ព័ត៌មាន
អតីតពលករជាង ៥ពាន់នាក់ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់សមត្ថភាពជាផ្លូវការពីរាជរដ្ឋាភិបាល
គិតចាប់ពីការដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ដោយឥតគិតថ្លៃ កាលពីចុងខែមេសា ឆ្នាំ២០២៦កន្លងទៅ ជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសអតីតពលករមកពីថៃ ដើម្បីផ្តល់ឱកាសខ្ពស់ក្នុងការស្វែងរកការងារ និងមានប្រាក់ខែសមរម្យជាដើម។ គិតមកដល់ពេលនេះ បេក្ខជនចំនួនប្រមាណជាង ៥ ៤០០នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងកាលពីល្ងាចថ្ងៃទី៩ ខែកក្កដាកន្លងទៅ តាមសារអេឡិចត្រូនិកដឹងថា កម្មវិធីការវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ដែលជួយដល់អតីតពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃ តាមរយៈការទទួលស្គាល់សមត្ថភាព និងបទពិសោធពីក្រៅប្រទេស ឱ្យទៅជាវិញ្ញាបនបត្រជាផ្លូវការ គិតមកដល់ពេលនេះ មានអ្នកដាក់ពាក្យដើម្បីចូលរួមប្រឡង មានប្រមាណជិត ៦ពាន់បេក្ខជន។
លោកអ្នកនាំពាក្យ បានបន្តទៀតថា ជាការកត់សម្គាល់បានមើលមើលឃើញថា បេក្ខជនមានភាពរីករាយខ្លាំងមែនទែន ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ផ្តល់វិញ្ញាបនបត្រទទួលស្គាល់ជំនាញពួកគាត់ ដែលធ្វើឱ្យពួកគាត់មានសមត្ថភាពខ្ពស់ ហើយឱ្យគេធ្វើបញ្ជាក់ពីសមត្ថភាព ដើម្បីឱ្យពួកគាត់ងាយស្រួលក្នុងការស្វែងរកការងារ ក៏ដូចជាបើកអាជីវកម្មផ្ទាល់ខ្លួនជាដើម។ លោកបានបន្ថែមថា ដោយឡែក វិស័យឯកជនទៀតសោតក៏រីករាយដែរ ពីព្រោះពេលដែលមានការបញ្ជាក់សញ្ញាប័ត្រពីរាជរដ្ឋាភិបាលជូនដល់ពលរដ្ឋដែលមានជំនាញវិស័យសំណង់ ធ្វើឱ្យពួកគាត់មានកម្មករដែលមានជំនាញច្បាស់លាស់ត្រឹមត្រូវ និងមានផលិតភាពខ្ពស់ដែលជាតម្រូវការរបស់ពួកគាត់ផងដែរ។
ពាក់ព័ន្ធកម្មវិធីខាងលើនេះ ក្រុមអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងបានមកធ្វើតេស្ត RPL បានឱ្យ ប៊ីធីវី ដឹងថា ពិតជាមានអារម្មណ៍រំភើបនិងសប្បាយចិត្តជាខ្លាំង ដោយសារធ្លាប់ធ្វើការងារក្នុងវិស័យសំណង់នេះជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនមានលិខិតបញ្ជាក់ជាផ្លូវការណាមួយទេ ពីអ្នកជំនាញ ឬពីក្រុមហ៊ុនជាដើមដើម្បីទទួលស្គាល់ជំនាញ។
ក្រុមអតីតពលករ បានសម្តែងការអរគុណជូនចំពោះរាជរដ្ឋាភិបាល ដែលបង្កើតកម្មវីធីដ៏ល្អនេះឡើង ដើម្បីឱ្យប្រជាពលរដ្ឋទូទៅ ជាពិសេសអតីតពលករខ្មែរដែលធ្លាប់មានបទពិសោធន៍ និងធ្វើការងារក្នុងវិស័យសំណង់ អាចមានអាទិភាពខ្ពស់ជាងមុន ក្នុងការស្វែងរកការងារសមរម្យ និងទទួលបានប្រាក់ចំណូលល្អប្រសើរ។
សូមបញ្ជាក់ថា កម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ក្នុងវិស័យសំណង់នេះ ផ្តោតលើមុខជំនាញសំខាន់ៗចំនួន៨ មានដូចជា៖ ការងារកំបោរ (រៀបឥដ្ឋនិងបូក), ការងារការ៉ូ, ការដំឡើងពុម្ព, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការងាររន្ទា, ការដំឡើងសរសៃដែក និងការផ្សារអគ្គិសនី៕ អត្ថបទ៖ ឈិត បូរ៉ាវី












-
កីឡា1 week agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន6 days agoប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
-
ព័ត៌មាន6 days agoផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់
-
ព័ត៌មាន2 days agoឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ
-
កីឡា1 week agoក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូលB នៃវគ្គជម្រុះបឋមពានបាល់ទាត់នារីទ្វីបអាស៊ី ឆ្នាំ២០២៦/២៧
-
ព័ត៌មាន1 week agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន3 days agoឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ