ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងបរិស្ថាន៖ រាជរដ្ឋាភិបាលកំពុងជំរុញគំរូអភិវឌ្ឍន៍ថ្មីដឹកនាំដោយសហគមន៍ក្នុងតំបន់ទេសចរណ៍ធម្មជាតិនានានៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងជំរុញគំរូអភិវឌ្ឍន៍ថ្មីដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិនានានៅក្នុងកម្ពុជា ខណៈតំបន់អភិវឌ្ឍន៍គម្រោងលម្ហែបៃតងនៅតំបន់រមណីយដ្ឋានធម្មជាតិភ្នំខ្នងផ្សារ និងទេទឹកពុះ ដែលនឹងត្រូវគ្រប់គ្រងដោយសហគមន៍មូលដ្ឋានផ្ទាល់ដោយមិនអនុញ្ញាតឱ្យអង្គការ ដៃគូអភិវឌ្ឍន៍ ឬស្ថាប័នណាមួយចូលរួមការគ្រប់គ្រងជំនួសឡើយ។

ឯកឧត្តមបានបញ្ជាក់តាមរយៈសារសំឡេងផ្ដល់ដល់អ្នកសារព័ត៌មាននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ ថា គោលការណ៍អភិវឌ្ឍន៍ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺផ្តោតលើការពង្រឹងសិទ្ធិ និងតួនាទីរបស់ប្រជាសហគមន៍ ដើម្បីឱ្យក្លាយជាម្ចាស់ពិតប្រាកដនៃសហគមន៍របស់ខ្លួន មានសិទ្ធិពេញលេញក្នុងការដឹកនាំ គ្រប់គ្រង ថែរក្សា និងប្រើប្រាស់ធនធានធម្មជាតិក្នុងមូលដ្ឋានដោយខ្លួនឯង។
ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ថែមថា ការរៀបចំគោលការណ៍នេះមានគោលបំណងធានាការគ្រប់គ្រងធនធានធម្មជាតិ និងគម្រោងអភិវឌ្ឍន៍នៅមូលដ្ឋានមានភាពច្បាស់លាស់ប្រកបដោយភាពជាម្ចាស់កម្មសិទ្ធិរបស់សហគមន៍ ព្រមទាំងលើកកម្ពស់ការចូលរួមអភិវឌ្ឍ និងការពារធនធានធម្មជាតិដោយផ្ទាល់របស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានបញ្ជាក់ថា៖ «ការអភិវឌ្ឍរបស់សម្ដេចធិបតី គឺពង្រឹងប្រជាសហគមន៍ កែប្រែប្រជាសហគមន៍ ទៅជាម្ចាស់ដឹកនាំ គ្រប់គ្រង និងថែរក្សាសហគមន៍របស់ពួកគាត់ដោយខ្លួនគាត់។ គឺមិនឱ្យក្រសួង អាជ្ញាធរដែនដី ក្រុមហ៊ុន ឬអង្គការទៅគ្រប់គ្រងទេ»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ថ្លែងក្នុងពិធីសម្ពោធអគារ និងប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះថា រាជរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍតំបន់រមណីយដ្ឋានធម្មជាតិភ្នំខ្នងផ្សារនិងតំបន់ទេទឹកពុះ ដោយផ្តោតលើរូបមន្តអភិវឌ្ឍន៍ដែលដឹកនាំដោយសហគមន៍ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋ ព្រមទាំងធានាការអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស។ សម្តេចធិបតីបានកោតសរសើរដល់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ដែលបានសហការគ្នាអភិវឌ្ឍតំបន់នេះ ដោយចាត់ទុកថាវឌ្ឍនភាពដែលបានសម្រេចលទ្ធផលល្អប្រសើរ និងសមស្របនឹងទិសដៅអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិរបស់ប្រទេស។

សម្តេចធិបតីបានរំលឹកពីបទពិសោធចុះទៅតំបន់ខ្នងផ្សារកាលពីឆ្នាំ២០២៥ និងការចុះពិនិត្យជាបន្តបន្ទាប់ ដោយអះអាងថា ការអភិវឌ្ឍត្រូវផ្តោតលើការផ្តល់អំណាចដល់សហគមន៍មូលដ្ឋានក្លាយជាម្ចាស់ពិតប្រាកដនៅតំបន់របស់ខ្លួន។ សម្តេចធិបតីបានបន្ថែមថា រូបមន្តនេះបានជួយប្រជាពលរដ្ឋប្តូរពីការពឹងផ្អែកលើការកាប់ឈើនិងធនធានព្រៃឈើមកជាការបង្កើតចំណូលពីវិស័យទេសចរណ៍ ដូចជាការលក់ដូរ និងសេវាបដិសណ្ឋារកិច្ចជាដើម។
សម្តេចធិបតីបានបញ្ជាក់ថា ការវិនិយោគឯកជននឹងត្រូវរៀបចំសមស្រប ដោយមិនជំនួសតួនាទីសហគមន៍ទេ ប៉ុន្តែជួយគាំទ្រនិងបំពេញបន្ថែម ដើម្បីបង្កើតប្រព័ន្ធសេដ្ឋកិច្ចទេសចរណ៍ដែលមានតុល្យភាព។ លោកបានណែនាំដល់ក្រសួងជំនាញនិងអាជ្ញាធរពាក់ព័ន្ធបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ កន្លែងសម្រាក កន្លែងងូតទឹក និងតំបន់សេវាកម្មសហគមន៍ ដើម្បីបង្កើនភាពទាក់ទាញទេសចរណ៍»។
សម្តេចធិបតីថ្លែងថា៖«យើងបានដកអាជ្ញាប័ណ្ណវិនិយោគឯកជនគម្រោងតូចៗនៅទីនោះ ព្រោះប្រជាសហគមន៍គាត់បារម្ភ គាត់ខ្លាចការវិនិយោគមិនស្រួលប៉ះដល់អាជីពរបស់គាត់។ អ៊ីចឹងយើងកែសម្រួលការវិនិយោគឯកជន ដោយផ្ដល់ទីតាំងណាដែលជួយគាំទ្រគ្នាទៅវិញទៅមក»។
សម្តេចធិបតីបានបន្ថែមថា ការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិមិនត្រឹមតែជួយលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងការការពារព្រៃឈើ និងធនធានធម្មជាតិ ដោយសារប្រជាពលរដ្ឋមានជម្រើសអាជីពថ្មី និងកាត់បន្ថយសកម្មភាពប៉ះពាល់ដល់បរិស្ថាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍតំបន់ខ្នងផ្សារនិងទេទឹកពុះ គឺជាគំរូសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដែលភ្ជាប់ជាមួយការអភិរក្សធម្មជាតិ ដោយរដ្ឋាភិបាលនឹងបន្តអនុវត្តគម្រោងស្រដៀងគ្នានៅតំបន់សក្តានុពលផ្សេងៗទៀតនៅទូទាំងប្រទេស។
សូមជម្រាបថា ភ្នំខ្នងផ្សារជាតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយដែលមានទីតាំងនៅភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ តំបន់នេះជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពេញនិយមសម្រាប់ទេសចរដែលចូលចិត្តដើរកម្សាន្តតាមព្រៃភ្នំនិងតំបន់ធម្មជាតិដ៏ស្រស់ត្រកាល។ ចំណែកទេទឹកពុះ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏កម្រមួយ ដែលមានបាតុភូតធម្មជាតិចម្លែក ដោយទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់៧០អង្សារសេ និងជាតំបន់ពោរពេញដោយស្មៅខ្ពស់ៗដ៏ស្រស់ស្អាត៕





-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ