Connect with us

កីឡា

ក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូលB នៃវគ្គជម្រុះបឋមពានបាល់ទាត់នារីទ្វីបអាស៊ី ឆ្នាំ២០២៦/២៧

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានធ្វើការចាប់ឆ្នោតបែងចែកពូលប្រកួតវគ្គជម្រុះបឋម នៃពានរង្វាន់ក្លិបបាល់ទាត់ទ្វីបអាស៊ី AFC Women’s Champions League 2026/27 រួចហើយ ដោយបែងចែកជា ៦ពូល ក្នុងចំណោមបេក្ខភាព ២៤ក្រុមចូលរួម ខណៈក្រុមបាល់ទាត់នារី នៃក្លិបភ្នំពេញក្រោន របស់កម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុម្ចាស់ផ្ទះ ILBIRS របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ក្រុម TSL របស់ហុងកុង និងក្រុម Kaya-Iloilo របស់ប្រទេសហ្វីលីពីន។

ជាមួយលទ្ធផលចាប់ឆ្នោតនេះ អ្នកគាំទ្របានមើលឃើញពីឱកាសសម្រាប់ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ក្នុងការបើកទំព័រប្រវត្តិសាស្ដ្រប្រកួតប្រជែង និងឆ្លងផុតវគ្គចែកពូល ដ្បិតបច្ចុប្បន្នពួកគេ បាននឹងកំពុងពង្រឹងក្រុមជាខ្លាំង ដើម្បីត្រៀមយុទ្ធនាការដ៏ធំមួយនេះ។

សម្រាប់ការប្រកួតវគ្គជម្រុះបឋមនេះដែរ នឹងធ្វើឡើងនាថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ដើម្បីប្រជែងកៅអីកំពូលតារាង ដ្បិតក្រុមឈរលេខ១ តាមពូលនីមួយៗ ទើបមានឱកាសឡើងទៅជុំផ្ដាច់ព្រ័ត្រ ដែលមានបេក្ខភាព ៦ក្រុមផ្សេងទៀត កំពុងឈរចាំ។

ចំពោះកម្មវិធីប្រកួតរបស់ក្រុមបាល់ទាត់នារីភ្នំពេញក្រោន នឹងត្រូវជួបក្រុម TSL របស់ហុងកុង មុនគេ នាថ្ងៃទី១៧ ខែសីហា មុនជួបក្រុមរួមតំបន់ Kay-Iloilo របស់ហ្វីលីពីន នាថ្ងៃទី២០ ខែសីហា និងចុងក្រោយ ត្រូវជួបក្រុម ILBIRS របស់ម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia