Connect with us

ព័ត៌មាន

សម្ដេច​តេជោ បង្ហាញ​ចំណារលើលិខិត​របស់​អគ្គនាយកដ្ឋានពន្ធដារ​ដែល​ជា​ជំហាន​ចំណុច​ខ្លាំង ដើម្បី​ជោគ​ជ័យ​លើ​​កំណែទម្រង់រដ្ឋ និងហិរញ្ញវត្ថុសាធារណៈ

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន​ សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤​ ខែមិថុនា ឆ្នាំ២០២៦នេះ បង្ហាញ​ចំណារលើលិខិតរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេសការប្រមូលចំណូលចូលថវិកាជាតិ។

សម្ដេច​តេជោ បាន​សរសេរថា សម្ដេច​ទើបរកឃើញចំណាររបស់ សម្ដេច​លើលិខិតរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេសការប្រមូលចំណូលចូលថវិកាជាតិ។

សម្ដេច​តេជោបានសរសេរថា ការលូកដៃរបស់នាយករដ្ឋមន្ត្រី ចូលគាំទ្រអង្គភាពពន្ធដារមិនត្រឹមតែមិនមែនជាកំហុសនោះទេ ប៉ុន្តែវាបង្ហាញនូវចំណុចខ្លាំងដើម្បីជោគជ័យកំណែទម្រង់រដ្ឋ ដែលក្នុងនោះកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈជាគន្លឹះសម្រាប់ជោគជ័យនៃកំណែទម្រង់វិស័យផ្សេងទៀត។

សម្ដេច​តេជោបានបញ្ជាក់ថាចំណារទាំង៤ដែលសម្ដេច​បានចារនៅលើលិខិតរបស់ ឯកឧត្តម គង់ វិបុលនេះគឺជាចលកររុញច្រានកម្ពុជាឲ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្ស (ប្រាក់ខែតិចហើយអត់សាច់ប្រាក់បើកជូនទៀត) មកជាមានសាច់ប្រាក់បើកជាមួយ និងការបង្កើនបៀវត្សជូនមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ។ យើងមានសាច់ប្រាក់សម្រាប់ការវិនិយោគសាធារណៈដូចជា ផ្លូវស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងការចំណាយលើការអនុវត្តន៍គោលនយោបាយគាំពារសង្គម ។ល។

សម្ដេច​តេជោបានបញ្ជាក់ថា៖«ភាពធន់ខាងសេដ្ឋកិច្ចរបស់យើងបង្ហាញច្បាស់ពីដំណាក់ការកូវីដ១៩ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ដែលយើងមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និងបើកបៀវត្តន៍២ដងក្នុងមួយខែជាមួយ និងការអនុវត្តន៍គោលនយោបាយគាំពារសង្គម និងការវិនិយោគសាធារណៈផ្សេងទៀត»។

សម្ដេច​តេជោបាន​រម្លឹកឡើងវិញថា ចំណាររបស់សម្ដេច​នាពេលនោះមុតជាងផ្លែដាវទៅទៀត តែសម្ដេច​មិនខ្លាច មិនចុះញ៉ម ព្រោះវាជាផលប្រយោជន៍ជាតិ និងប្រជាជន។ ម្យ៉ាងទៀតប្រទេសកម្ពុជា ខុសប្លែកពី ប្រទេសផ្សេងទៀត ព្រោះយើងត្រូវរៀបចំឡើងវិញទាំងអស់ក្រោយរបបប៉ុលពត ដូចនេះតម្រូវឲ្យនាយករដ្ឋមន្ត្រី មានសេចក្តីក្លាហានហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។

ចំណាររបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ ក្នុងពេលសម្តេចនៅជានាយករដ្ឋ​មន្ត្រីនៃកម្ពុជា ដែលបានចារលើលិខិតរបស់ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ នាពេលនេះ សម្តេចបានណែនាំឱ្យអគ្គនាយកដ្ឋានពន្ធដារ បន្តការងារកំណែទម្រង់ពន្ធដារ ដោយក្តីក្លាហាន កុំមានការភ័យខ្លាច ឬបា​រម្ភពីសម្ពាធពីគ្រប់មជ្ឈដ្ឋានទាំងអស់។

ចំណារដ៏មុតរបស់សម្តេចតេជោបានសរសេរថា៖ «អ្នកអាច Lobby ឱ្យខ្ញុំយល់ខុសមិនទាន់កើត ឬចាប់ជាតិទេ កុំបារម្ភ»។

សូមជម្រាបថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ លោក គង់ វិបុល ដែលកាលនោះជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចទី១, អនុ​ប្រធាន​ក្រុ​ម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ ត្រូវបានប្រកាសចូលកាន់តំណែងជា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ រហូតមកដល់សព្វថ្ងៃនេះ ដែលសម្ដេច​តេជោចាត់ទុកថា សម្ដេច​បានជ្រើសរើសមនុស្សត្រូវ​លើការ​ដឹកនាំការងារ​វិស័យពន្ធដារកម្ពុជានេះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia