ព័ត៌មាន
ក្រុមហ៊ុន GAZ Group ចាប់អារម្មណ៍ និង ស្វែងរកឱកាសវិនិយោគលើវិស័យយានយន្តនៅកម្ពុជា
នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Dolgov Leonid នាយកផ្នែកនាំចេញ នៃក្រុមហ៊ុន GAZ Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, លោកនាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ Group បានជម្រាបជូនសម្តេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសរុស្ស៊ី និងនៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ព្រមទាំងបានបញ្ជាក់ថាក្រុមហ៊ុន GAZ Group ជាក្រុមហ៊ុនដែលមានបទពិសោធន៍ប្រមាណ៩០ឆ្នាំក្នុងឧស្សាហកម្មយានយន្ត ដែលមានរោងចក្រចំនួន១៥ និងបាននាំចេញយានយន្តទៅកាន់ប្រទេសចំនួន៤៣ ព្រមទាំងមានតំណាងចែកចាញចំនួន២៤០។ ក្រុមហ៊ុនផលិតរថយន្តជាច្រើនម៉ូដែល ដូចជា រថយន្តពាណិជ្ជកម្ម, រថយន្តដឹកទំនិញខ្នាតមធ្យម, រថយន្តក្រុង, រថយន្តសង្គ្រោះបន្ទាន់ ជាដើម និងផលិតគ្រឿងបន្លាស់ផងដែរ។ លោកនាយកផ្នែកនាំចេញ បានគោរពជម្រាបជូនសម្តេចធិបតីបន្ថែមថា ដោយសារបច្ចុប្បន្ន ក្រុមហ៊ុន GAZ Group បាននិងកំពុងធ្វើប្រតិបត្តិការអាជីវកម្មក្នុងតំបន់អាស៊ាន និងមើលឃើញសេដ្ឋកិច្ចកម្ពុជារីកចម្រើនយ៉ាងឆាប់រហ័ស និងប្រកបដោយភាពធន់ ក្រុមហ៊ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំង និងចង់ស្វែងរកឱកាសវិនិយោគលើវិស័យយានយន្តនៅកម្ពុជា។
ជាការឆ្លើយតប, សម្តេចធិបតីស្វាគមន៍ចំពោះក្រុមហ៊ុនដែលចាប់អារម្មណ៍ និងចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយ និងយន្តការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនដែលវិនិយោគនៅកម្ពុជា។ បន្ថែមពីនេះ, សម្តេចធិបតីក៏បានណែនាំឱ្យក្រុមហ៊ុនសិក្សាបន្ថែមអំពីលទ្ធភាពក្នុងការវិនិយោគលើការផលិតខ្សែច្រវាក់ផលិតកម្ម ( Supply Chain) សម្រាប់ផ្គត់ផ្គង់ច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលមានក្នុងតំបន់ តាមយុទ្ធសាស្រ្តបូកមួយ (Plus 1 Strategy) ផងដែរ។
មុននឹងបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគ និងរីកលូតលាស់ នៅកម្ពុជា៕

-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ