Connect with us

ព័ត៌មាន

អតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​រួមដំណើរដោយ លោក សឿង ចក់ និងក្រុមការងារពិសេស នាព្រឹកថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងទទួលស្វា​គមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​បង​ប្អូន​អតីតសកម្មជនរបស់គណបក្សភ្លើងទៀនសរុបចំនួន ១០២នាក់ ដែលបានស្ម័គ្រ​ចិត្ត​ចូល​រួម​រស់​ក្នុង​ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីជួបសំណេះសំណាល និង​ទទួល​ស្វាគមន៍​នេះ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តកណ្តាលក្រោមការចង្អុលបង្ហាញ និងយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការ​គណបក្ស​ប្រជាជ​ន​កម្ពុជា​ខេ​ត្ត​កណ្តាល​ផងដែ។

សកម្មជនទាំង១០២នាក់មកពីបណ្តាលឃុំនានាមានដូចជា៖ ឃុំស្វាយប្រទាល ឃុំត្រើយស្លា ឃុំខ្ពប ឃុំតាលន់ នៃស្រុកស្អាង និងឃុំកោះធំ(ក) នៃស្រុកកោះធំ ក្រោមបរិយាកាសដ៏ស្និទ្ធស្នាល និង​រីករាយជាគ្រួសារខ្មែរតែមួយ។

នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោក រស់ ចំណាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តី​នឹករលឹក និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងជាអភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កណ្តាល ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និង​ជីវភាព​រស់​នៅ​របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោក រស់ ចំណាន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​របស់បងប្អូនអតីតសកម្មជនទាំងអស់ ដែលបានមើលឃើញច្បាស់ពីតថភាពសង្គម នូវ​ការ​អភិវឌ្ឍ​ពិតប្រាកដ និងសុខសន្តិភាពពេញលេញ ក្រោមការដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ​លោកបានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា គឺជាបក្សតែមួយគត់​ដែល​មានភា​ព​ចា​ស់​ទុំ​ខាង​នយោបាយ មានរចនាសម្ព័ន្ធរឹងមាំ និងតែងតែនៅ​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​ប្រជា​ពលរដ្ឋ​គ្រប់​កាលៈ​ទេសៈ​។ លោកក៏បានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់ និង​គាំ​ទ្រ​លើ​ការ​ដឹកនាំរបស់សម្តេចតេជោ និងសម្តេចបវរធិបតី កុំជឿលើការញុះញង់ របស់ក្រុម​ជ្រុល​និយម​មួយ​ចំ​នួនដែលតែងតែលាបពណ៌មកលើថ្នាក់ដឹកនាំជារឿយៗ។

តំណាងអតីតសកម្មជនដែលទើបចូលរួមជីវភាពនយោបាយថ្មី ក៏បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ថា​នឹង​ស្មោះត្រង់ ការពារតម្លៃសន្តិភាព និងរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជារៀងរហូត។

បន្ទាប់ពីបញ្ចប់ពិធីទទួលស្វាគមន៍ លោក រស់ ចំណាន និងក្រុមការងារ ក៏បាន​បន្ត​ដំណើរ​ចុះ​សួរ​សុខទុ​ក្ខដោយផ្ទាល់ និងនាំយកអំណោយសប្បុរសធម៌ទៅ​ចែកជូនដល់គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងចាស់ជរាគ្មានទីពឹង នៅក្នុង​ស្រុក​ស្អាង ​ចំនួន ៤គ្រួសាររួមមាន៖

– គ្រួសារទី១៖ អ្នកមីង ម៉ៅ ប៉ន រស់នៅភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។

– គ្រួសារទី២៖ លោក លាប សំណាង រស់នៅភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។

– គ្រួសារទី៣៖ លោកយាយ សោម វ៉ាត រស់នៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

– គ្រួសារទី៤៖ លោកអ៊ំប្រុស ឆយ ឈុំ រស់នៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។

អំណោយដែលបានចែកជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ, ត្រីខ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ ភួយ ព្រម​ទាំងថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូន។

ជាទីបញ្ចប់ បងប្អូនប្រជាពលរដ្ឋខ្វះខាត និងសមាជិកថ្មីទាំងអស់ បាន​សម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត និងបានបួងសួងជូនពរដល់សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម គួច ចំរើន ព្រមទាំងក្រុមការងារ សូមឲ្យមានសុខភាពល្អបរិបូរណ៍ ដើម្បី​បន្ត​ដឹកនាំ​នាវាកម្ពុជាឆ្ពោះទៅរកភាពរុងរឿងជារៀងរហូតតទៅ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia