Connect with us

កីឡា

FIFA ផ្អាកការអនុវត្តពិន័យ Balogun អនុញ្ញាតឱ្យចូលលេងពេលជួបបែលហ្ស៊ិក​ក្រោយមាន​ការ​អន្តរាគមន៍​ពី​លោក Donald Trump

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានធ្វើការសម្រេចចិត្តដ៏ភ្ញាក់ផ្អើល ដោយផ្អាកការអនុវត្តពិន័យព្យួរការប្រកួតរបស់ខ្សែប្រយុទ្ធ Folarin Balogun ដែលធ្វើឱ្យរូបគេមានសិទ្ធិចូលលេងឱ្យក្រុមជម្រើសជាតិអាមេរិក ក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយទល់នឹងប៊ែលហ្ស៊ិក។

Balogun ត្រូវបានបណ្តេញចេញពីទីលានក្នុងជ័យជម្នះ ២-០ លើបូស្នៀ បន្ទាប់ពីអាជ្ញាកណ្តាលពិនិត្យវីដេអូ VAR និងសម្រេចផ្តល់កាតក្រហម ដោយចាត់ទុកថារូបគេបានជាន់កជើងរបស់ Tarik Muharemovic។ មុនពេលទទួលកាតក្រហម ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីគ្រាប់ទី៣ របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ។

ក្រោយការប្រកួត គ្រូបង្វឹកអាមេរិក Mauricio Pochettino បានអះអាងថា សកម្មភាពរបស់ Balogun មិនគួរត្រូវបានដាក់ទោសដល់កម្រិតកាតក្រហមនោះទេ។

យោងតាមប្រភពដែលដឹងពីកិច្ចសន្ទនា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានទូរស័ព្ទទៅកាន់ប្រធាន FIFA លោក Gianni Infantino ដើម្បីស្នើឱ្យពិនិត្យឡើងវិញលើការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។

បន្ទាប់មក FIFA បានប្រកាសថា Balogun អាចចូលលេងបាន ទោះបីជាកាតក្រហមមិនត្រូវបានលុបចោលក៏ដោយ។ ក្នុងសេចក្តីថ្លែងការណ៍ FIFA បានបញ្ជាក់ថា ការអនុវត្តពិន័យអាចព្យួរបានក្នុងរយៈពេល ១ ឆ្នាំ ស្របតាមមាត្រា ២៧ នៃក្រមវិន័យរបស់ FIFA។

FIFA ក៏បានព្រមានថា ប្រសិនបើ Balogun ប្រព្រឹត្តកំហុសធ្ងន់ធ្ងរស្រដៀងគ្នាក្នុងអំឡុងពេល ១ ឆ្នាំនេះ ការផ្អាកពិន័យនឹងត្រូវលុបចោល ហើយការពិន័យដើមនឹងត្រូវអនុវត្តភ្លាមៗ បន្ថែមលើទណ្ឌកម្មថ្មីដែលអាចកើតមាន។

ក្រោយការសម្រេចនេះ លោក Trump បានសរសេរនៅលើបណ្តាញ Truth Social ថា៖ «សូមអរគុណ FIFA ដែលបានធ្វើអ្វីដែលត្រឹមត្រូវ និងកែតម្រូវភាពអយុត្តិធម៌ដ៏ធំមួយ»។ សេតវិមានក៏បានអបអរសាទរការវិលត្រឡប់របស់ Balogun តាមរយៈការបង្ហោះសារលើបណ្តាញ X ដោយសរសេរថា៖ «USA-USA-USA»។

សហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិកបានទទួលយកការសម្រេចរបស់ FIFA ខណៈមិត្តរួមក្រុមរបស់ Balogun បាននិយាយថា ពួកគេទើបតែដឹងព័ត៌មាននេះតាមរយៈបណ្តាញសង្គម នៅពេលធ្វើដំណើរទៅហ្វឹកហាត់មុនការប្រកួតជាមួយបែលហ្ស៊ិក។

ផ្ទុយទៅវិញ សហព័ន្ធបាល់ទាត់បែលហ្ស៊ិក (RBFA) បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងអះអាងថា ការសម្រេចរបស់ FIFA ផ្ទុយនឹងបទប្បញ្ញត្តិនៃការប្រកួត។ RBFA បានលើកឡើងថា មាត្រា ៦៦.៤ នៃក្រមវិន័យ FIFA និងមាត្រា ១០.៥ នៃបទប្បញ្ញត្តិ World Cup ចែងយ៉ាងច្បាស់ថា កីឡាករដែលទទួលកាតក្រហម ត្រូវព្យួរការប្រកួតដោយស្វ័យប្រវត្តិសម្រាប់ការប្រកួតបន្ទាប់។

RBFA បានបញ្ជាក់ថា ខ្លួនកំពុងសិក្សាជម្រើសផ្នែកច្បាប់ទាំងអស់ ដើម្បីឆ្លើយតបចំពោះការសម្រេចចិត្តនេះ។

ករណីរបស់ Balogun ត្រូវបានប្រៀបធៀបជាមួយករណីរបស់ Cristiano Ronaldo ដែល FIFA ធ្លាប់ផ្អាកការអនុវត្តពិន័យ ២ ប្រកួតចុងក្រោយនៃទណ្ឌកម្ម ៣ ប្រកួត កាលពីឆ្នាំមុន ដោយអនុញ្ញាតឱ្យរូបគេចូលលេងនៅដើមព្រឹត្តិការណ៍ World Cup។ ចំណែកខ្សែបម្រើកាតា Assim Madibo វិញ ធ្លាប់ត្រូវពិន័យព្យួរ ៥ ប្រកួត បន្ទាប់ពីការប៉ះទង្គិចដែលបណ្តាលឱ្យកីឡាករកាណាដា Ismael Kone រងរបួសធ្ងន់។

ប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកក៏ធ្លាប់មានករណីស្រដៀងគ្នាផងដែរ ដោយកាលពី World Cup ឆ្នាំ១៩៦២ វីរបុរសប្រេស៊ីល Garrincha ត្រូវបានបណ្តេញចេញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែក្រោយការប្តឹងឧទ្ធរណ៍ដែលទទួលបានការគាំទ្រពីអ្នកគាំទ្រ និងប្រធានាធិបតីស៊ីលី Jorge Alessandri រូបគេត្រូវបានអនុញ្ញាតឱ្យចូលលេងវគ្គផ្តាច់ព្រ័ត្រ និងជួយប្រេស៊ីលយកឈ្នះឆេកូស្លូវ៉ាគី ៣-១ ដើម្បីគ្រងជើងឯក៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia