Connect with us

កីឡា

គ្រូថ្មី Li Huanning មានបទពិសោធន៍ជាង ៣ទសវត្សរ៍ មុនមកដឹកនាំ​ក្រុមបាល់ទះ​ជម្រើសជាតិកម្ពុជា

សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចតែងតាំងលោក Li Huanning ជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្រោយការចែកផ្លូវជាមួយលោក Li Jun កាលពីថ្មីៗ។ ជាមួយការផ្លាស់ប្ដូរគ្រូថ្មីនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ដ្បិតគ្រូមុន បានរួមចំណែកអភិវឌ្ឍន៍ និងកសាងនូវសមិទ្ធផលជាច្រើន សម្រាប់វិស័យកីឡាបាល់ទះកម្ពុជា។

យ៉ាងណាការនាំចូលគ្រូបង្វឹកថ្មី ដែលគេស្គាល់បុគ្គលសម្បូរដោយបទពិសោធន៍ និងធ្លាប់ដឹកនាំក្រុមជាច្រើនក្នុងតំបន់អាស៊ាន នឹងអាចជួយអភិវឌ្ឍន៍ និងដឹកនាំក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឆ្ពោះទៅសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

យោងតាមប្រវត្តិបុរសជនជាតិចិនលោក Li Huanning ធ្លាប់ដឹកនាំក្រុមជាច្រើន ទាំងជម្រើសជាតិ និងក្លិប ដោយលោកបានផ្ដើមអាជីពដំបូង ដឹកនាំក្រុមយុវជនសៀងហៃ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៥ មុនដឹកនាំក្រុមយុវជនឆាយនីសតៃប៉ិ នៅឆ្នាំ២០០៦ ដល់ឆ្នាំ២០១០ ហើយកំឡុងឆ្នាំ២០០៨ លោក៏ធ្លាប់ដឹកនាំក្រុមធំឆាយនីសតៃប៉ិផងដែរ។

លុះដល់ឆ្នាំ២០១២ គ្រូបង្វឹកវ័យ ៦២ឆ្នាំរូបនេះ បានចេញមកដឹកនាំក្រុមយុវជនវៀតណាម ខណៈដឹកនាំបាន ៤ឆ្នាំ លោកបានផ្លាស់ទៅដឹកនាំក្រុមបាល់ទះនារី Petroklmla នៅប្រទេសឥណ្ឌូណេស៊ី ពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០១៧ និងដឹកនាំក្រុមបាល់ទះនារី Creamline របស់ហ្វីលីពីន នៅឆ្នាំ២០១៩ ខណៈចូលឆ្នាំ២០២០ លោកបានត្រឡប់ទៅប្រកបអាជីពនៅវៀតណាមវិញ ដោយដឹកនាំក្រុមជម្រើសជាតិវៀតណាម រហូតដល់ឆ្នាំ២០២៣ មុនត្រឡប់ទៅដឹកនាំក្រុមជម្រើសហុងកុង នៅឆ្នាំ២០២៣-២០២៤។

ក្នុងអាជីពគ្រូបង្វឹកជាង ៣០ឆ្នាំនេះដែរ លោក Li Huanning ធ្លាប់ទទួលបានសមិទ្ធផលជាច្រើន តែភាគច្រើនជាពានក្នុងស្រុក កំឡុងពេលលោកដឹកនាំក្រុមយុវជនឆាយនីសតៃប៉ិ ។

ប៉ុន្ដែការមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ជំនួសតំណែងលោក Li Jun នឹងមានកាតព្វកិច្ចសំខាន់ៗជាច្រើន កំពុងរង់ចាំលោក Li Huanning ជាក់ស្ដែងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ SEA V.League ឆ្នាំ២០២៦ និងស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី នាឆ្នាំក្រោយជាដើម។

គួរដឹងថា រយៈពេលជិត ១០ឆ្នាំ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Li Jun មុនជំនួសតំណែងដោយគ្រូបង្វឹកថ្មីលោក Li Huanning ពេលនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានសាងកំណត់ត្រាប្រវត្តិសាស្ដ្រជាច្រើន ដូចជាការឈ្នះមេដាយសំរឹទ្ធលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម មុនបន្ដឈ្នះមេដាយប្រាក់ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា និងការឈ្នះជើងឯក SEA V. League Challenge ឆ្នាំ ២០២៤ ដើម្បីទទួលបានកៅអីលេងជើងឯកអាស៊ីអាគ្នេយ៍ ក៏ដូចជាការទទួលបានសិទ្ធចូលរួមប្រកួតកីឡាអាស៊ី និងពានរង្វាន់អន្ដរជាតិផ្សេងៗទៀត។ ដូច្នេះចាំមើលតើការផ្លាស់ប្ដូរគ្រូបង្វឹកថ្មី នឹងមានអ្វីប្រែប្រួលបន្ថែមទៀត សម្រាប់វិស័យបាល់ទះកម្ពុជា? អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia