ព័ត៌មាន
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធបន្តឆន្ទៈ និងការប្តេជ្ញារួមគ្នា ដើម្បីបញ្ចប់អេដស៍នៅកម្ពុជា
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៦ ដើម្បីពិភាក្សាលើរបៀបវារៈ៖ «ការកំណត់សកម្មភាពគន្លឹះ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦»។
អង្គប្រជុំបានធ្វើការអបអរសាទរប្រកបដោយមោទនភាព ចំពោះព្រះរាជាណាចក្រ កម្ពុជា ដែលសម្រេច បាន គោលដៅ សកលមេរោគអេដស៍ ៩៥–៩៥–៩៥ ក្លាយជា ប្រទេស ដំបូង គេនៅតំបន់ អាស៊ី និង ប៉ាស៊ីហ្វិក ដែលសម្រេចបាន សមិទ្ធផលជា ប្រវត្តិសាស្ត្រនេះ។ ការសម្រេចបាននូវសូចនាករ ៩៥-៩៥-៩៥ លើការងារអេដស៍មុនកាលកំណត់ឆ្នាំ២០៣០ នេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជាមោទនភាពដ៏ធំធេងបន្ថែមទៀតសម្រាប់វិស័យសុខាភិបាលសាធារណៈរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ការដែលកម្ពុជាអាចសម្រេចបាននូវ សូចនាករ ៩៥-៩៥-៩៥ ដ៏តឹងរ៉ឹងនេះ មុនកាលកំណត់ឆ្នាំ២០៣០ របស់អង្គការ UNAIDS គឺជាភស្តុតាងស្តែងចេញពីប្រសិទ្ធភាពខ្ពស់នៃការដឹកនាំ និងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ មោះមុត និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ភាពជោគជ័យនេះ បានបង្ហាញអំពីជំហានវឌ្ឍនភាពដ៏សំខាន់មួយរបស់កម្ពុជា ឈានឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ដែលជាបញ្ហាគំរាមគំហែងចំពោះសុខភាពសាធារណៈនៅឆ្នាំ២០៣០ ដោយតាមរយៈកិច្ចប្រឹងប្រែងរួមជាងពេលបីទសវត្សរ៍នៃភាពជាដៃគូរវាងរាជរដ្ឋាភិបាល សហគមន៍ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងបណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងអ្នករងផលប៉ះពាល់ដោយសារមេរោគអេដស៍។
ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានបញ្ជាក់ឡើងវិញ ប្រទេសកម្ពុជាបានទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ចាប់តាំងពីការរកឃើញករណីរាតត្បាតដំបូងក្នុងឆ្នាំ១៩៩១។ ជាក់ស្តែង នៅក្នុងឆ្នាំ២០០២ ជនរងគ្រោះដែលផ្ទុកមេរោគអេដស៍ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៥៧.៥០០នាក់ ក្នុងនោះមានករណីឆ្លងថ្មីប្រមាណ ១៩.០០០នាក់ និងករណីស្លាប់មានរហូតដល់ប្រមាណ ១៨.០០០នាក់ និងអត្រា ប្រេវ៉ាឡង់នៃជំងឺនេះមានប្រមាណ ២,៦% (នៅឆ្នាំ១៩៩៧ អត្រាប្រេវ៉ាឡង់ ឡើងខ្ពស់ដល់ ៣% ដែលជាអត្រាប្រេវ៉ាឡង់ខ្ពស់បំផុត)។
ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងមរតកនយោបាយដ៏ថ្លៃថ្លានិងប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាត្រូវបានទទួលស្គាល់ជាសកលថាជាប្រទេសគំរូ និងជោគជ័យ ឈានមុខគេមួយក្នុងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍។ ជាសមិទ្ធផល បើគិតត្រឹមឆ្នាំ២០២៣ ចំនួនអ្នកផ្ទុកមេរោគអេដស៍បានធ្លាក់ចុះមកនៅត្រឹមប្រមាណ ៧៦.០០០នាក់ ករណីឆ្លងថ្មីមានប្រមាណ ១,២០០នាក់ និងករណីស្លាប់បានថយចុះមកត្រឹមប្រមាណ ១.១០០នាក់ ខណៈដែលអត្រាប្រេវ៉ាឡង់នៃជំងឺនេះ បានធ្លាក់ចុះយ៉ាងគំហុកមកនៅត្រឹមប្រមាណ០,៥%។ ជាមួយគ្នានេះដែរ កម្ពុជា សម្រេចបាននូវសូចនាករ ៨៩–៩៨–៩៨នៃគោលដៅ ៩៥-៩៥-៩៥ របស់កម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិស្តីពីអេដស៍(UNAIDS)។
ដើម្បីបន្តនិរន្តរភាពនៃសមិទ្ធផលនេះ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ «គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធី អេដស៍ សម្រាប់ឆ្នាំ២០២៣–២០២៨»ដោយកំណត់កម្មវត្ថុយុទ្ធសាស្ត្រចំនួនបីរួមមាន៖ ១) កាត់បន្ថយការឆ្លងថ្មីនៃមេរោគអេដស៍ឱ្យបានតិចជាង ១នាក់/ថ្ងៃ (ឬក្នុងរង្វង់ជាង ២០០នាក់/ឆ្នាំ) ២) កាត់បន្ថយការស្លាប់ដោយសារជំងឺអេដស៍ឱ្យតិចជាង ២០០នាក់/ឆ្នាំ និង ៣) លុបបំបាត់ការរើសអើង និងការមាក់ងាយចំពោះអ្នកផ្ទុកមេរោគអេដស៍។ ក្នុងន័យនេះ កម្មវិធីបង្ការ និងថែទាំព្យាបាល នៅតែជាអាទិភាពចម្បងក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។
ជាលទ្ធផលដ៏ត្រចះត្រចង់ នៅក្នុងឆ្នាំ២០២៥ កម្ពុជាបានសម្រេចជោគជ័យយ៉ាងធំធេងលើគោលដៅសកល ៩៥-៩៥-៩៥ (ពោលគឺ៖ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពរបស់ខ្លួន, ៩៥% នៃអ្នកដឹងពីស្ថានភាពបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩៥% នៃអ្នកទទួលបានការព្យាបាលមានបន្ទុកមេរោគធ្លាក់ចុះដល់កម្រិតទាបបំផុត) អ្នកផ្ទុកមេរោគអេដស៍មានចំនួនប្រមាណ ៧៥.៩៨៧នាក់ ករណីឆ្លងថ្មីមានប្រមាណ ៩៥៨នាក់ និងករណីស្លាប់មានប្រមាណ ៩៧៤នាក់ ខណៈអត្រាប្រេវ៉ាឡង់រក្សាបានក្នុងកម្រិតទាបប្រមាណ ០.៥%៕
អត្ថបទ រដ្ឋា








-
កីឡា4 days agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់
-
ព័ត៌មាន3 days agoប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
-
ព័ត៌មាន1 week agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
ព័ត៌មាន6 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ
-
ព័ត៌មាន3 days agoផ្លូវថ្មើជើងចតុមុខក្លាយជាគោលដៅរៀបចំព្រឹតិ្តការណ៍ផ្សព្វផ្សាយផលិតផល ទេសចរណ៍ វប្បធម៌ជាតិ អន្តរជាតិ