ព័ត៌មាន
ក្រុមប្រឹក្សារាជធានីភ្នំពេញកោតសរសើររដ្ឋបាលរាជធានីដែលបំពេញការងារនិងផ្ដល់សេវាជូនពលរដ្ឋបានល្អ
ភ្នំពេញ ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានបំពេញការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការទុកដាក់ប្រមូលសំរាម ការស្តារលូ ប្រឡាយ និងការផ្តល់សេវាជូនប្រជាពលរដ្ឋតាមរយៈច្រកចេញចូលតែមួយរាជធានីភ្នំពេញ ក្នុងមួយខែកន្លងមកនេះ។
ការកោតសរសើរនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីតំណាង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ជួប ខុន បានលើកឡើថា រដ្ឋបាលរាជធានីភ្នំពេញក្នុងខែមិថុនាកន្លងមកនេះបានអនុវត្តការងារបានយ៉ាងល្អ ដូចជាការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសង ការទុកដាក់ប្រមូលសំរាម ការស្តារលូ ប្រឡាយ និងពិសេសការផ្តល់សេវាជូនប្រជាពលរដ្ឋ តាមរយៈច្រកចេញចូលតែមួយរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ។ នេះពិតជាបង្ហាញឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលរាជធានីភ្នំពេញ។
លោក ឆាយ វីរៈ បានលើកឡើងថា ការកោតសរសើររបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ គឺការលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញពុះពារបន្ថែមទៀត ដើម្បីធ្វើឱ្យរាជធានីភ្នំពេញមានសន្តិសុខ សុវត្ថិភាព កាន់តែល្អប្រសើរជាមួយ និងការអភិវឌ្ឍរីកចំរើនមួយកម្រិតបន្ថែមទៀត។ លោក ឆាយ វីរៈ បន្តថា ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយអភិបាលរងមួយរូប បានចុះពិនិត្យទីតាំងសង្ស័យ មិនថាពេលយប់ឬថ្ងៃឡើយ គឺដើម្បីឈានទៅលុបបំបាត់បទល្មើសទាំងនេះឱ្យអស់ពីមូលដ្ឋានរាជធានីភ្នំពេញ។ ចំពោះការផ្តល់សេវាជូនប្រជាពលរដ្ឋ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការផ្តល់សេវាឱ្យបានលឿន និងទាន់ពេល។
លោក ឆាយ វីរៈ បន្តទៀតថា ចំពោះការងារគ្រប់គ្រងសំណល់រឹង គឺបានដឹកសំរាមទៅទីលានចាក់សំរាមនៅខណ្ឌដង្កោប្រមាណ ៤០០០តោនក្នុង១ថ្ងៃ ហើយចាប់ពីឆ្នាំ២០២៧តទៅ នឹងបង្វែលការចាក់សំរាមទៅនៅទួលព្រិច ខេត្តកណ្តាលវិញ។ ដោយឡែកចំពោះការស្តារលូ ប្រឡាយវិញ ឯកឧត្តម ឃួង ស្រេង ជារៀងរាល់ឆ្នាំនៅមុនរដូវវស្សាមកដល់ គឺបានបញ្ជាឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ស្តារលូ និងប្រឡាយនៅក្នុងមូលដ្ឋានរបស់ខ្លួនក្នុង៥ខណ្ឌកណ្តាលក្រុង ស្តារលូ និង៩ខណ្ឌទៀតស្តារប្រឡាយ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ៕









-
កីឡា7 days agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់
-
ព័ត៌មាន5 days agoប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
-
ព័ត៌មាន1 day agoឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
កីឡា6 days agoក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូលB នៃវគ្គជម្រុះបឋមពានបាល់ទាត់នារីទ្វីបអាស៊ី ឆ្នាំ២០២៦/២៧
-
ព័ត៌មាន2 days agoឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ