Connect with us

កីឡា

ព្រះខ័នរាជ ឡើងជួបបឹងកេត នៅវគ្គ ១/២ ពានសម្ដេចតេជោ ហ៊ុន សែន ក្រោយ​វាយ​បក​ឈ្នះ​គិរីវង់​ ៤-១

ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃ​ពាន​រង្វាន់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥-២៦ ដោយ​ត្រូវ​ជួប​ក្រុម​បឹងកេត បន្ទាប់ពីពួកគេ បានវាយបកឈ្នះក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៤-១ ក្នុង​ជំនួប​ជើង​ទី២ នៃវគ្គ ៨ក្រុមចុងក្រោយ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីល្ងាចថ្ងៃទី១៨ ខែ​មីនា ឆ្នាំ២០២៨។

ក្រោយ​ភ្លាត់ចាញ់ក្រៅដី ២-១ កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង ធ្វើបាន​យ៉ាង​ល្អ​ក្នុង​ជំនួប​ជើង​ទី​២ លើទឹកដីរបស់ខ្លួន ជាមួយការលេងដាក់សម្ពាធលើគិរីវង់សុខសែនជ័យ តាំង​ពី​ចាប់​ផ្ដើម​វគ្គ​ទី១ រហូតរកបាន ៤គ្រាប់ជាបន្ដបន្ទាប់ ដោយកីឡាករ Yudai Ogawa នៅនាទី១១, ញាណ សុស៊ីដាន នៅនាទី៣៨, Peprah Kwame នៅនាទី៤៣ និង Patrick Robson នៅនាទី៥៥ មុន​កីឡាករ Ekene Azike រកបាន ១គ្រាប់ចុងម៉ោងឲ្យគិរីវង់សុខសែនជ័យ តាម​រយៈ​ការ​ស៊ុត​បាល់​ពិន័យ ​១១ម៉ែត្រ នៅនាទី៩០+៤។

សរុបទាំង ២ជើង ព្រះខ័នរាជស្វាយរៀង បានយកឈ្នះគិរីវង់សុខសែនជ័យ ៥-៣ ដែល​ជួយ​ឲ្យ​ក្រុម​ជើង​ឯករងឆ្នាំចាស់នេះ ឡើងទៅជួបក្រុមបឹងកេត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់​ពី​ក្រុម​នាគ​ខៀវបឹងកេត បានទម្លាក់ក្រុមកងយោធពលខេមរភូមិន្ទ នៅវគ្គ ៨ក្រុមចុងក្រោយដូចគ្នា។ សម្រាប់​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងបន្ដការប្រកួត ២ជើង នាថ្ងៃទី២២ និងថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២៦ ខាងមុខ ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រដូវកាលនេះ៕ អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia