ព័ត៌មាន
អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់
ក្នុងជំនួបទ្វេភាគី នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ ម៉ាឡេក រ៉ាហ្សាក់ ប៊ីន សូឡាយម៉ាន់ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាតំបន់អាស៊ាន។

ឯកឧត្តម វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដោយចាត់ទុកថា ជាការបន្តពង្រឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ពទាំងពីរ ស្របពេលឆ្នាំ២០២៦ ជាខួបលើកទី៦៩ នៃទំនាក់ទំនងការទូតកម្ពុជា-ម៉ាឡេស៊ី។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ី ក្នុងការរួមចំណែករក្សាសន្តិភាពនៅកម្ពុជា កាលពីឆ្នាំ១៩៩៣ ក្រោមបេសកកម្មអ៊ុនតាក់ និងតួនាទីសម្របសម្រួលជម្លោះតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ រួមទាំងការផ្តួចផ្តើមបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
អគ្គមេបញ្ជាការកងទ័ពកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដោយមិនទទួលយកការប្រើកម្លាំងដើម្បីកែប្រែព្រំដែនឡើយ។
ក្នុងជំនួបនេះ ភាគីកម្ពុជាក៏បានស្នើឱ្យភាគីម៉ាឡេស៊ី បន្តពន្លឿនការចុះអនុស្សរណៈយោគយល់លើវិស័យការពារជាតិ ពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពគ្រប់ប្រភេទ បង្កើនការបណ្តុះបណ្តាល ការធ្វើលំហាត់ហ្វឹកហ្វឺនរួម ការចែករំលែកព័ត៌មាន និងសហការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
ជាការឆ្លើយតប ឯកឧត្តម តាន់ ម៉ាឡេក រ៉ាហ្សាក់ ប៊ីន សូឡាយម៉ាន់ បានអរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកម្ពុជា និងបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកងទ័ពប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានកោតសរសើរកងទ័ពកម្ពុជា ដែលបានបង្ហាញភាពអត់ធ្មត់ខ្ពស់ មិនផ្ទុះអាវុធ បើទោះស្ថានភាពតាមព្រំដែននៅមានភាពរសើបក៏ដោយ។
ភាគីម៉ាឡេស៊ី បានបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ តាមរយៈការសន្ទនា ក្រោមយន្តការ GBC ឬ JBC និងឈរលើគោលការណ៍មជ្ឈភាពអាស៊ាន ដោយអះអាងថា ការប្រើកម្លាំងមិនមែនជាជម្រើសនៃការដោះស្រាយបញ្ហានោះទេ។
ជាមួយគ្នានេះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានប្រកាសគាំទ្រសំណើររបស់ភាគីកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងបញ្ជាក់ថា ម៉ាឡេស៊ីនឹងបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងរួមចំណែករក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ និងក្នុងតំបន់អាស៊ានទាំងមូល៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣