កីឡា
ព្រះខ័នរាជ ចង់ឈ្នះ និងបង្ហាញពីគុណភាពក្រុម ក្នុងជំនួបបង្គ្រប់កិច្ចជើងឯកអាស៊ីអាគ្នេយ៍ស្អែកនេះ
ទោះបីត្រឹមជាការប្រកួតបង្គ្រប់កិច្ចក្ដី តែក្លិបព្រះខ័នរាជស្វាយរៀង មិនផ្លាស់ប្ដូរជំហរដ៏មុតមាំរបស់ខ្លួនឡើយ ដោយពួកគេត្រូវការជ័យជម្នះ ជាមួយការបង្ហាញពីគុណភាព និងកម្រិតលេង ក្នុងនាមក្រុមតំណាងកម្ពុជា នៅក្នុងជំនួបទល់នឹងក្រុម Bangkok United របស់ថៃ នាល្ងាចថ្ងៃទី២២ ខែមេសាស្អែកនេះ នៅកីឡដ្ឋាន Hang Day នាទីក្រុងហាណូយ ប្រទេសវៀតណាម ដែលជាជំនួបបញ្ចប់ពូលB ក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥/២៦។

មុនឡើងយន្ដហោះឆ្ពោះទៅទីក្រុងហាណូយ នៅរសៀលថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក McConkey Mattew គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា ថា គោលដៅរបស់ក្រុម ជុំវិញការប្រកួតនេះ មិនខុសពីប្រកួតមុនៗ គឺក្រុមចង់បង្ហាញពីគុណភាព និងកម្រិតលេងរបស់ខ្លួន ដើម្បីព្យាយាមស្វែងរកជ័យជម្នះ។ លើសពីនេះ លោកក៏អរគុណក្លិបបឹងកេត ដែលយល់ព្រមលើកពេលការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ជើងទី១ នាថ្ងៃទី២២ ខែមេសា ដើម្បីសម្រួលដល់ការប្រកួតនេះផងដែរ។
សូមរំឮកថា ជំនួបរវាងក្រុមទាំងពីរ ដំបូងឡើងត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ តាំងពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ តែដោយសារក្លិប Bangkok United បដិសេធមិនធ្វើដំណើរមកប្រកួតនៅកម្ពុជា ព្រោះបារម្ភពីបញ្ហាសុវត្ថិភាព ដោយសារបញ្ហាព្រំដែន សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ក៏សម្រេចលើកពេលការប្រកួតនេះ រហូតដល់មានការសម្រេចចុងក្រោយឲ្យក្រុមទាំងពីរលេងនៅទឹកដីកណ្ដាល នាទីក្រុងហាណូយ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះ។

បន្ទាប់ពីមានប្រតិកម្មពីអ្នកគាំទ្រជុំវិញការកំណត់ និងយល់ព្រមលេងនៅទឹកដីកណ្ដាលនេះដែរ ក្លិបព្រះខ័នរាជស្វាយរៀង បានចេញសេចក្ដីថ្លែងការណ៍មួយ តាមរយៈអ្នកចាត់ការទូទៅក្លិបលោក Christopher Grant គឺក្លិបបានយល់ច្បាស់ពីការខកចិត្ត និងអារម្មណ៍ជុំវិញស្ថានភាពមួយនេះ តែលោកបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះ មិនមែនធ្វើឡើងដោយក្លិបនោះទេ។
ក្លិបបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរៀបចំការប្រកួតនេះនៅក្នុងប្រទេសកម្ពុជា។ ជាការពិតណាស់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ មក ក្លិបបានផ្តល់នូវផែនការពេញលេញ និងការធានាផ្សេងៗ ដើម្បីធានាថាការប្រកួត អាចត្រូវបានរៀបចំឡើងដោយសុវត្ថិភាព និងជោគជ័យ ដូចដែលយើងធ្លាប់បានធ្វើជាច្រើននៅពេលទទួលស្វាគមន៍ក្រុម អន្តរជាតិនានា។
ជាច្រើនដងកន្លងមកនេះ ក្លិបក៏បានលើកឡើងពីកង្វល់អំពីផលប៉ះពាល់ផ្នែកកីឡានៃការសម្រេចចិត្តនេះ រួមមានការធ្វើដំណើរអន្តរជាតិបន្ថែម និងកាលវិភាគប្រកួតដ៏មមាញឹកដែលមានផលប៉ះពាល់ដល់ការសម្រាកការពារសុខុមាលភាព កីឡាករ និងសមត្ថភាពរបស់ក្លិប ក្នុងការដាក់កីឡាករខ្លាំងបំផុតចូលលេងក្នុងគ្រប់កម្មវិធីប្រកួត។ ទោះបីជាមានការខិតខំប្រឹងប្រែងទាំងនេះក៏ដោយ ក៏ការសម្រេចចិត្តជាចុងក្រោយនៅតែត្រូវលេងនៅទឹកដីកណ្តាល។
តាមរយៈនេះ ព្រះខ័នរាជស្វាយរៀង មានតែយល់ព្រមទាំងបង្ខំ ដ្បិតមានផលវិបាក និងការជះឥទ្ធិពលមិនល្អជាច្រើនដល់ក្លិប ដូចជាក្នុងនាមជាក្លិបចូលរួមក្នុងកម្មវិធីប្រកួតនេះ តម្រូវឱ្យគោរពតាមបទប្បញ្ញត្តិផ្លូវការ ហើយប្រសិនបើក្លិបបដិសេធមិនចូលរួមប្រកួត វាអាចនឹងមានផលវិបាកធ្ងន់ធ្ងរដល់ក្លិប រួមមាន៖ ការផាកពិន័យជាប្រាក់រហូតដល់ ១,០០០,០០០ដុល្លារអាមេរិក, ការហាមឃាត់មិនឱ្យចូលរួមការប្រកួតផ្សេងៗរហូតដល់ ២ឆ្នាំ និងព្រមទាំងទណ្ឌកម្មបន្ថែមផ្សេងៗទៀត។
ដោយហេតុនេះ ព្រះខ័នរាជស្វាយរៀង បានសូមការយោគយល់ចំពោះស្ថានភាពដែលក្លិប កំពុងជួបប្រទះ ដែលវាមិនមែនជាកំហុសដោយសារក្លិបនោះទេ ហើយក្លិបក៏តែងតែផ្តល់តម្លៃខ្ពស់ និងបន្តគោរពរាល់កង្វល់របស់អ្នកគាំទ្រជានិច្ច។ ជាងពេលណាៗទាំងអស់ ក្លិបត្រូវការការគាំទ្រពីប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងនាមក្លិបត្រូវតំណាងឲ្យប្រទេសកម្ពុជា ត្រៀមចូលរួមការប្រកួតពានរង្វាន់អន្ដរជាតិមួយនេះ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន2 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន24 hours agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន4 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន4 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 day agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត