Connect with us

ព័ត៌មាន

កម្ពុជាដាក់ចេញ​ព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គគ្រូបង្រៀន» ដើម្បីកែទម្រង់អង្គគ្រូបង្រៀន លើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងស្តង់ដារអប់រំ

ក្នុងជំហានដ៏សំខាន់មួយក្នុងការធ្វើទំនើបកម្មមុខងារសាធារណៈ ព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​ដាក់ចេញជាផ្លូវការនូវព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គគ្រូបង្រៀន» ចុះថ្ងៃទី៣០ ខែ​ឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងប្រមូលផ្តុំ និងគ្រប់គ្រងបុគ្គលិកអប់រំឱ្យមានសង្គតិភាពនៅទូទាំងប្រទេស។

លក្ខន្តិកៈថ្មីនេះ មានវិសាលភាពអនុវត្តចំពោះបុគ្គលិកអប់រំទាំងអស់ ដែលបានទទួលការអប់រំ ការបណ្តុះបណ្តាលគរុកោសល្យ ឬវគ្គតម្រង់ទិស និងកំពុងបំពេញការងារក្នុងវិស័យអប់រំ ទាំងនៅតាមគ្រឹះស្ថានសិក្សា និងអង្គភាពនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ព្រះរាជក្រឹត្យនេះជាចំណុចរបត់ថ្មីមួយក្នុងអភិបាលកិច្ចវិស័យអប់រំ ដោយផ្លាស់ប្តូរពីការគ្រប់គ្រងបែបបែកខ្ញែក មកជាប្រព័ន្ធគ្រប់គ្រងរួមមួយ ដើម្បីកសាងធនធានមនុស្សដ៏រឹងមាំសម្រាប់អនាគតកម្ពុជា។

ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀនដែលទើបនឹងប្រកាសដាក់ចេញ បាននាំមកនូវរចនាសម្ព័ន្ធឋានានុក្រមច្បាស់លាស់ និងយន្តការលើកទឹកចិត្តថ្មីៗសម្រាប់បុគ្គលិកអប់រំក្នុងក្របខ័ណ្ឌមន្ត្រីរាជការនៅទូទាំងប្រទេស។

យោងតាមព្រះរាជក្រឹត្យថ្មីនេះ បុគ្គលិកអប់រំត្រូវបានរៀបចំឱ្យស្ថិតក្នុងក្របខ័ណ្ឌប្រភេទ «ក» ដែលបែងចែកជា ៣ កម្រិត ផ្អែកលើគុណវុឌ្ឍ និងកម្រិតបង្រៀន រួមមាន៖ (១) ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម៖ គ្រប់គ្រងបុគ្គលិកអប់រំចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ ដែលបំពេញមុខងារនៅកម្រិតឧត្តមសិក្សា និងមធ្យមសិក្សាទុតិយភូមិ។ (២) ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន៖ គ្រប់គ្រងបុគ្គលិកអប់រំដែលបំពេញមុខងារនៅកម្រិតមធ្យមសិក្សាបឋមភូមិ និង(៣) ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតបឋម៖ គ្រប់គ្រងបុគ្គលិកអប់រំនៅកម្រិតបឋមសិក្សា និងមត្តេយ្យសិក្សា។

គួរបញ្ជាក់ថា ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន មានអានុភាពអនុវត្តចាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia