Connect with us

ព័ត៌មាន

សម្ដេចប្រធានរដ្ឋសភា៖ កត្តាសាមគ្គីភាពជាតិរបស់ខ្មែរ ទាំងក្នុង និងក្រៅប្រទេស មាន​សារៈ​សំខាន់​ណាស់ ក្នុងការការពារបូរណភាពទឹកដី និងអភិវឌ្ឍប្រទេសជាតិ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កត្តាសាមគ្គីភាពជាតិរបស់ខ្មែរទាំងក្នុង និងក្រៅប្រទេស មានសារៈសំខាន់ណាស់។ ការរួមគ្នាជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការការពារបូរណភាពទឹកដី និងអភិវឌ្ឍប្រទេសជាតិឲ្យសម្រេចគោលដៅឆ្នាំ២០៣០ កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

សម្តេចបានថ្លែងបែបនេះ នៅក្នុងឱកាសអនុញ្ញាតឲ្យលោក ហៃ វណ្ណា ប្រធានសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពការងាររបស់សមាគម នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ទើបតែបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ប៉ុន្តែបានចាប់ផ្តើមធ្វើសកម្មភាពតាំងពីឆ្នាំកន្លងទៅ។ សមាគមមានបេសកកម្មក្នុងការសម្របសម្រួលការរស់នៅ ការប្រកបការងារ ការសិក្សា និងការវិនិយោគរបស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន និងជាស្ពានទាក់ទាញវិនិយោគិនជប៉ុន មកបណ្តាក់ទុននៅកម្ពុជា ផងដែរ។

ជាមួយគ្នានេះ សមាគមមានកម្មវិធីមនុស្សធម៌ជាច្រើន ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសជប៉ុន។ ជំរុញទំនាក់ទំនងរវាងពលរដ្ឋខ្មែរ និងពលរដ្ឋជប៉ុន ក៏ដូចជាជាមួយជាតិសាសន៍ដទៃទៀត ព្រមទាំងផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងម្ហូបអាហារខ្មែរ ឲ្យអន្តរជាតិបានស្គាល់។ សមាគមក៏បានជួយសម្របសម្រួលក្នុងការរៀបចំតាំងពិព័រណ៍ផលិតផលខ្មែរ នៅប្រទេសជប៉ុន ទៀតផង។

លោក ហៃ វណ្ណា បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា ក្នុងពេលដែលកម្ពុជាបានទទួលរងការឈ្លានពានពីយោធាថៃ សមាគមបានធ្វើសកម្មភាពមនុស្សធម៌រួមជាមួយរាជរដ្ឋាភិបាល និងសភា តាមរយៈការចែកជូនអំណោយមនុស្សធម៌ដល់ពលរដ្ឋភៀសសឹក។ ជាពិសេស បានផ្តល់កម្លាំងចិត្ត និងមធ្យោបាយនានា ដល់កុមារ និងយុវជន កុំឲ្យបោះបង់ការសិក្សា ព្រោះចំណេះវិជ្ជាមានសារៈសំខាន់ក្នុងការអភិវឌ្ឍប្រទេស និងការពារបូរណភាពទឹកដី។

សម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់សមាគម និងបានមានប្រសាសន៍បញ្ជាក់ថា សមាគមខ្មែរនៅបរទេស ជាការប្រមូលផ្តុំសំឡេងរបស់ពលរដ្ឋខ្មែរ ដើម្បីការពារផលប្រយោជន៍ជាតិ និងបង្កើនការជឿជាក់របស់អន្តរជាតិមកលើកម្ពុជា។ សម្តេចបានគាំទ្រ និងលើកទឹកចិត្តឲ្យសមាគមបន្ត និងពង្រីកសកម្មភាពរបស់ខ្លួន ទំាងការលើកកម្ពស់ផលប្រយោជន៍ជាតិ និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា សាមគ្គីភាពជាតិរបស់ខ្មែរ ទាំងក្នុង និងក្រៅប្រទេស មានសារៈសំខាន់ណាស់។ ការរួមគ្នាជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការការពារបូរណភាពទឹកដី និងអភិវឌ្ឍប្រទេសជាតិឲ្យសម្រេចគោលដៅឆ្នាំ២០៣០ កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការពង្រឹងសេដ្ឋកិច្ចជាតិ និងសន្តិសុខជាតិ ជាចំណុចអាទិភាព ដែលត្រូវអនុវត្តស្របគ្នា ក្នុងការកសាងភាពធន់របស់ជាតិ នៅគ្រប់កាលៈទេសៈ។ យើងត្រូវចេះប្រើការលំបាកទៅជាឱកាស ដូចអ្វីដែលមហាគ្រួសារខ្មែរកំពុងធ្វើបច្ចុប្បន្ននេះ ជាការត្រឹមត្រូវបំផុត។ ខ្មែរបានរួមគ្នាបង្កើនការផលិតនិងការប្រើប្រាស់ផលិតផលខ្មែរ នេះជាការពង្រឹងសន្តិសុខ និងសេដ្ឋកិច្ចជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia