Connect with us

កីឡា

តេជោលីគ លើកទី៣ បង្ហាញភាពពិតប្រាកដ នៃសម្រស់បាល់ទះកម្ពុជា ខណៈបញ្ជាការដ្ឋាន​អង្គរក្ស ឈ្នះពានដាច់

ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ បានបញ្ចប់ដោយជោគជ័យ និងត្រូវបាន​វាយ​តម្លៃខ្ពស់ ពីថ្នាក់ដឹកនាំសហព័ន្ធជាតិ ក៏ដូចជាសហព័ន្ធកីឡាបាល់ទះពិភពលោក ដែលបានបង្ហាញពីភាពពិតប្រាកដនៃសម្រស់បាល់ទះកម្ពុជា ស្របពេលក្រុមបញ្ជាការដ្ឋានអង្គរក្ស បានឈ្នះពានដាច់ ក្នុងការនាំយកពានតេជោលីគ ទៅតម្កល់ទុកនៅក្លិបរបស់ខ្លួនជាផ្លូវការ ក្រោយគ្រងជើងឯក ៣រដូវកាលជាប់ៗគ្នា តាមលក្ខខណ្ឌនៃព្រឹត្តិការណ៍បាល់ទះធំជាងគេនៅកម្ពុជានេះ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានគូសបញ្ជាក់ថា តេជោលីគ ឆ្នាំនេះ ត្រូវបានវាយតម្លៃជាលីគមួយដ៏ធំក្នុងតំបន់ ដ្បិតកម្ពុជាទើបរៀបចំលីគបាន ៣ឆ្នាំ និងចុះបញ្ជីនៅសហព័ន្ធកីឡាបាល់ទះពិភពលោកបាន ២ឆ្នាំចុងក្រោយ តែការអនុវត្តតាមនិយាមអន្ដរជាតិ បានធ្វើឲ្យព្រឹត្តិការណ៍នេះ ទាក់ទាញការគាំទ្រដ៏ច្រើនលើសលុប តាំងពីវគ្គសន្សំពិន្ទុ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ក្រោយការពង្រឹងធនធានក្នុងស្រុក និងនាំចូលកីឡាករខ្លាំងៗពីអន្ដរជាតិរបស់ក្លិបនីមួយៗ។

តាមរយៈភាពជោគជ័យនេះ មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែល ថា ពានតេជោលីគ ឆ្នាំនេះ ពិតជាបានបង្ហាញនូវសម្រស់បាល់ទះពិតប្រាកដក្នុងប្រទេសកម្ពុជា ដ្បិតលោកសង្កេតឃើញអ្នកគាំទ្រផ្ទាល់ប្រមាណ ៨ ទៅ ៩ពាន់នាក់ ទាំងក្នុង និងក្រៅវិមានពហុកីឡដ្ឋានជាតិ ក៏ដូចជាអ្នកទស្សនាតាមបណ្ដាញសង្គមនានាយ៉ាងហោច ៨០% គឺជាការគាំទ្រព្រឹត្តិការណ៦ទាំងមូល ដោយទឹកចិត្ដ ក្ដីស្រលាញ់ និងឆន្ទៈចំពោះវិស័យកីឡាបាល់ទះជាតិ។ ការគាំទ្រនេះ បានធ្វើឲ្យមន្ដ្រីសហព័ន្ធបាល់ទះពិភពលោក ផ្ញើសារមកអបអរសាទរកម្ពុជា ហើយថា លីគបាល់ទះកម្ពុជា កំពុងប្រកួតប្រជែងជាមួយលីគបណ្ដាប្រទេសក្នុងតំបន់មួយចំនួន ដែលដើរមុនកម្ពុជាង ២០ឆ្នាំទៀតផង។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ គឺមានបេក្ខភាពចំនួន ៨ក្រុមចូលរួម និងធ្វើការប្រកួតជម្រុះ ២ជុំ រហូតដល់រកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយក្រុមបញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះក្រុមវិសាខា ដោយលទ្ធផល ៣-០សិត ក្នុងពិន្ទុ ២៥-១៦, ២៥-១៨ និង ២៥-១៨។ ជ័យជម្នះស្ទើរមិនគួរឲ្យជឿ ជាមួយការធ្វើបានយ៉ាងល្អនេះ បានធ្វើឲ្យបញ្ជាការដ្ឋានអង្គរក្ស ក្លាយជាក្រុមជើងឯក ៣ឆ្នាំជាប់ៗគ្នា និងក្លាយជាម្ចាស់កម្មសិទ្ធពានធំ តេជោលីគ ជាផ្លូវការ ហើយសហព័ន្ធនឹងត្រូវរចនាពានថ្មីមួយទៀត សម្រាប់ដាក់ឲ្យប្រកួតប្រជែងនារដូវកាលថ្មី។

ចំណែកក្រុមវិសាខា ដែលបាននាំចូលកីឡាករបរទេសខ្លាំងពីបារាំង អាមេរិក និងប្រេស៊ីល បានត្រឹមទទួលចំណាត់ថ្នាក់លេខ២ បីរដូវកាលជាប់គ្នា ស្របពេលក្រុមបាល់ទះស្នងការនគរបាលខេត្តស្វាយរៀង បានទទួលចំណាត់ថ្នាក់លេខ៣ ក្រោយវាយបកឈ្នះក្រុមស្នងការនគរបាលរាជធានីភ្នំពេញ គួរឲ្យភ្ញាក់ផ្អើល ដោយលទ្ធផល ៣-២សិត ជាមួយពិន្ទុ ២១-២៥, ១៩-២៥, ២៥-១៩, ២៧-២៥ និង ១៥-១២៕ អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia