ព័ត៌មាន
កម្ពុជាចូលរួមពិព័រណ៍ការប្រើប្រាស់ទេសចរណ៍ និងវប្បធម៌អន្តរជាតិទីក្រុងប៉េកាំង លើកទី៤ ដើម្បីផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ និងគោលនយោបាយលើកលែងទិដ្ឋាការជូនភ្ញៀវចិន
ក្រសួងទេសចរណ៍កម្ពុជា បានចូលរួមក្នុងពិធីពិព័រណ៍ «ការប្រើប្រាស់ទេសចរណ៍ និងវប្បធម៌អន្តរជាតិទីក្រុងប៉េកាំង លើកទី៤» (Beijing International Cultural and Tourism Consumption Expo – BICTCE) ដែលប្រារព្ធឡើងនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រព្រឹត្តទៅរយ:ពេល ៣ថ្ងៃចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។
ពិធីបើកពិព័រណ៍នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម Gao Zheng អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងលោកជំទាវ Sima Hong អភិបាលរងនៃរដ្ឋបាលប្រជាជនទីក្រុងប៉េកាំង ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នទេសចរណ៍ជាតិ និងអន្តរជាតិ វិស័យឯកជន ព្រមទាំងអ្នកសារព័ត៌មានចិន និងអន្តរជាតិប្រមាណជិត ២០០នាក់ កាលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។
ពិព័រណ៍ BICTCE លើកទី៤នេះ មានការចូលរួមពីប្រទេស និងតំបន់ចំនួន ៣៣ ជុំវិញពិភពលោក ជាមួយស្តង់តាំងពិព័រណ៍សរុបចំនួន ៦៣៧ស្តង់ និងអ្នកសារព័ត៌មានជិត ១,០០០នាក់។ ព្រឹត្តិការ នេះរំពឹងថា នឹងមានភ្ញៀវចូលទស្សនាពិព័រណ៍លើសពី ១០០,០០០នាក់។
បន្ទាប់ពីពិធីបើក ឯកឧត្តម Gao Zheng និងគណៈប្រតិភូជាន់ខ្ពស់ (VIP) បានអញ្ជើញទស្សនាស្តង់តាំងពិព័រណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ដែលបានរៀបចំដើម្បីផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ ផលិតផលទេសចរណ៍ និងវប្បធម៌របស់កម្ពុជា។
ក្នុងឱកាសនោះ តំណាងក្រសួងទេសចរណ៍កម្ពុជា ក៏បានផ្តល់បទសម្ភាសន៍ដល់ស្ថាប័នសារព័ត៌មានចិន និងអន្តរជាតិ រួមមានទូរទស្សន៍ CCTV កាសែត China Daily សារព័ត៌មាន Beijing Business Today និងវិទ្យុ Beijing News Radio (FM 94.5) ដោយផ្តោតលើការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍នេះ ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ការធានាសុខ សុវត្ថិភាពជូនភ្ញៀវទេសចរ និងគោលនយោបាយលើកលែងទិដ្ឋាការសាកល្បងសម្រាប់ភ្ញៀវទេសចរចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
តាមការសង្កេតក្នុងថ្ងៃដំបូងនៃពិព័រណ៍ ភ្ញៀវទស្សនា និងអ្នកសារព័ត៌មានបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ការធានាសុខសុវត្ថិភាពសម្រាប់អ្នកដំណើរ ព្រមទាំងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។
ការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍អន្តរជាតិដ៏ធំនេះ ត្រូវបានចាត់ទុកថាជាឱកាសដ៏សំខាន់ក្នុងការពង្រឹងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទាក់ទាញភ្ញៀវទេសចរចិន និងអន្តរជាតិ និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត។







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣