Connect with us

ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃ​ទី៣​ ខែ​មិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តកំពង់ធំ, ក្នុងឱកាស​នោះ​សម្ដេច​បាន​ណែនាំ​មន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ​។

ខេត្តកំពង់ធំ ស្ថិតនៅចំកណ្តាល នៃព្រះរាជាណាចក្រកម្ពុជាមាន ក្រុង ១, ស្រុក ៨, ឃុំ ៧៣, សង្កាត់ ៨ និងមានភូមិ ៧៦៥ មាន​ប្រជាពលរដ្ឋ​រស់​នៅ​សរុប​ចំនួន​២០៤.៣៩៣​គ្រួសារ​ស្មើនឹ​ង​៨៨០.៨៩៦នា​ក់។

មានប្រសាសន៍សំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានកោត​សរសើរ​ចំពោះ​ខេត្ត​កំពង់ធំ ធ្វើការងារបានល្អពាក់ព័ន្ធនិវត្តជន និងអតីតយុទ្ធ​ជន​បង្ហាញ​ពី​ការ​គិតគូរ និង​យក​ចិត្ត​ទុក​ដាក់ តាមរយៈសម្តេចកត់សម្គាល់ថា ខេត្តកំពង់ធំជាខេត្តដំបូង​ដែល​បាន​ធ្វើ​របាយ​ការណ៍​ជូនស​ម្តេចស្តីពីការអនុវត្តគោលនយោបាយគាំពារសង្គមក្នុងខេត្ត។ សម្រាប់ខេត្តកំពង់ធំ សម្តេច​តេជោក​ត់សម្គាល់ឃើញថា អគ្គិសនីគ្រប់គ្រាន់តែនៅក្នុងខេត្តកំពង់ធំ ប្រើប្រាស់​បច្ចុប្បន្ន​រង្វង់​៤៤​មេហ្គាវ៉ាត់ ដែលកាលពីមុន​អគ្គិសនី​នៅ​កម្ពុជា​ប្រើ​តែ​ជាង​៣០​មេហ្គាវ៉ាត់​ទេ​នៅ​ទូទាំង​ប្រទេស ​នេះបង្ហាញពីការលូតលាស់ជារួមនៅកម្រិតទូទាំងប្រទេស និងកម្រិតដាច់​ដោយ​ឡែក​នៃ​ខេត្ត​នីមួយៗ​ផងដែរ។ នេះជាការទទួលបាន កើតចេញពីការប្រឹងប្រែងទាំងអស់គ្នា។

នា​ឱកាសនោះ ទាក់ទងការបំពេញការងាររបស់មន្ត្រី សម្តេចបានមានប្រសាសន៍ថា សម្តេច​តែង​តែ​រំលឹក​ទៅ​ដល់មន្ត្រីតាំងពីសម្តេចជានាយករដ្ឋមន្ត្រីគឺ«យើងត្រូវរត់ទៅរកការងារ កុំអោយ​ការ​ងារ​រត់​មក​រក​យើង ត្រូវរត់ទៅរកប្រជាជន កុំអោយប្រជាជនរត់មករកយើង» ។

ចំពោះ​ការងារនៅមូលដ្ឋានត្រូវយកចិត្តទុកដាក់លើការងារបន្ត សម្តេចតេជោបានណែនាំ និង​ផ្តល់​អនុសាសន៍​ដល់​មន្ត្រីខេត្តនិងនៅតាមមូលដ្ឋាន យកចិត្តទុកដាក់ធ្វើជាបង្អែកដល់គ្រួសារកងទ័ព គ្រួសារ​យុទ្ធជនពលី គ្រួសារយុទ្ធជនពិការ មិនអាចទុកពួកគាត់ចោលដោយមិនបានដឹង និង​ដោយ​មិន​បានដោះស្រាយនោះទេ។

សម្តេចតេជោណែនាំឲ្យខិតខំរក្សាស្ថិរភាពនយោបាយ សន្តិសុខសង្គមអោយបានល្អ ប្រយ័ត្ន​លើ​ការ​ឆបោក​អនឡាញដែលអាចពង្រាយខ្លួន។ តាមភូមិឃុំ ត្រូវយកចិត្តទុកដាក់នៅមូលដ្ឋាន បោស​សម្អាត​អោយ​អស់ក្រែងមានការបែកសំបុកទៅជាក្រុមតូចៗ ត្រូវបង្ក្រាបគ្រប់កន្លែងទាំងអស់។ នៅ​តាម​មូល​ដ្ឋានក៏ត្រូវជួយគ្រប់គ្រងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចតាមរយៈការខិតខំទាំងឡាយ ខណៈ​បញ្ហា​សេដ្ឋកិច្ច​មិនមែនជាបញ្ហាតូចតាចនោះទេ។ ចូលរួមសន្សំសំចៃ ក៏ជាផ្នែកមួយសំខាន់ និង​ខិត​ខំ​ចូល​រួម​ចំណែកប្រមូលថវិកាជាតិ។

សម្តេចតេជោបន្តថា អ្វីដែលខេត្តកំពង់ធំត្រូវយកចិត្តទុក ជារួមខេត្តជុំវិញទន្លេសាប ដែល​មាន​ទាំង​ដី​ទឹក ​និងដីគោក មានការទន្ទ្រានកាន់កាប់ព្រៃលិចទឹក មានដីតំបន់៣ សូមបន្ត​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​ចំណុចនេះ និងមានធនធានដទៃទៀតដែលត្រូវជួយគ្រប់គ្រងអោយបានល្អ ការពារ​ធន​ធាន​ធម្មជាតិ​ដែលមាននៅមូលដ្ឋានអោយបានគង់វង្ស។

លើការងារដីធ្លី​នៅ​មូលដ្ឋាន សម្ដេចតេជោក៏ឱ្យណែនាំ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ និងលុបបំបាត់ទំនាស់ដីធ្លីនៅទូទាំងប្រទេស តាមរយៈយន្ត​សម្រប​សម្រួល​ក្រៅ​ប្រព័​ន្ធ​តុលាការ និងវាស់វែងផ្តល់បណ្ណកម្មសិទ្ធជូនប្រជាជនអោយបានឆាប់។

សម្តេចតេជោ​ក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់គ្រប់គ្រង និងជួយមើល​ថែ​ចំពោះ​បង​ប្អូន​អតីត​យុទ្ធជន និងនិវត្តន៍ជនដែលមានក្នុងមូលដ្ឋាន។

ចំពោះ​រោង​ចក្រសហគ្រាសនានានៅក្នុងខេត្តកំពង់ធំមិនមានច្រើនទេ ប៉ុន្តែសម្តេច​តេជោ​នៅ​តែ​ណែនាំ​អោយ​យកចិត្តទុកដាក់បន្ថែមគ្រប់គ្រងអោយបានល្អចំពោះកម្មករនិយោជិត និងខិតខំ​ដោះ​ស្រាយ​វិវាទការងារនៅគ្រប់ទីកន្លែងអោយបានឆាប់បំផុត ប្រសិនបើមាន។

លើការងារ​នៅមូ​លដ្ឋាន សម្តេចតេជោណែនាំឲ្យខិតខំបម្រើប្រជាជនដោយស្មោះត្រង់ សម្តេច​ឃើញ​ថា​មូលដ្ឋានបានខិតខំធ្វើការបានល្អហើយ ប៉ុន្តែមូលដ្ឋានត្រូវខិតខំបន្តទៀត «អំពើល្អ​ចំពោះ​ប្រជា​ពលរដ្ឋ​ ទទួលបានត្រឡប់មកវិញដោយការស្រលាញ់ ប៉ុន្តែអំពើទាំងឡាយណាដែលមិនល្អ ទទួល​បានត្រឡប់មកវិញដោយការស្អប់ពីប្រជាពលរដ្ឋ។ អ្វីក៏ដោយកើត​ចេញ​ពីកា​រ​ខុស​ឆ្គង​របស់​មន្ត្រី​ត្រូវ​ខិតខំលុបបំបាត់»។

សូមបញ្ជាក់ថា ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បាន​ចាប់​ផ្តើម​កាល​ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ពីខេត្តកំពង់ចាម និងបន្តមកខេត្តជាបន្តបន្ទាប់ ហើយ​រហូត​មក​ដល់ពេលនេះ ជាលើកទី១២ នៅខេត្តកំពង់ធំនេះ។ ការចុះជួបសំណេះសំណាលនេះ ជា​ការ​ពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីចែករំលែកពី​ការ​វាយ​តម្លៃ​សភាព​ការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងជំរុញឱ្យការងារ មូលដ្ឋានកាន់តែមានប្រសិទ្ធភាព ក៏​ដូច​ជា​ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និង ក្រើនរំឭក​ដល់​មន្ត្រី​នៅ​មូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈ ឱ្យ​បានល្អប្រសើរ ព្រមទាំងការដោះស្រាយបញ្ហានានា ដែលជា​ក្តី​កង្វល់​របស់​ប្រជាព​លរដ្ឋ​នៅមូ​លដ្ឋា​ន ឱ្យមានប្រសិទ្ធភាពខ្ពស់និងទាន់ពេលវេលា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia