Connect with us

ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន៖ ភាពធន់សេដ្ឋកិច្ចកម្ពុជា​បង្ហាញ​ច្បាស់ចាប់​តាំង​ពី​ដំណាក់​ការ​កូវីដ​-១៩ រហូត​​មក​​ដ​ល់​ពេលនេះ ខណៈរដ្ឋមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និង​បើក​បៀវត្សពីរ​ដង​ក្នុង​មួយ​ខែ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បាន​មានប្រសាសន៍បញ្ជាក់ថា ភាពធន់ខាងសេដ្ឋកិច្ចរបស់កម្ពុជា បាន​បង្ហាញ​ច្បាស់​ចាប់​តាំង​ពី​ដំណាក់​ការ​កូវីដ-១៩ រហូតមកដល់ពេលនេះ ខណៈ​រាជរដ្ឋាភិបាល​មាន​សាច់​ប្រាក់​គ្រប់​គ្រាន់​ដំឡើង​បៀវត្ស​ និងបើកបៀវត្ស​ពីរដងក្នុងមួយខែ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ តាម​រយៈ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុ​​កនៅ​រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ។

សម្ដេចតេជោបានសរសេរថា សម្ដេចទើបរកឃើញចំណាររបស់ សម្ដេចលើលិខិតរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋានពន្ធដារ ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេស​ការ​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ។

សម្ដេចតេជោបានសរសេរថា ការលូកដៃរបស់នាយករដ្ឋមន្ត្រី ចូលគាំទ្រ​អង្គភាព​ពន្ធ​ដារ​មិ​ន​ត្រឹម​តែ​មិន​មែន​ជា​កំហុស​នោះទេ ប៉ុន្តែវាបង្ហាញនូវចំណុចខ្លាំង ដើម្បីជោគជ័យកំណែទម្រង់រដ្ឋ ដែល​ក្នុង​នោះ​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ជា​គន្លឹះ​សម្រាប់​ជោគ​ជ័យ​នៃ​កំណែ​ទម្រង់​វិស័យ​ផ្សេង​ទៀត​។

សម្ដេចតេជោបានបញ្ជាក់ថា ចំណារទាំង៤ដែលសម្ដេចបានចារនៅលើលិខិតរបស់ ឯកឧត្តម គង់ វិបុលនេះ​គឺ​ជាចលកររុញច្រានកម្ពុជាឲ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្ស (ប្រាក់​ខែ​តិច​ហើយ​អត់​សាច់​ប្រាក់​បើក​ជូន​ទៀត) មកជាមានសាច់ប្រាក់បើកជាមួយ និងការ​បង្កើន​បៀវត្ស​ជូន​មន្ត្រី​រាជ​ការ កងកម្លាំង ប្រដាប់អាវុធ។ យើង​មាន​សាច់​ប្រាក់​សម្រាប់​ការ​វិនិយោគ​សាធារណៈ​ដូចជា​ ផ្លូវស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងការ​ចំណាយ​លើ​ការ​អនុវត្តន៍​គោល​នយោបាយ​គាំពារ​សង្គម ។ល។

សម្ដេចតេជោបានបញ្ជាក់ថា «ភាពធន់ខាងសេដ្ឋកិច្ច​របស់​យើង​បង្ហាញ​ច្បាស់​ពី​ដំណាក់​ការ​កូវីដ​១៩ ​ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ដែលយើងមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និង​បើក​បៀវត្ស ២ដងក្នុងមួយខែ ជាមួយ និងការអនុវត្តន៍គោលនយោបាយគាំពារសង្គម និង​ការ​វិនិយោគ​សាធារណៈផ្សេងទៀត»។

សម្ដេចតេជោបានរម្លឹកឡើងវិញថា ចំណាររបស់សម្ដេចនាពេលនោះមុតជាងផ្លែដាវទៅទៀត តែ​សម្ដេច​មិន​ខ្លាច មិនចុះញ៉ម ព្រោះវាជាផលប្រយោជន៍ជាតិ និងប្រជាជន។ ម្យ៉ាងទៀត​ប្រទេស​កម្ពុជា ​ខុសប្លែកពី ប្រទេសផ្សេងទៀត ព្រោះយើងត្រូវ​រៀប​ចំ​ឡើង​វិញទាំ​ង​អស់​ក្រោយ​របប​ប៉ុល​ពត ​ដូចនេះតម្រូវឲ្យនាយករដ្ឋមន្ត្រី មានសេចក្តីក្លាហានហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។

ចំណារ​របស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ ក្នុងពេល​សម្តេច​នៅ​ជា​នាយករ​ដ្ឋ​មន្ត្រីនៃកម្ពុជា ដែលបានចារលើលិខិតរបស់ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ នា​ពេល​នេះ ​សម្តេចបានណែនាំឱ្យអគ្គនាយកដ្ឋានពន្ធដារ បន្តការងារកំណែទម្រង់ពន្ធដារ ដោយ​ក្តី​ក្លាហា​ន កុំមានការភ័យខ្លាច ឬបារម្ភពីសម្ពាធពីគ្រប់មជ្ឈដ្ឋានទាំងអស់។

ចំណារ​ដ៏មុតរបស់សម្តេចតេជោបានសរសេរថា៖ «អ្នកអាច Lobby ឱ្យខ្ញុំយល់ខុសមិនទាន់កើត ឬចាប់ជាតិទេ កុំបារម្ភ»។

សូមជម្រាបថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ លោក គង់ វិបុល ដែលកាល​នោះ​ជា​រដ្ឋ​លេខាធិ​ការ​ក្រ​សួងសេដ្ឋកិច្ចទី១, អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានប្រកាសចូលកាន់តំណែងជា ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយកនៃអគ្គនាយកដ្ឋានពន្ធដារ រហូតមកដល់សព្វថ្ងៃនេះ ដែលសម្ដេចតេជោចាត់ទុកថា សម្ដេច​បានជ្រើសរើសមនុស្សត្រូវលើការដឹកនាំការងារវិស័យពន្ធដារកម្ពុជានេះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia