Connect with us

ព័ត៌មាន

សកម្មភាពមីន បេសកកម្មមនុស្សធម៌ការពារជីវិត និងប្រែក្លាយដីឱ្យមានសុវត្ថិភាពសម្រាប់ការអភិវឌ្ឍ

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា សកម្មភាពមីន គឺជាបេសកកម្មមនុស្សធម៌ដ៏សំខាន់ក្នុងការការពារជីវិត និងប្រែក្លាយដីឱ្យមានសុវត្ថិភាពសម្រាប់ការអភិវឌ្ឍ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងសម្រាប់សកម្មភាពមីន» នៅស្រុករមាសហែក ខេត្តស្វាយរៀង ថ្ងៃទី៨ ខែកក្កដាឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ហើយសកម្មភាពមីន គឺជាបេសកកម្មមនុស្សធម៌ដ៏សំខាន់ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ និងប្រែក្លាយដីដែលរងផលប៉ះពាល់ដោយសង្គ្រាម ឱ្យក្លាយជាដីមានសុវត្ថិភាពសម្រាប់ការរស់នៅ និងការអភិវឌ្ឍ។

ឯកឧត្តមបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់អាទិភាពខ្ពស់ដល់ការកសាង និងថែរក្សាសន្តិភាព សន្តិសុខ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដោយប្តេជ្ញាធានាថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប នឹងរស់នៅដោយសុវត្ថិភាព និងគ្មានការភ័យខ្លាចពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ឯកឧត្តមបានបន្តថា គម្រោងនេះបានបោសសម្អាតផ្ទៃដីរងផលប៉ះពាល់ជាងបីលានម៉ែត្រការ៉េ ប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ដោយសុវត្ថិភាព បង្កបង្កើនផល និងការ​អភិវឌ្ឍ​ ព្រមទាំងរួមចំណែកការពារអាយុជីវិតប្រជាពលរដ្ឋ ​លើកកម្ពស់ការយល់ដឹងអំពីហានិភ័យគ្រាប់មីននិងកសាងបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់សហគមន៍។

ឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យសកម្មភាពមីនមនុស្សធម៌។

ឯកឧត្តមបានគូសបញ្ជាក់ថា ការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសចិន មិនត្រឹមតែជាសក្ខីភាពនៃចំណងមិត្ត ភាព​ដែកថែប​ និង​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការពង្រឹងសន្តិភាព ជំរុញការអភិវឌ្ឍ និងកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនឱ្យកាន់តែរឹងមាំ។

សូមបញ្ជាក់ថា នៅក្នុងពិធីបញ្ចប់គម្រោងបោសសម្អាតមីន ឯកឧត្តមទេសរដ្ឋមន្ត្រីលី ធុជ និងឯកអគ្គរាជទូតចិនរួមនិងអាជ្ញាធរខេត្តក៏បានកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់អគារមតេយ្យសាលា សហគមន៍ក្នុងឃុំអណ្ដូងត្របែកផងដែរ។

អត្ថបទ ៖ ភា សារិត

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia