ព័ត៌មាន
សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ បង្ក្រាបឃ្លាំងស្តុកសាច់បង្កកពីរទីតាំងម្សិលមិញរកឃើញសាច់បង្កករាប់រយតោននាំចូលពីប្រទេសថៃ
សមត្ថកិច្ចចម្រុះ និងអាជ្ញាធររាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបឃ្លាំងស្តុកសាច់បង្កកចំនួន២ទីតាំង ដោយរកឃើញសាច់បង្កកជាច្រើនប្រភេទ និងមានទម្ងន់រាប់រយតោន។
កម្លាំងសមត្ថកិច្ចចម្រុះមកពីស្ថាប័នជាច្រើន សហការជាមួយអាជ្ញាធរខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ និងខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក ដែលមានដូចជា ប្រហិតសាច់ក្ដាម សាច់គោ សាច់បង្កង និងសាច់មាន់ទាជាដើម ក្រោយសង្ស័យថា សាច់បង្កកទាំងអស់ភាគច្រើន គឺនាំចូលមកពីប្រទេសថៃ។
ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប. បានប្រាប់ BTV នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ឱ្យដឹងថា ដោយមានការទទួលព័ត៌មាន និងការស្នើសុំកិច្ចសហការពីអាជ្ញាធរខណ្ឌសែនសុខ បានស្នើសុំកម្លាំងសហការពីអគ្គនាយដ្ឋាន ក.ប.ប ដោយយករថយន្តមន្ទីរពិសោធន៍ចល័តទៅត្រួតពិនិត្យទីតាំងស្តុកសាច់បង្កកមួយកន្លែងនៅភូមិសំរោង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រួមគ្នាសហការជាមួយកម្លាំងចម្រុះមាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អាជ្ញាធរខណ្ឌនិងមូលដ្ឋាន មន្រ្តីបសុសត្វ ដឹកនាំដោយតំណាងស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយការត្រួតពិនិត្យកំពុងដំណើរការឃើញមានទំនិញដែលដាក់ក្នុងឃ្លាំងមានទូក្លាស្សេចំនួន៨ទូ ដោយបានបើកត្រួតពិនិត្យរួមគ្នា ឃើញមានសាច់មាន់ ជង្គង់មាន់ សាច់ទា សាច់មាន់កិន និងសាច់គោជាដើម។
ឯកឧត្តម គឹម មាសសុខសីហា បានបន្តថា លទ្ធផលបឋម គឺកម្លាំងចម្រុះបានរកឃើញថា មានប្រភពនាំចូលពី៤គោលដៅ គឺប្រទេសប្រស៊ីល ឥណ្ឌា អូស្ត្រាលី និងពីប្រទេសចិន។ ក្រុមការងារកំពុងតែធ្វើការបន្តទៀត មិនទាន់មានរកឃើញប្រភពមកពីកន្លែងគោលដៅផ្សេងណានៅឡើយទេ ដោយមន្ត្រីជំនាញនាយកដ្ឋានមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប បានកំពុងតែយកគំរូតាមបច្ចេកទេស និងនីតិវិធី។
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានឱ្យដឹងថា ឃ្លាំងស្តុកសាច់បង្កកដ៏ធំដែលត្រូវបានត្រួតពិនិត្យស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃ្លាំងនេះត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កក ក្នុងបរិមាណច្រើនរហូតដល់រាប់សិបតោនក្នុងមួយថ្ងៃ ហើយបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត។
លោក ជិន ប៊ុនធឿន បន្ថែមថា ទោះជាយ៉ាងណា មន្ត្រីជំនាញកំពុងត្រួតពិនិត្យ នឹងមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ចំពោះលទ្ធផលយ៉ាងណាលោកនឹងជម្រាបជូននាពេលក្រោយ។
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ថា កម្លាំងគណៈ បញ្ជាការឯកភាពខណ្ឌមានជ័យ សហការជាមួយលោក គង់ វុធ្ធី អនុប្រធាន ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពី លោក លី គឹមស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងបង្កកសាច់ ចំនួន០២ទីតាំង ស្ថិតនៅភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប៉ុន្តែលទ្ធផលបែបណាលោក សេង គន្ធ មិនទាន់បញ្ជាក់នៅឡើយទេ៕ អត្ថបទ៖ វ៉ាន់ដា



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣