសម្រាប់សង្គមជាតិ ព្រោះទីនេះជាចំណុចចាប់ផ្តើមនៃការអប់រំបណ្តុះបណ្តាលកុមារា កុមារី ឲ្យក្លាយជាគ្រាប់ពូជដ៏មានគុណភាព និងជាសសរទ្រូងដ៏រឹងមាំដែលនឹងត្រូវបន្តវេនការពារ អភិវឌ្ឍជាតិមាតុភូមិឱ្យកាន់តែត្រចះត្រចង់ប្រកបដោយភាពទទួលខុសត្រូវ ស្វាហាប់ពោរពេញដោយថាមពល និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

សម្តេចជាអម្ចាស់បានមានព្រះរាជបន្ទូលបន្តថា ៖សមិទ្ធផលអគារសិក្សាថ្មីនេះ គឺជាផ្លែផ្កាដែលកើតចេញពីការខិតខំប្រឹងប្រែង និងសហការរបស់មន្ត្រីទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិស្របតាមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ និងមុតស្រួចនៃ យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះសម្តេចព្រះមហាសង្ឃរាជបានប្រោសព្រះរាជទានគ្រឿងឥស្សរិយយសជូនដល់ លោកឧកញ៉ា ថ្នាក់ដឹកនាំ លោក លោកស្រី សប្បុរសជន និងលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមចំណែកក្នុងការកសាង និងគាំទ្រការអភិវឌ្ឍវិស័យអប់រំ។ បន្ថែមពីនេះសម្តេចជាអម្ចាស់ទ្រង់ក៏បានប្រទានព្រះរាជអំណោយដល់សិស្សានុសិស្សរួមមាន៖ សៀវភៅចំនួន ១,៣៣៦ក្បាល, បន្ទាត់ ១,៣៣៦ដើម, ប៊ិច ១,៣៣៦ដើម និងថវិកាម្នាក់២,០០០រៀល។ ចំពោះប្រជាពលរដ្ឋទទួលបានសារ៉ុង ១ និងថវិកា ៥០០០រៀល។ ដោយឡែក កងកម្លាំងចំនួន ៤៧នាក់ និងប្រជាការពារ ១៨នាក់ ម្នាក់ៗទទួលបានថវិកា ២០,០០០រៀល និងលោកគ្រូ អ្នកគ្រូ ២៧នាក់ ម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល ដែលសរុបជាថវិកាប្រមាណជាង ១១លានរៀល និងថវិកាដែលទទួលបានពីសប្បុរសជននានា បន្ថែមជាមួយគ្នានេះដែរសប្បុរសជនដែលមានសទ្ធាជ្រះថ្លាលោក សុខ សារិទ្ធ

មហាឧបាសិកា សុខ ណៃ ក៏ចូលរួមសាងសង់សាលាឆាន់ក្នុងវត្តត្រពាំងព្រីងចំនួន ១៥,០០០ ដុល្លារអាមេរិកផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia