ព័ត៌មាន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ជួបសំណេះសំណាលជាមួយអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និង ឯកឧត្តម ត្រិន កឹមទូ សមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នារសៀលថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតនិស្សិតកម្ពុជា ដែលទទួលបានការបណ្តុះបណ្តាលនៅប្រទេសវៀតណាម នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។
លោក អ៊ុច លាង ប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម បានធ្វើសេចក្តីរាយការណ៍អំពី វឌ្ឍនភាព ការងាររបស់សមាគម ព្រមទាំងបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ពិសេសការជួយសម្របសម្រួលរាល់ការងារពាក់ព័ន្ធនឹងនិស្សិតកម្ពុជាដែលទទួលបានការបណ្តុះបណ្តាលនៅវៀតណាម។
មានប្រសាសន៍ទៅកាន់អង្គពិធី សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម គឺជាទំនាក់ទំនងដែលមានចរិតលក្ខណៈប្រវត្តិសាស្ត្រ រួមសុខរួមទុក្ខ និងជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ ក្រោមទិសស្លោក «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ ប្រទេសទាំងពីរបានពង្រឹងចំណងសាមគ្គីភាពកាន់តែស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងបរិបទនៃយុគសម័យឌីជីថល និងការប្រកួតប្រជែងសកល វិស័យអប់រំគឺជាសសរស្តម្ភដ៏សំខាន់បំផុត។ ជាច្រើនទសវត្សរ៍កន្លងមកនេះ រដ្ឋាភិបាលវៀតណាមបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជារាប់ពាន់នាក់ទៅសិក្សានៅលើទឹកដីវៀតណាម ហើយក្មួយៗដែលវត្តមាននៅទីនេះ គឺជា “ធនធានមនុស្សដ៏មានសក្តានុពល” និងជាតម្លៃនៃកិច្ចសហប្រតិបត្តិការនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត ចាត់ទុកវត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានឧបត្ថម្ភគាំទ្រដល់កម្ពុជា ជាពិសេសលើវិស័យអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស។ ការជួបជុំក្នុងឱកាសដ៏មានអត្ថន័យនេះ បង្ហាញឱ្យឃើញពីការបន្តពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី ការយោគយល់គ្នា និងសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។
ដោយឡែក ឯកឧត្តមសមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានមានប្រសាសន៍ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម មានការរីកចម្រើនលើគ្រប់វិស័យ ដែលក្នុងនោះទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរសម្រេចបានដល់ ១១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៥។ បើទោះបីដើមឆ្នាំ២០២៦ សេដ្ឋកិច្ចពិភពលោកជួបការលំបាក ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែរក្សាបានសន្ទុះល្អប្រសើរ។
ឯកឧត្តមបន្តថា កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗត្រូវបានជំរុញបន្ថែមកាន់តែសកម្ម ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យសុខាភិបាល ដែលជាផ្លែផ្កានៃទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ឯកឧត្តមបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ដែលបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។
ឯកឧត្តមសង្ឃឹមជឿជាក់យ៉ាងមុតមាំថា អតីតនិស្សិតកម្ពុជាដែលបានសិក្សានៅប្រទេសវៀតណាម នឹងក្លាយជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងកាន់តែស្អិតរមួតបន្ថែមទៀត ហើយសូមឱ្យទំនាក់ទំនងមិត្តភាព ប្រពៃណី និងសន្តិភាព ដែលថ្នាក់ដឹកនាំជាច្រើនជំនាន់បានពូនជ្រំ នឹងបន្តអភិវឌ្ឍដើម្បីផលប្រយោជន៍រួម ក៏ដូចជាដើម្បីសន្តិភាពនៅក្នុងតំបន់ និងសកលលោក៕









-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង