Connect with us

ព័ត៌មាន

AFD បន្តជួយសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅភាគខាងជើងរាជធានីភ្នំពេញ

តាមរយៈនៃជំនួនពិភាក្សារវាងអភិបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ AFD រាជធានីភ្នំពេញនឹងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅភាគខាងជើងបន្ថែមទៀត។

ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ AFD ប្រចាំប្រទេសកម្ពុជានឹងផ្តល់ឥណទានជួយរាជធានីភ្នំពេញបន្ថែមទៀត លើគម្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅភាគខាងជើងរាជធានីភ្នំពេញ ខណៈដែល AFD បានជួយរាជធានីភ្នំពេញប្រមាណ ៣០ឆ្នាំហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្តន៍ជាដើម។

នេះជាការបង្ហាញឱ្យដឹងក្នុងជំនួបសំដែងការគួសមរវាងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី សាន់ឌ្រីន ប៊ូឆ័រ (Sandrine BOUCHER) នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ AFD ប្រចាំប្រទេសកម្ពុជា ដែលធ្វើឡើងនារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋរស់នៅចេញចូល និងការស្នាក់នៅមានចំនួនប្រមាណជា ៣លាននាក់។ ទន្ទឹមនិងកំណើតប្រជាពលរដ្ឋ និងលំនៅដ្ឋានកើនឡើងបានធ្វើឱ្យរាជធានីភ្នំពេញប្រឈមនឹងបញ្ហាសំណល់រាវ ដែលទាមទាឱ្យមានការដោះស្រាយ។ ពាក់ព័ន្ធនឹងបញ្ហានេះ AFD ប្រចាំប្រទេសកម្ពុជាបានជួយរាជធានីភ្នំពេញជាច្រើន ទាំងអគ្គិសនី និងទឹកស្អាតផងដែរ។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា នៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ប្រមាណ៩០%ហើយ។ ដោយមានកម្ចីពី AFD ភ្នំពេញបានពង្រីកស្ថានីយ៍ផលិតទឹកស្អាតប្រើប្រាស់ជាបន្តបន្ទាប់ សង្ឃឹមថា នៅឆ្នាំ២០៣០ នៅរាជធានីភ្នំពេញ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ ក្រោមជំនួយពីទីក្រុងប៉ារីស និងចៃការបស់ជប៉ុន រាជធានីភ្នំពេញបានដោះស្រាយបញ្ហាប្រឈម និងសំណល់រាវបានល្អប្រសើរ។ ជាងនេះទៅទៀតសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតនូវគម្រោងឥណទានមួយ ដោយប្រើប្រាស់ថវិកាប្រមាណជាង ១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ជៀសនូវការជន់លិចផងដែរ។

ឯកឧត្ដម ឃួង ស្រេង បានថ្លែងនូវការអរគុណចំពោះ AFD ដែលមានគម្រោងជួយកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់មួយនៅភាគខាងជើងរាជធានីភ្នំពេញ។

លោកស្រី សាន់ឌ្រីន ប៊ូឆ័រ នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ AFD បានមានប្រសាសន៍ថា AFD បានជួយរាជធានីភ្នំពេញ ប្រមាណ៣០ឆ្នាំហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្តន៍ ដោយការផ្តល់សេវាតំបូងគេនៅរាជធានីភ្នំពេញ គឺទឹកស្អាត និងអគ្គិសនី។ បន្ថែមពីនេះ AFD នឹងជួយកសាងសមត្ថិភាពក្មេងជំនាន់ក្រោយបន្ថែមទៀត ដូចជាការកសាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយបណ្តុះបណ្តាលជំនាញទឹកស្អាត ការជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្តន៍ក្នុងកម្រិតខ្ពស់។

លោកស្រី សាន់ឌ្រីន ប៊ូឆ័រ បានបញ្ជាក់ថា អ្វីដែល AFD និងរដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើនៅពេលនេះ គឺការសិក្សាលើគម្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងជើងរាជធានីភ្នំពេញ ហើយគម្រោងនេះនឹងឃើញពន្លឺថ្ងៃនៅពេលឆាប់ៗនេះ៕

អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia