Connect with us

ព័ត៌មាន

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងរៀបចំពង្រីកផ្លូវជាតិលេខ ៧បន្ថែមទៀតរហូតដល់ព្រំដែនកម្ពុជា-ឡាវ

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ, សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំពង្រីកផ្លូវជាតិលេខ ៧បន្ថែមទៀតរហូតដល់ព្រំដែនកម្ពុជា-ឡាវ ខណៈក្នុងពេលថ្មីនេះកម្ពុជា និងឡាវទើបតែចុះកិច្ចព្រមព្រៀងជាមួយគ្នា​លើការ​ដឹកញ្ជូន​ទំនិញកសិកម្មពីកម្ពុជា​ឆ្លងកាត់ប្រទេសឡាវ ដើម្បីយកទៅប្រទេសចិន។

សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ការ​តភ្ជាប់ផ្លូវជាតិ​របស់កម្ពុជា ទៅកាន់ប្រទេស​ឡាវយនេះនឹង​ចូលរួម​យ៉ាងខ្លាំង​ចំពោះការ​កាត់បន្ថយ​ការ​ចំណាយ​ផ្នែកសេដ្ឋកិច្ច និងពេលវេលា​សម្រាប់​ប្រជាពលរដ្ឋលើវិស័យ​ដឹងញ្ជូន​ទំនិញពីកម្ពុជា​ឆ្លងកាត់ប្រទេស​ឡាវទៅកាន់ប្រទេស​ចិន។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានលើកឡើងថា សមិទ្ធផលផ្លូវជាតិលេខ៧ គឺផ្ដើមចេញពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងសាងសង់តម្លៃប្រមាណ ១១៧លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នេះគឺជាការសម្រេចដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលអាណត្ដិមុន ដែលសម្ដេចតេជោ ជាអតីតនាយករដ្ឋមន្ដ្រី បានសម្រេចក្នុងការរៀបចំ»។

សម្ដេច​ធិបតីបានថ្លែង​ថា​៖«ឥឡូវយើងកំពុងតែពង្រីកបន្ថែមទៀត (Upgraded) ហើយរុញទៅដល់ព្រំដែនឡាវឯណោះ។ ហើយថ្ងៃមុនក្រសួងកសិកម្មរបស់យើងក៏ធ្វើការជាមួយខាង​ឡាវ ដោយបានបើកច្រកបន្ថែមទៀត​ក្នុងការ​ដឹកទំនិញទៅប្រទេសចិនឆ្លងកាត់ប្រទេសឡាវ, អីចឹង​ថ្ងៃក្រោយ​ផ្លូវជាតិលេខ៧នេះ គឺជា​ច្រកផ្លូវសេដ្ឋកិច្ចសំខាន់​»។

សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ ៧ នឹងផ្តល់ប្រាក់ចំណេញផ្នែកសេដ្ឋកិច្ចក្នុងអត្រា ១៥,២៧% ដែលជាផលចំណេញទៅដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចមូលដ្ឋាន ពីការដឹកជញ្ជូន ចំណេញពេលវេលា និងការដឹកកសិផល។ កំណាត់ផ្លូវជាតិលេខ៧ ដែលត្រូវបានស្ថាបនាឡើងវិញរួចរាល់ និងត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ មានប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ ដោយមានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង។ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៧ខែ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយបានចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការស្ថាបនាពង្រីកកំណាត់ផ្លូវជាតិនេះឡើងវិញ ដើម្បីប្រែក្លាយជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យរឹងមាំ ធំទូលាយ សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ជាពិសេសផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងខេត្តកំពង់ចាម និងបណ្ដាខេត្តជាប់ព្រំប្រទល់ ដែលមានសក្តានុពលក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្ដូរទំនិញ របស់ប្រជាពលរដ្ឋ។ លើសពីនេះ កំណាត់ផ្លូវជាតិលេខ៧ ក៏មានតួនាទីសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ដោយភ្ជាប់ការធ្វើដំណើរទៅកាន់ប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និងតំបន់វប្បធម៌ប្រវត្តិសាស្ត្រនានាក្នុងខេត្តកំពង់ចាម។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ ស្របតាមសំណូមពរ និងតម្រូវការជាក់ស្តែងរបស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកបណ្តាញដឹកជញ្ជូន ឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតលើការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពទាំងក្នុងប្រទេស និងក្នុងតំបន់ ការលើកកម្ពស់ប្រព័ន្ធឡូជីស្ទីក និងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យស្របតាមការរីកចម្រើនរបស់កម្ពុជា និងសកលលោក៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia