Connect with us

ព័ត៌មាន

សម្ដេចធិបតី៖ រដ្ឋាភិបាលកម្ពុជាកំពុងសិក្សាអាកាសយានដ្ឋានអន្ដរជាតិតេជោទៅជាមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់

សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាលម្អិតលើការ​ដាក់​អាកាសយានដ្ឋានអន្ដរជាតិតេជោ ទៅជាមជ្ឈមណ្ឌលភស្ដុភារកម្ម​តំបន់ ខណៈកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ​ក៏កំពុង​កសាង​ឱ្យក្លាយទៅជា​មជ្ឈមណ្ឌលភស្តុភារកម្ម​តំបន់ផងដែរ​​។

សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនោះសម្ដេច​ធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ការ​បង្កើត ​អាកាសយានដ្ឋានអន្ដរជាតិតេជោ និងកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ​ឱ្យក្លាយទៅជា​មជ្ឈមណ្ឌលភស្តុភារកម្ម​តំបន់នេះ គឺជា​ការ​ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ បំពាក់គ្រឿងបច្ចេកទេស​កម្រិតខ្ពស់ ដើម្បីធានាភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្ដាប្រទេសក្នុងតំបន់។

សម្ដេចធិបតីបានថ្លែង​ថា​៖«ព្រលានយន្តហោះនៅភ្នំពេញយើង​កំពុងតែទាក់ទងរៀបចំធ្វើយ៉ាងណាដើម្បីបង្កើត​ជា​មជ្ឈមណ្ឌល​ភស្តុភារកម្មតំបន់, ផែទឹកជ្រៅខេត្តព្រះសីហនុ​យើងកំពុងកសាង​ប្លង់មេដើម្បីក្លាយទៅជា​មជ្ឈមណ្ឌលភស្ដុភារកម្មតំបន់ដែរ។ ពាក្យថាតំបន់នេះ គឺហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ បំពាក់គ្រឿង​បច្ចេកទេសកម្រិត​ខ្ពស់ ដើម្បីធានាភាពប្រកួតប្រជែង ដែលនេះគឺជាការ​តភ្ជាប់របស់កម្ពុជា​លើវិស័យដឹកជញ្ជូន និងភស្ដុភារកម្ម»។

សូមជម្រាបថា វិស័យភ័ស្តុភារកម្មកម្ពុជា (Cambodia Logistics Sector) គឺជាសសរទ្រូងសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកំពុងជំរុញ និងធ្វើទំនើបកម្មយ៉ាងសកម្ម ដើម្បីប្រែក្លាយកម្ពុជាទៅជា មជ្ឈមណ្ឌលភ័ស្តុភារកម្មតំបន់ (Regional Logistics Hub) និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនឱ្យមានភាពប្រកួតប្រជែង។

ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ​ផែនការយុទ្ធសាស្ត្រ និងការអភិវឌ្ឍជាតិសំលើការ​អភិវឌ្ឍវិស័យភស្ដុភារកម្មនេះ រួមមាន​ ផែនការមេអន្តរកាល៖ ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មជាតិ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងកាត់បន្ថយចំណាយសេវាដឹកជញ្ជូន។ ប្រព័ន្ធផតថលព័ត៌មានភ័ស្តុភារកម្មជាតិ៖ ប្រព័ន្ធឌីជីថល (ទទួលជំនួយពីសាធារណរដ្ឋកូរ៉េ) សំដៅការធ្វើទំនើបកម្ម ទិន្នន័យ និងព័ត៌មានភ័ស្តុភារកម្មឱ្យមានតម្លាភាព និងល្បឿនលឿន និងដាក់ចេញយុទ្ធសាស្ត្រតំបន់៖ ការធ្វើសេរីភាវូបនីយកម្មទីផ្សារ និងការធ្វើសមាហរណកម្មប្រតិបត្តិការភស្តុភារកម្មជាមួយប្រទេសជិតខាង និងក្នុងតំបន់អាស៊ានផងដែរ​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia