ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស សម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម
នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ គម្រោងសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ៧ មានប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ (ទីរួមស្រុកជើងព្រៃ) ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម) ត្រូវបានស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង(២គន្លងទៅ ២គន្លងមក) ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងមានសួនពុះទ្រូងផ្លូវប្រវែង ១,៥ម៉ែត្រ។ កំណាត់ផ្លូវជាតិនេះបានរួមបញ្ចូលនូវការសាងសង់ស្ពានចំនួន ៨កន្លែង ក្នុងនោះស្ពានថ្មី ១កន្លែង មានប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ និងស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត មានប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ដែលមានស្រាប់ចំនួន ១កន្លែង មានទទឹង ១០,៥ម៉ែត្រ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ គម្រោងនេះបានអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៧ខែ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រួចរាល់មុនផែនការ ១៥ខែ ដោយបានចំណាយថវិកាសរុបប្រមាណជាង ១១៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់បន្ថែមថាកំណាត់ផ្លូវជាតិលេខ៧នេះគឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល ដែលបានតភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្ត រួមមាន នៅចំណុច ចាប់ផ្តើមខ្សែផ្លូវនេះបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៦(ពីរង្វង់មូលទីប្រជុំជនស្គន់) ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងទិសដៅខេត្តកំពង់ធំ ខេត្តសៀមរាប និងតភ្ជាប់ត្រង់ចំណុចផ្លូវបំបែកស្រុកព្រៃឈរជាមួយផ្លូវជាតិលេខ៦០ ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧០ ឆ្ពោះទៅកាន់ ស្រុកកងមាស ព្រមទាំងបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្លូវបំបែកត្រើងទៅកាន់ស្រុកចំការលើ និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ២២២ ក្នុងទិសដៅទៅកាន់ស្រុកស្ទឹងត្រង់ និងផ្លូវខេត្តលេខ២២៣ក្នុងទិសដៅទៅកាន់ស្រុកកងមាស និងឆ្ពោះទៅកាន់តំបន់ខេត្តស្ថិតនៅភូមិភាគឦសាន។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៧ ឡើងវិញ បានប្រែក្លាយខ្សែផ្លូវនេះទៅជាខ្សែផ្លូវមួយដ៏រឹងមាំ ធំទូលាយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាព សេដ្ឋកិច្ច-សង្គមនៅភូមិសាស្ត្រខេត្តកំពង់ចាម និងបណ្ដាខេត្តនៅជាប់ព្រំប្រទល់ដែលមានសក្តានុពល ក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្មលើទំនិញ និងកសិផលសំខាន់ៗ បន្ថែមពីនេះ កំណាត់ផ្លូវជាតិនេះក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាមដែលមានប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រផងដែរ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដីជឿជាក់ថា ក្រោយពេល៥ទៅ១០ឆ្នាំទៅមុខទៀត ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៧នេះ នឹងកាន់តែមានការរីកចម្រើន និងអភិវឌ្ឍបន្ថែម ជាពិសេសវិស័យទេសចរណ៍ និងការធ្វើដំណើរ និងលើកទឹកចិត្តដល់ពលរដ្ឋអាចមានជម្រើសក្នុងការជ្រើសរើសផ្លូវសម្រាប់ធ្វើដំណើរផងដែរ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧នេះ បានបើកសម្ពោធសាងសង់ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី ជាមួយអតីតឯកអង្គរដ្ឋទូតចិន, ហើយថ្ងៃនេះសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី នាយករដ្ឋមន្រ្ដីថ្មី និងឯកអគ្គរដ្ឋទូតថ្មី ប៉ុន្ដែសមិទ្ធផលនេះនៅរក្សាដដែល បន្តនៃដំណើរការកសាង ហើយមិនចប់ទៅត្រឹមសម្ពោធផ្លូវជាតិនេះនោះទេ ប៉ុន្ដែគម្រោងក្នុងឆ្នាំ២០២៦-២០២៧ គឺរដ្ឋាភិបាលនៅបន្តធ្វើថែមទៀត មានកំណាត់ផ្លូវច្រើនទៀតត្រូវធ្វើ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង ខណៈនៅតាមមូលដ្ឋានរាជរដ្ឋាភិបាលក៏បានកសាងផ្លូវបេតុង តាមរយៈមូលនិធិឃុំ-សង្កាត់ ដើម្បីតភ្ជាប់មកផ្លូវជាតិផងដែរ។
– សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ឥឡូវនេះកម្ពុជាមានផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ដែលភស្តុភារកម្ម គឺជាមជ្ឈមណ្ឌលនៃការចែកចាយ ដែលអាចជួយសម្រួលបង្កើនសេដ្ឋកិច្ច ហើយរដ្ឋាភិបាលមានគម្រោងបង្កើតឡើងនូវមណ្ឌលភស្តុភារកម្មនេះចំនួន ១១កន្លែងនៅទូទាំងប្រទេសកម្ពុជា។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ៖ រាជរដ្ឋាភិបាលកំពុងតែទាក់ទាញនូវការវិនិយោគរៀបចំប្រព័ន្ធភស្តុភារកម្មកម្ពុជា ឬឡូជីស្ទីកកម្ពុជានេះ ខណៈគម្រោងបង្កើតចំនួន ១១កន្លែងទូទាំងប្រទេស។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា ការដឹកជញ្ជូនត្រូវជួយថែរក្សាទាំងអស់គ្នា ព្រោះការដឹកលើសទម្ងន់នេះធ្វើឱ្យការខូចខាតផ្លូវថ្នល់របស់យើង ដូច្នេះត្រូវចូលរួមថែរក្សាទាំងអស់គ្នា បើមិនដូច្នេះទេ ផ្លូវរបស់យើងនឹងអាចខូចហើយការវិនិយោគរបស់រដ្ឋ គឺសុទ្ធតែជាថវិកាជាតិ សម្រាប់ប្រជាជនទាំងអស់គ្នាប្រើប្រាស់។
*ប្រសាសន៍សម្ដេចធិបតី ចប់នៅម៉ោង ៨និង៥៦នាទី



-
កីឡា7 days agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន6 days agoផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់
-
ព័ត៌មាន5 days agoប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
-
ព័ត៌មាន1 day agoឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
កីឡា7 days agoក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូលB នៃវគ្គជម្រុះបឋមពានបាល់ទាត់នារីទ្វីបអាស៊ី ឆ្នាំ២០២៦/២៧
-
ព័ត៌មាន2 days agoឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ